ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុប ១៤៦ គម្រោង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តឲ្យសាងសង់នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ប្រភពដដែលបានឲ្យដឹងថា សម្រាប់គម្រោងវិនិយោគខាងលើ គឺមានទុនវិនិយោគសរុបប្រមាណ ២.៥ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៨២ ពាន់កន្លែងផងដែរ។ ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៦ នេះមាន គម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០គម្រោង និងក្នុង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជានៅតែអាចទាក់ទាញគម្រោងវិនិយោគធំៗ ដូចជាគម្រោង បង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ គម្រោងវិនិយោគបង្កើតរោងចក្រផ្គុដំឡើងរថយន្ត, ផ្គុំដំឡើងម៉ូតូ, និងផលិតសំបកកង់រថយន្តជាដើម។ ហើយវត្ដមាននៃគម្រោងវិនិយោគទាំងនេះ នឹងជួយផ្សព្វផ្សាយពី ភាពល្អប្រសើរនៃបរិស្ថានវិនិយោគនៅកម្ពុជា ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការជាបន្ត បន្ទាប់ដើម្បីឆ្លើយតបនឹងបញ្ហាវិបត្តិសកលដែលបានជះឥទ្ធិពលមកលើកម្ពុជា សំដៅថែទាំវិនិយោគដែលមាន ស្រាប់ និងជំរុញទាក់ទាញវិនិយោគថ្មី ពិសេសលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា៕



