គម្រោងសាងសង់ផ្លូវជាតិលេខ ១០ ដែលឆ្លងកាត់ខេត្ដសំខាន់ៗចំនួន ៣ រួមមាន៖ ខេត្ដបាត់ដំបង ខេត្ដពោធិ៍សាត់ និងខេត្ដកោះកុង នៅពេលនេះបានបញ្ចប់សាងសង់រួចរាល់ និងបានរៀបធំពិធីប្រគល់-ទទួលផងដែរ។
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូ ពិធីប្រគល់-ទទួលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCIeng & KECC Joint Venture និងក្រុមហ៊ុនសាងសង់សម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ចុះពិនិត្យគុណភាព និងបច្ចេកទេសលើការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិខាងលើ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ ដែលបានសម្រេចការងារសាងសង់នេះ ទោះបីជាស្ថានភាពភូមិសាស្ត្រពិបាកក្នុងការសាងសង់ក៏ដោយ និងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ កុំដឹកលើកទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលនាំឱ្យខូចខាតដល់ផ្លូវថ្នល់ ដែលជាសមិទ្ធផលរបស់ប្រទេសជាតិយើង។
សូមរំលឹកផងដែរថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ ត្រូវបានសាងសង់ជាប្រភេទស្រទាប់កៅស៊ូ AC បានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ផ្លូវនេះ ត្រូវបានស្ថាបនាជាបួនគន្លង ចំនួន៥ ទីតាំង ប្រវែង ៣០គីឡូម៉ែត្រ និងពីរកន្លង ប្រវែង១១៨ គីឡូម៉ែត្រ។ តាមផែនការគម្រោង គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃកូវីដ-១៩ និងកត្តាភូមិសាស្ត្រតំបន់ភ្នំ ធ្វើឱ្យគម្រោងនេះពន្យារពេលសាងសង់ជាង១ឆ្នាំ ពោលគឺបញ្ចប់ការសាងសង់នៅ ខែឧសភា ឆ្នាំ២០២៥ វិញ។
សូមជម្រាបជូនថា គម្រោងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕