បណ្ណអនុញ្ញាតបើកបរអន្តរជាតិ គឺជាបណ្ណដែលអ្នកកាន់បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ត្រូវភ្ជាប់មកជាមួយបណ្ណបើកបរជាតិហើយអាចអាចប្រើប្រាស់បើកបរបានក្នុងបណ្តាប្រទេសហត្ថលេខីលើអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ៩៩ប្រទេស។ បន្ថែមថ្មីចំនួន ៤ប្រទេស មានសរុបចំនួន ១០៣ប្រទេស។
ជាមួយគ្នានេះដែរ សម្រាប់សុពលភាពបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ១០៣ ប្រទេសនេះគឺមានសុពលភាពបានត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ ។ តាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូនថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ស្នើសុំ បណ្ណអនុញ្ញាតបើកបរអន្ដរជាតិ គឺអាចធ្វើបាន ដោយគ្រាន់តែបំពេញបែបបទ និងឯកសារមួយចំនួន ព្រមទាំងកម្រៃសេវាខ្លះជាការស្រេច។
សម្រាប់ឯកសារដែលតម្រូវឲ្យអ្នកដែលចង់ប្ដូរ ភ្ជាប់មកជាមួយមានដូចជា ៖
- បណ្ណបើកបរជាតិ ច្បាប់ដើម ដែលចេញពីព្រះរាជាណាចក្រកម្ពុជាមានសុពលភាពយ៉ាងតិច ១ ឆ្នាំ,
- អត្តសញ្ជាណបណ្ណសញ្ញាតិខ្មែរ ច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរ មានសមត្ថកិច្ច (សម្រាប់ពលរដ្ឋខ្មែរ)
- លិខិតឆ្លងដែន និងទិដ្ឋការ មានសុពលភាព មិនតិចជាង ១៥ ថ្ងៃ (សម្រាប់ជនបរទេស)
- លិខិតបញ្ជាក់ទីលំនៅ ដែលចេញដោយមេឃុំ-ចៅសង្កាត់ សម្រាប់ជនបរទេស
- និងចុងក្រោយ គឺរូបថតទំហំ ៤.៥ × ៤.៥ ផ្ទៃពណ៌ស ចំនួន ៤ សន្លឹក
ហើយសម្រាប់ថ្លៃសេវាវិញ គឺត្រូវគិតជូន ២៥០ ០០០ រៀល។ក្នុងនោះដែរ យោងតាមប្រកាសស្ដីពី និតិវិធីនៃការចេញបណ្ណបើកបរអន្ដរជាតិ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រការ ២ និង ៣ បានបញ្ជាក់ដែរថា ប្រកាសនេះគឺមិនអនុវត្តចំពោះបណ្ណបើកបរយានយន្ដដែលចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិនោះទេ និងអនុញ្ញាតធ្វើបានសម្រាប់តែប្រទេសហត្ថលេខីស្ដីពីអនុសញ្ញាចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ែន តាមទម្រង់ឯកភាពរួមតែមួយ ហើយបណ្ណដែលត្រូវបានអនុញ្ញាតបើកបរអន្ដរជាតិ នឹងត្រូវបានភ្ជាប់ជាមួយនឹងពាក្យ “IDP” ឬ “International Driving Permit” ៕