ក្រុមហ៊ុន Cambodia Airports បានបង្ហាញគោលបំណងនៃការអភិវឌ្ឍន៍ព្រលាយន្ដហោះខេត្ដព្រះសីហនុ ឲ្យក្លាយទៅជាព្រលានយន្ដហោះអន្ដរជាតិ ដែលមានក្ខណៈទំនើបស៊ីវិល័យ។ គោលបំណងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports ជាមួយឯកឧត្ដម គួច ចំរើន អភិបាលខេត្ដព្រះសីហនុកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
ក្នុងជំនួបខាងលើលោក Cyril Girot បានបញ្ជាក់ថា ក្រុមហ៊ុនទទួលបានសេចក្តីប្រកាសអន្តរក្រសួង ស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ហើយក្រុមហ៊ុននៅរង់ចាំសហការ ដើម្បីធ្វើការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដោយសារខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន ជាទស្សនវិស័យនៃទីក្រុងឆ្លាតវៃនាពេលខាងមុខ ដែលជាចលនាលំហូភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុ ជាពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគចិន។ ឆ្នាំនេះដោយមានការកិច្ចសហការគាំទ្រពីឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងការចូលរួមសហការដោះស្រាយបញ្ហាប្រព័ន្ធរំដោះទឹកនៅជុំវិញអាកាសយានដ្ឋានកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណក្រុមហ៊ុន Cambodia Airports ដែលបានអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃសក្តានុពលរបស់ខេត្ត។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានឆ្នេរ កោះ កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក និងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលបានដាក់ឱ្យដំណើការសាកល្បងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ថ្មីៗនេះ រយៈពេលមួយខែ ដោយមិនគិតប្រាក់។
ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់ថា រដ្ឋបាលខេត្តត្រូវការព័ត៌មានជាក់លាក់ នៃកាអភិវឌ្ឍរបស់ក្រុមហ៊ុន Cambodia Airports ដើម្បីដាក់បញ្ចូលក្នុងផែនការមេ ហើយយើងក៏ត្រូវការគាំទ្រគ្នាទៅវិញទៅមកផងដែរ។ តាមរយៈផែនការមេរបស់ខេត្តព្រះសីហនុ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម តំបន់ស្នាក់នៅប្រកបដោយចិរភាព ជំរុញទីផ្សារហិរញ្ញវត្ថុ ហើយយើងក៏មានគោលដៅវែងឆ្ងាយរង់ចាំដៃគូវិនិយោគ។ ខេត្តព្រះសីហនុជាផ្នែកមួយនៃរាជធានីភ្នំពេញ ដែលមានក្រុមហ៊ុន សហគ្រាសជាសាខា ទន្ទឹមនោះយើងចង់បង្កើតទីនេះ ជាមូលដ្ឋានសេដ្ឋកិច្ច ដែលមានក្រុមហ៊ុនឈរជើង ស្នាក់នៅប្រកបរបរនៅទីនេះ៕
អត្ថបទ៖ កឹម ប៊ុនធឿន