វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថា សាលាតិចណូ នាពេលថ្មីៗនេះបានប្រកាសពីការបើកដំណើរការសាខាថ្មី របស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងខេត្ដកែប។ ខណៈការប្រកាសនេះត្រូវបានឡើងនៅក្នុងជំនួបសម្ដែងការគួរសមរវាងឯកឧត្ដម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ដកែប ជាមួយ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
នៅក្នុងជំនួបខាងលើ ឯកឧត្តមនាយកវិទ្យាស្ថាន បានជម្រាបជូនអង្គប្រជុំ អំពីការគាំទ្រ និងការផ្តល់ទំនុកចិត្តរបស់ក្រសួងអប់រំ ដែលបានផ្តល់ឪកាសដល់ វិទ្យាស្ថានបច្ចេកទេសកម្ពុជា ក្នុងការបង្កើតសាខាថ្មីដោយទទួលបានការប្រសិទ្ធនាមថា “វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូង” លើទីតាំងដែលមានរចនាសម្ព័ន្ធជាអគារសិក្សា អគាររដ្ឋបាល អន្តេវាសិកដ្ឋាន និងកន្លែងលេងកីឡាស្រាប់ ដែលស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប។
ទន្ទឹមគ្នានោះឯកឧត្តមនាយក ក៏បានជម្រាបរាយការណ៍អំពីការរៀបចំបើកដំណើរការកម្មវិធីក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នៅសាខាថ្មីនេះ ដោយផ្តោតជាដំបូង លើការធានាគុណភាពនៃបណ្តុះបណ្តាលថ្នាក់វិស្វករ និង ថ្នាក់បរិញ្ញបត្ររងលើជំនាញមួយចំនួនរួមមាន អគ្គិសនី សំណង់ គីមីចំណីអាហារ និងអេឡិចត្រូនិច។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកំពត បានថ្លែងស្វាគមន៍ និងត្រេកអរចំពោះវត្តមាននៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលជាគ្រឹះស្ថានឧត្តមសិក្សាល្បីល្បាញ មានបទពិសោធន៍បណ្តុះបណ្តាលល្អ នៅក្នុងភូមិសាស្ត្រខេត្តកែប ដែលនឹងក្លាយជាជំនួយបន្ថែមទៀតសម្រាប់ខេត្ត លើការអភិវឌ្ឍការអប់រំ និងសេដ្ឋកិច្ច៕