វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគ្រប់គ្នាតែងនិយមហៅថា សាលាតិចណូ ពេលនេះបានបើកការដ្ឋានជាផ្លូវការហើយ។ ជាក់ស្ដែង កាលពីថ្ងៃទី៧ ខែកុម្ភៈ សាលាបានរៀបចំ ពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អាគារអគារស្រាវជ្រាវនិងបណ្តុះបណ្តាលមួយខ្នង ដែលមានកម្ពស់៦ជាន់ មាន ៦៥បន្ទប់ ដែលត្រូវចំណាយពេលសាងសង់ជាង១៨ខែ និងរំពឹងថាអាចនឹងបញ្ចប់សព្វគ្រប់នៅខែឧសភាឆ្នាំ២០២៥។
តាមការបញ្ជាក់ អគារថ្មីនេះ ត្រូវបានរចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd ជាមួយនឹងថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៃធនាគារពិភពលោក (WB)។ នេះគឺជា ទីតាំងទី២របស់សាលាតិចណូ ដែលមានអគារអន្តេវាសិកដ្ឋាន អគារសិក្សា និងស្រាវជ្រាវ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀតដូចជារបង សួន កន្លែងលែងកីឡា ចំណតឡានម៉ូតូ ផ្លូវ ស្រះទឹក អគ្គីសនី។ល។
កម្មវិធីខាងលើនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង គណៈគ្រប់គ្រង មន្រ្តី សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ សរុបរួមប្រមាណ២០០នាក់។
គួររំឮកផងដែរថា សម្រាប់សាខាថ្មីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបានបង្ហើបឲ្យដឹងតាំងពីឆ្នាំ២០២៣មកម៉្លេះ។ វិទ្យាស្ថាននេះ គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលនិស្សិតផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម ដែលត្រូវបានបង្កើតឡើងកាលពីអំឡុងឆ្នាំ១៩៦៤ ខណៈទីតាំងសាលាចាស់បច្ចុប្បន្នសគឺស្ថិតនៅបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្សី ខណ្ឌទួលគោក រាជធានីភ្នំពេញ៕