អស់លុយ តែមិនបានផ្ទះ! នេះជាកំហុសធំៗ ៤ ធ្វើឱ្យអ្នកបង់រំល.ស់ផ្ទះមួយចំនួន ហ៊ានរត់ចោលផ្ទះ ព្រោះអស់លទ្ធភាពបង់
Kan DaraDECEMBER 5 202536 views

មនុស្សភាគច្រើនសុទ្ធតែមានក្ដីស្រមៃចង់បានផ្ទះសមល្មមមួយ សម្រាប់ធ្វើជាទ្រនំរស់នៅជួបជុំគ្រួសារ។ ហេតុនេះហើយទើបមានអ្នកខ្លះសុខចិត្តប្រើប្រាស់សេវាបង់រំលស់ ដើម្បីសម្រេចនូវក្ដីស្រមៃមួយនេះឱ្យបានកាន់តែឆាប់រហ័ស។ ប៉ុន្តែកំហុសធំៗ ៤ ខាងក្រោមនេះ ធ្វើឲ្យអ្នកបង់រំលស់ផ្ទះមួយចំនួន ហ៊ានរត់ចោលផ្ទះ ព្រោះអស់លទ្ធភាពបង់៖

 

១/. ចូលចិត្តគិតអីងាយៗ៖​ មានលុយតិចតែចង់ឆាប់បានផ្ទះនៅ គ្រាន់តែគេនិយាយថាមានលក្ខខណ្ឌងាយបង់ ក៏រត់ទៅបង់ភ្លាម រកឯណាបានកាន់លុយ ២ពាន់ដុល្លារ អាចរស់នៅផ្ទះតម្លៃរាប់ម៉ឺន? ងាយណាស់ត្រូវទេ? ពិតមែនហើយងាយចូលនៅក៏ងាយជាប់អន្ទាក់ដែរ។ ពិនិត្យមើលតារាងបង់ប្រាក់ គេថារំលស់គ្មានការប្រាក់ ប៉ុន្តែជាក់ស្ដែងគេគុណតម្លៃយកចំណេញរួចអស់ហើយ អ៊ីចឹងមានន័យថារំលស់អត់ការប្រាក់តែរំលស់រាប់ឆ្នាំ។

 

២/. មិនសិក្សាពីកម្ចីទិញផ្ទះ៖ មនុស្សមួយចំនួនទិញផ្ទះ មានលុយមិនគ្រប់តែ មិនគិតសិក្សាពីកម្ចីទិញផ្ទះជាមួយនឹងធនាគារទេ។ ផ្ទុយទៅវិញបែរជា រំពឹងចង់បង់រំលស់ផ្ទាល់ជាមួយនឹងម្ចាស់ផ្ទះ ទាំងមិនដឹងទេថាវាមានការប្រាក់ខុសគ្នាដាច់ពីប្រព័ន្ធធនាគារ។

 

តាមពិតទៅក៏មានបុរីមួយចំនួនបានសហការជាមួយនឹងធនាគារដៃគូ ហើយគេសិក្សាពីប្រភពចំណូលយើងច្បាស់លាស់មុននឹងសម្រេចចិត្តឱ្យរំលស់ផ្ទះ ដើម្បីសុវត្ថិភាព។ ប៉ុន្តែក៏មានអ្នកខ្លះមិនចូលចិត្តអ្វីស្មុគស្មាញ សុខចិត្តរត់ទៅរកកន្លែងណាដែលមានលក្ខខណ្ឌងាយៗវិញ ចុងក្រោយមានអីអាសន្នជាន់កតែម្ដង។

 

/. មិនចេះប្រមាណសមត្ថភាពខ្លួនឯង៖ មានករណីខ្លះទៀតពុំបានចាញ់បោកនរណាឡើយ គឺចាញ់បោកខ្លួនឯងតែម្ដង។ ដោយសម្រេចចិត្តបង់រំលស់ផ្ទះ ទាំងចំណូលប្រផិតប្រផើយ ព្រោះតែជឿពាក្យមួយឃ្លាថា «បើមិនឆ្លៀតរំលស់ពេលនេះ តើពេលណាបានផ្ទះនៅនឹងគេមែនហើយពាក្យនេះមិនខុសទេ តែក៏មិនត្រូវទាំងស្រុងដែរ។ ឱ្យត្រូវយ៉ាងម៉េចបើគ្រាន់តែបង់រំលស់ផ្ទះភ្លាម បន្ទុកកើនភ្លាម លុយរកមកចាយមិនគ្រប់ ត្រូវខំប្រមូលដើម្បីបង់ប្រចាំខែឱ្យគ្រាន់ ពេលខ្លះមានអាសន្នត្រូវខ្ចីបុលគេមកបង់ឱ្យគេទៀត។ ចុះបើសិនជាករណីបាត់បង់ចំណូល ឬចំណូលប្រចាំខែធ្លាក់ចុះ សុខៗកន្លែងការងារគេកាត់ប្រាក់ខែ តើបានលុយមកពីណាសងគេ?

 

៤/. ខ្វះព័ត៌មាន៖ នេះជាបញ្ហាគោលមួយដែលមនុស្សភាគច្រើនប្រឈមខ្លាំង អ្នកខ្លះអាចសម្រេចចិត្តខុសព្រោះតែខ្វះព័ត៌មាន។ អ្នកខ្លះទិញផ្ទះ សម្រេចចិត្តបង់រំលស់ ទាំងមិនធ្លាប់ដឹងទេថា នៅធនាគារគេមានទទួលប្រឹក្សាពីការបង់រំលស់ទាំងអស់ហ្នឹង។ ខ្លះទៀតឮតែគេថា មិនបានសិក្សាអ្វីជាក់លាក់សោះ ក៏សម្រេចចិត្តតាមគេ ចុងក្រោយ ចង់មិនចង់ក៏មានបញ្ហា។

 

សូមជម្រាបផងដែរថា បើទោះបីជាមានហេតុផលជាច្រើនដែលអាចនាំឱ្យកើតមានបញ្ហា ប៉ុន្តែហេតុផលដ៏ធំបំផុតមួយគឺការខ្វះព័ត៌មាន ដូច្នេះហើយមុនពេលអ្នកសម្រេចចិត្តទៅលើរឿងសំខាន់អ្វីមួយ ដូចជាការទិញ ឬរំលស់ផ្ទះ គួរណាតែធ្វើការសិក្សាស្វែងយល់ឱ្យបានច្រើន ប្រមូលព័ត៌មានឱ្យច្បាស់ ទើបមិនសូវមានហានិភ័យខ្លាំង៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia