ក្រោយពីហាមមិនឲ្យពលរដ្ឋទិញមាស ឥឡូវឥណ្ឌាលក់មាសចេញក្នុងតម្លៃ១២ពាន់លាន$ក្រោមហេតុមួយនេះ
Toeuy HongJUNE 3 20262.2 K views

 កាលពីដើមខែឧសភាឆ្នាំ២០២៦នេះ រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនផ្អាកការទិញមាសក្រោមហេតុផលចម្បងមួយគឺដើម្បីការពារទុនបម្រុងអន្តរជាតិហើយក្នុងខែមិថុនាឆ្នាំ២០២៦ ធនាគារកណ្ដាលរបស់ឥណ្ឌាថានឹងធ្វើការលក់មាសជាទឹកប្រាក់សរុបចំនួន១២ពាន់លានដុល្លារ។

 

បើយោងតាមការចុះផ្សាយរបស់ Kitco ដែលជាវេបសាយវិភាគមាសបានឲ្យដឹងថាធនាគារកណ្ដាលរបស់ឥណ្ឌានឹងធ្វើការលក់ស្ដុកមាសរបស់ខ្លួនគិតជាទឹកប្រាក់ប្រមាណជា១២ពាន់លានដុល្លារក្នុងរយៈពេល២សប្ដាហ៍។

 

ចំពោះមូលហេតុចម្បងដែលធនាគារកណ្ដាលរបស់ឥណ្ឌាសម្រេចលក់មាសចេញច្រើនបែបនេះគឺក្នុងគោលបំណងដើម្បីសង្រ្គោះរូបិយបណ្ណរូពីរបស់ខ្លួនដែលកំពុងតែចុះខ្សោយ។ នៅប៉ុន្មានខែចុងក្រោយនេះលុយរូពីរបស់ឥណ្ឌាមានការធ្លាក់ចុះបើទោះបីជាកាលពីពេលថ្មីៗនេះរដ្ឋាភិបាលរបស់ឥណ្ឌាបានដាក់ពន្ធនាំចូលមាសមកកាន់ឥណ្ឌាក៏ដោយ។  

 

 ក្រៅពីនេះ មានហេតុផលផ្សេងទៀតដែលធ្វើឲ្យធនាគារកណ្ដាលឥណ្ឌាលក់មាសច្រើនបែបនេះហើយហេតុផលមួយទៀតនោះគឺដើម្បីការពារទុនបម្រុងអន្តរជាតិជារូបិយបណ្ណដូចជាប្រាក់ដុល្លារជាដើម។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសេដ្ឋកិច្ចសកលមិនច្បាស់លាស់ ធ្វើឲ្យអ្នកវិនិយោគជាច្រើនបានដកលុយចេញពីទីផ្សារឥណ្ឌា។ ត្រង់នេះការលក់មាសមួយផ្នែករបស់ធនាគារកណ្ដាលឥណ្ឌានឹងធ្វើឲ្យឥណ្ឌានឹងមានសាច់លុយដុល្លារកាន់តែច្រើនក្នុងការពារសេដ្ឋកិច្ចក៏ដូចជាប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។

 

 សូមបញ្ជាក់ផងដែរថាការលក់មាសរបស់ធនាគារកណ្ដាលឥណ្ឌា មិនមែនមានន័យថាទីផ្សារមាសនៅឥណ្ឌានឹងធ្លាក់ថ្លៃរយៈក្នុងពេលវែងនោះទេ ពោលគឺឥណ្ឌាធ្វើបែបនេះគឺដើម្បីជួយដល់រូបិយបណ្ណនិងសេដ្ឋកិច្ចរបស់ខ្លួន ហើយប្រទេសឥណ្ឌានៅតែស្ថិតជាប្រទេសដែលមានស្ដុកមាសច្រើនបំផុតមួយលើពិភពលោក៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia