នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Wall Street Journal ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមថា នឹងដំឡើងពន្ធគយសារជាថ្មីទៅលើប្រទេសថៃនិងកម្ពុជា ប្រសិនបើពួកគេមិនព្រមបញ្ឈប់សង្រ្គាមទេនោះ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្សី TASS ។
នៅក្នុងបទសម្ភាសន៍នេះដែរ លោក Donald Trump បានលើកឡើងបន្តទៀតថា “ខ្ញុំទើបតែបានគំរាមដំឡើងពន្ធគយ ១០នាទីមុន មុនពេលអ្នកមកដើម្បីដោះស្រាយសង្រ្គាមដែលផ្ទុះឡើងសារជាថ្មីរវាងប្រទេសកម្ពុជានិងថៃ”។ ខ្ញុំបានប្រាប់ពួកគេថា ប្រសិនបើអ្នកមានសង្គ្រាម មិនត្រឹមតែខ្ញុំនឹងបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមាននោះទេ ប៉ុន្តែខ្ញុំនឹងដាក់ពន្ធគយលើប្រទេសរបស់អ្នក លោកបានបន្ថែមថា គ្មាននរណាម្នាក់អាចធ្វើបែបនោះបានក្រៅពីខ្ញុំទេ។
ដោយឡែក កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Trump បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា ហើយមេដឹកនាំទាំងពីរបានយល់ព្រមបញ្ឈប់សង្រ្គាមនិងត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះ ការប្រយុទ្ធគ្នានៅតែបន្ត។

សូមរំលឹកផងដែរថា កាលពីខែតុលា នាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយដែលមានវត្តមានរបស់លោក Trump នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលបានបង្កើតជំហានបន្ថែមទៀតសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ភាគីទាំងពីរបាននិយាយថា ពួកគេប្តេជ្ញាចូលរួមចំណែកក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕


