អ្នកស្រី ប្រាក់ លឹមហ៊ាង ប្រាប់ឱ្យធ្វើរឿងធំ៤ ដើម្បីអាចបង្កើតចំណូ.លពីលើប្រាក់ខែ នៅឆ្នាំ២០២៤
SOKLY SODECEMBER 20 2023771 views

នៅសល់មិនប៉ុន្មានថ្ងៃទៀតនឹងឈានចូលដល់ ទំព័រថ្មីនៃឆ្នាំ២០២៤ ហើយ ប៉ុន្តែមិនមានអ្នកណាអាចធានាបានទេថា សេដ្ឋកិច្ចឆ្នាំថ្មីនឹងមានការធូរស្រាល ឬតានតឹងលើសឆ្នាំចាស់ៗកន្លងទៅ។ ហេតុនេះ មិនថាសេដ្ឋកិច្ចឡើងឬចុះទេ រឿងសំខាន់មួយដែលមនុស្សគ្រប់គ្នាត្រូវតែប្រុងខ្លួនយកចិត្តទុកដាក់ឱ្យបានខ្លាំងគឺការរកផ្លូវបង្កើនចំណូល។

 

ពាក់ព័ន្ធជាមួយនឹងរឿងដ៏សំខាន់នេះដែរ អ្នកជំនាញហិរញ្ញវត្ថុ និងជាគ្រូបង្គោលហិរញ្ញវត្ថុផ្ទាល់ខ្លួន អ្នកស្រី ប្រាក់ លឹមហ៊ាង បានចែករំលែកនូវគន្លឹះធំៗ៤ ដែលលោកអ្នកគួរធ្វើ ដើម្បីអាចបង្កើតចំណូលបន្ថែមពីលើប្រាក់ខែនៅក្នុងឆ្នាំ២០២៤៖

 

១. រកខ្លួនឯងឱ្យឃើញ៖ រកឱ្យឃើញថាខ្លួនឯងពូកែខាងអ្វី ចេះធ្វើអ្វីបានខ្លះ តើអ្វីដែលខ្លួនចេះទាំងអស់ហ្នឹង មានប៉ុន្មានមុខដែលអាចច្នៃជាឧបករណ៍ផលិតលុយបាន។ អ្នកស្រីពន្យល់ថា យើងត្រូវមើលទៅលើ ចំណេះដឹង ធនធាននានាដែលយើងមាន ពេលវេលាដែលយើងមាន តើអាចបង្កើតជាចំណូលបានដែរឬទេ?

 

២. ពង្រឹងជំនាញ៖ ពង្រឹង និងសម្រួចជំនាញដែលខ្លួនមានឱ្យកាន់តែមុតមាំ និងច្បាស់លាស់ ចេះអ្វីមួយ ចេះឱ្យប្រាកដ។ ដាច់ខាតត្រូវមានជំនាញគោលមួយ ដែលអាចប្រើការបាន អាចបង្រៀនគេបាន អាចផលិតចេញជាមេរៀនបាន បើសរសេរជាសៀវបានទៀតរឹតតែប្រសើរ។

 

៣. បើកហាងអនឡាញ៖ បណ្ដាញសង្គមជាទីតាំងមួយដែលអាចបង្កើតចំណូលបានគ្រប់រូបភាពទៅតាមគំនិតច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ។ អ្នកស្រីលឹមហ៊ាង លើកទឹកចិត្តថាគួរតែឆ្លៀតយកបណ្ដាញសង្គមធ្វើជាហាង ផុសលក់ផលិតផលដែលយើងស្គាល់ច្បាស់ មានគុណភាពល្អ និងមានតម្រូវការនៅលើទីផ្សារ។ គ្រាន់តែផុសលក់សិន មានទៅខានអី វាប្រសើរជាងគ្រាន់តែលេងធម្មតា។

 

៤. មនុស្សក្នុងផ្ទះត្រូវសកម្ម៖ សមាជិកគ្រួសារដែលមានលទ្ធភាព មានកម្លាំងគ្រប់គ្រាន់ គួរណាតែចេញធ្វើការប្រកបរបរដើម្បីជួយទាញចំណូលគ្នា។ កុំបណ្ដោយឱ្យមានរូបភាពអសកម្មមួយចំនួនដូចជា ប្រពន្ធធ្វើការរកចំណូលម្នាក់ឯងចិញ្ចឹមមនុស្សមួយផ្ទះ ទាំងដែលប្ដីមានលទ្ធភាព និងមានពេលវេលាគ្រប់គ្រាន់ធ្វើការរកចំណូលដែរតែមិនធ្វើ។ ឬក៏ប្ដីធ្វើការតែម្នាក់ឯងចិញ្ចឹមមនុស្សមួយផ្ទះ ទាំងដែលប្រពន្ធមានលទ្ធភាព និងមានពេលវេលាគ្រប់គ្រាន់ធ្វើការរកចំណូលដែរតែមិនធ្វើ។

 

ឧទាហរណ៍ថា មនុស្សតែម្នាក់រកចំណូលបាន ៥០០ដុល្លារ ចិញ្ចឹមគ្នាមួយផ្ទះ ចាយសឹងមិនគ្រាន់ជួនជំពាក់គេទៀត។ តែបើសមាជិកមានកម្លាំងគ្រប់គ្រាន់ជួយគ្នារក បានគ្នា៣នាក់ ចំណូល៣ច្រក បើបានសរុបតែ ១០០០ដុល្លារ ក៏អាចជួយគ្រួសារបាន មិនធ្វើឱ្យជាប់បំណុលវ័ណ្ឌក។

 

ជារួមមកវិញ មនុស្សគ្រប់រូបសុទ្ធតែអាចបង្កើនចំណូលបាន សំខាន់វាអាស្រ័យត្រង់ថា អ្នកមានការតាំងចិត្តឬទេ? ហ៊ានលះបង់ទម្លាប់ចាស់ ចាប់យកឱកាសអភិវឌ្ឍន៍ខ្លួនដែរឬទេ? បើហ៊ានធ្វើរឿងថ្មី សកម្មភាពថ្មី ដែលមានប្រយោជន៍ មិនយូរទេច្បាស់ជាចំណូលកើនមិនខានឡើយ៕

 

អត្ថបទដោយ៖ សូ សុខលី

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia