ទោះបីជា មុខរបរខ្លះ ជាមុខរបរបែបអ្នកស្រែចំការ ឬកសិកម្មពិតមែន ប៉ុន្តែវានឹងក្លាយជាប្រភពប្រាក់ចំណូលដ៏រឹងមាំ និងស្ថិតស្ថេរមួយ ប្រសិនបើចេះជ្រើសរើសប្រភេទដំណាំឲ្យបានត្រឹមត្រូវតាមតម្រូវការទីផ្សារ។ ដូច្នេះ ប្រសិនបើបងប្អូន មានដីទំនេរទុកចោល គួរតែប្រើវាឲ្យអស់លទ្ធភាព ដោយដាំដំណាំទាំង ៥ មុខនេះ ព្រោះវាអាចជួយបង្កើតចរន្តសាច់ប្រាក់ជាប្រចាំបាន៖
១.ការដាំដំណាំត្របែកតៃវ៉ាន់៖ ជាប្រភេទដំណាំឆាប់ឲ្យផល (បងប្អូនអាចទទួលផលបាន ប្រហែល ៦ ទៅ ៨ ខែក្រោយដាំ) ហើយអាចប្រមូលផលបានជាប្រចាំពេញមួយឆ្នាំ។ ផ្លែត្របែកមានតម្រូវការទីផ្សារខ្ពស់ជារៀងរាល់ថ្ងៃ ដោយសារប្រជាជនចូលចិត្តទទួលទានជាផ្លែឈើស្រស់។
២.ការដាំដំណាំម្នាស់៖ ជាដំណាំមួយប្រភេទ ដែលធន់នឹងអាកាសធាតុក្តៅ មិនសូវទាមទារការថែទាំស្មុគស្មាញ និងអាចដាំចន្លោះជួរដំណាំផ្សេងៗទៀតបាន។ ទីផ្សារម្នាស់មានភាពទូលំទូលាយ ទាំងការលក់ស្រស់ និងការផ្គត់ផ្គង់ដល់រោងចក្រកែច្នៃ។
៣.ការដាំដំណាំត្រសក់ផ្អែម៖ ជាដំណាំអាយុកាលខ្លី (ប្រមូលផលចន្លោះពី ៦៥ ទៅ ៧៥ ថ្ងៃ) ដែលផ្តល់តម្លៃបន្ថែមខ្ពស់លើទីផ្សារ។ ការដាំត្រសក់ផ្អែមក្នុងរោងសំណាញ់ ឬបច្ចេកទេសត្រឹមត្រូវ អាចធ្វើឲ្យអ្នកទទួលបានប្រាក់ចំណូលលឿន និងច្រើនក្នុងមួយរដូវៗ។
៤.ការដាំដំណាំព្រះក្រុង៖ ដំណាំប្រភទនេះ ងាយស្រួលដាំ ហើយពូជមាននៅតាមក្នុងព្រៃ ដោយមិនចំបាច់ចំណាយលុយទិញពូជឡើយ។ បងប្អូនអាចយកដីដែលទំនេរទុកចោល មកធ្វើជារងៗ រួចដាំវាឲ្យឡើងតោងទ្រើង នោះវានឹងដុះលូតលាស់តាមបែបរបស់វា ដោយមិនត្រូវការ ការមើលថែច្រើនឡើយ។ សម្រាប់ទីផ្សារផ្គត់ផ្គង់ ភាគច្រើនអ្នកលក់បង្អែម ពួកគាត់ត្រូវការស្លឹកព្រះក្រុងនេះ។ ដូច្នេះ បើបងប្អូនដាំបានច្រើន ពេលប្រមូលផលស្លឹកក៏បានច្រើនគីឡូ ហើយចំណូលក៏បានច្រើនទៅតាមនោះដែរ។
៥.ការដាំដំណាំដូងតឿក្រអូប៖ ជាដំណាំវិនិយោគរយៈពេលវែង ដែលចាប់ផ្តើមឲ្យផលពី ២ឆ្នាំ ទៅ ៣ ឆ្នាំក្រោយដាំ ប៉ុន្តែអាចបេះផលបានជារៀងរាល់ខែរហូតដល់រាប់សិបឆ្នាំ។ ទឹកដូងក្រអូបមានតម្រូវការខ្ពស់ខ្លាំងនៅលើទីផ្សារបច្ចុប្បន្ន និងមិនងាយធ្លាក់ថ្លៃនោះឡើយ។
យ៉ាងណាមិញ សម្រាប់ដំណាំទាំង ៥ ប្រភេទខាងលើនេះ បងប្អូនអាចសាកអនុវត្តបាន ព្រោះបើបងប្អូនមានមុខរបរផ្សេងទៀតនៅក្នុងដៃ ហើយមានទាំងដំណាំទាំងនេះនៅក្នុងចំការទៀត ច្បាស់ជាអាចរកលុយបានច្រើនច្រក ឆាប់សល់ទ្រពបានលឿនផងដែរ។ ប៉ុន្តែការរកចំណូលបានពីដំណាំទាំងប៉ុន្មាននេះ វាអាស្រ័យលើកត្តាទំហំផ្ទៃដី និងចំនួនដើមដែលបងប្អូនដាំដែរ បើដាំបានច្រើនដើម នោះវានឹងឲ្យផលច្រើនដូចគ្នា៕


