ពិធីបើកសម្ពោធក្រុមហ៊ុន Influence Media បានប្រារព្ធឡើងដោយជោគជ័យ នៅរាជធានីភ្នំពេញ
Meng SonglyMARCH 11 2024

ពិធីបើកសម្ពោធក្រុមហ៊ុន Influence Media  ត្រូវបានប្រារព្ធឡើងនាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នៅ PH Grand Hall (បឹងស្នោរ) រាជធានីភ្នំពេញ ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ព្រះនាងតូច នរោត្តម ជេនណា   លោកឧកញ៉ា ឆាវ អ៊ិនទ័រ អគ្គនាយកក្រុមហ៊ុន KHMER HOLDING Group  លោក Tommy អគ្គនាយកក្រុមហ៊ុន Liberty Group លោក Amo នាយកប្រតិបត្តិនៃក្រុមហ៊ុន Influence Media លោកស្រី Tiffany សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Liberty Group  លោក Bafido នាយកប្រតិបត្តិនៃក្រុមហ៊ុន 1995 Studio  ព្រមទាំងថ្នាក់ដឹកនាំក្រសួង  ដៃគូសហការមកពីវិស័យផ្សេងៗគ្នា និងអ្នកសារព័ត៌មានជាច្រើនបានចូលរួមយ៉ាងកុះករក្នុងព្រឹត្តិការណ៍នេះ។

2024 03 11 09.42.58

ក្នុងឱកាសពិធីបើកសម្ពោធនេះ  ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា  ក្នុងនាមក្រសួងព័ត៌មាន ខ្ញុំសូមចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Influence Media ដែលបានបើកសម្ភោធដំណើរការនៅថ្ងៃនេះ។ ក្រសួងព័ត៌មានតែងតែគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតប្រព័ន្ធផ្សព្វផ្សាយនានា ដោយក្រសួងជឿជាក់ថា ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញផ្សព្វផ្សាយចម្រុះ មិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាសាធារណជនទូទៅទទួលបានព័ត៌មានពិតឆាប់រហ័សអំពីប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជំរុញលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណនិងទំនើបនៅកម្ពុជាមានចំនួនជាង ២០០០ ដែលបានចុះបញ្ជីស្របតាមច្បាប់នៅក្រសួងព័ត៌មាន និងកំពុងតែដើរតួនាទីសំខាន់នៅក្នុងការផលិតខ្លឹមសារផ្សេងនិងផ្សព្វផ្សាយជូនដល់សាធារណជន។ នេះមិនទាន់និយាយពីបណ្តាញទំនាក់ទំនង Facebook  Tiktok Telegram  Twitter ជាច្រើនលានគណនីដែលកំពុងផលិតខ្លឹមសាររាប់លាន និងចាក់ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា។ 

2024 03 11 09.43.28

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការបើកសម្ពោធក្រុមហ៊ុន Influence Media ក៏មានការបើកដំណើរការផ្សព្វផ្សាយរបស់កាសែត INNews ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Influence Media  ផងដែរ។ ខ្ញុំជឿជាក់ថាកាសែត INNews នឹងបង្កលក្ខណៈកាន់តែទូលំទូលាយដល់ការចែករំលែកព័ត៌មានពិតអំពីកម្ពុជាទៅកាន់សាធារណជនជាជនជាតិខ្មែរ ចិន និងពលរដ្ឋដទៃ ពីព្រោះកាសែតនេះមានបោះពុម្ពផ្សាយជា ០៣ ភាសា គឺខ្មែរ ចិន និងអង់គ្លេស។

ឯកឧត្តម រដ្ឋមន្ត្រី គាំទ្រ និងស្វាគមន៍យ៉ាងខ្លាំងចំពោះការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាភាសាបរទេសបន្ថែមនេះ ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍពហុវប្បធម៌រវាងប្រទេសយើង និងជាតិសាសន៍ដទៃ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Influence Media សមិទ្ធិផលសេដ្ឋកិច្ច សកម្មភាពមនុស្សធម៌ ការផ្លាស់ប្តូរវប្បធម៌ និងព្រឹត្តិការណ៍សង្គមជាច្រើន នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រីក៏សូមអំពាវនាវដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកាវីដេអូ និងអ្នកសរសេរប្លុកមួយចំនួនជាពិសេសក្រុម MMO សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងការផលិតខ្លឹមសារដោយមិនត្រូវគិតត្រឹមតែការទាក់ទាញយកចំនួន Likes ; Shares, views ដើម្បីបានប្រាក់ឡើយ ប៉ុន្តែត្រូវឈរលើមូលដ្ឋានវិជ្ជាជីវៈ ការគោរពនូវសិទ្ធិឯកជនរបស់បុគ្គល និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងការបង្កចលាចល និងភាពវឹកវរដោយសារតែការចង់បានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬតិកតុករបស់ខ្លួន។ ដូច្នេះ ខ្ញុំសង្ឃឹមថា អ្នកផលិតមាតិកាវីដេអូ ឬប្លុក នឹងចូលរួមប្រើប្រាស់ភាពច្នៃប្រឌិត និងទស្សនៈសុទិដ្ឋិនិយមរបស់ខ្លួន ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងការពិតរបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

2024 03 11 09.44.45

លោក Tommy អគ្គនាយកក្រុមហ៊ុន Liberty Group បានមានប្រសាសន៍ថា ការបង្កើត Influence Media គឺផ្អែកលើការយល់ដឹងយ៉ាងស៊ីជម្រៅទៅលើទីផ្សារ និងការព្យាករណ៍អំពីនិន្នាការនាពេលអនាគត។ ហើយយើងផ្តល់ជូននូវសេវាកម្មរួមមាន ទីផ្សារសម្ព័ន្ធ  KOL booking platform ការផលិតប្រព័ន្ធផ្សព្វផ្សាយឌីជីថល អគារ និងការផ្សាយពាណិជ្ជកម្មខាងក្រៅ ការរៀបចំផែនការព្រឹត្តិការណ៍ ការអភិវឌ្ឍន៍គេហទំព័រ  APP  ការស្រាវជ្រាវទីផ្សារ និងទំនាក់ទំនងទីផ្សាររួមបញ្ចូលគ្នាIMC ជាដើម។ គោលបំណង គឺដើម្បីផ្តល់ជូនអតិថិជននូវដំណោះស្រាយតែមួយគត់ ដើម្បីសម្រេចបាននូវឥទ្ធិពលអតិបរមានៃម៉ាកផលិតផលរបស់ខ្លួន។

2024 03 11 12.02.01

លោក Amo នាយកប្រតិបត្តិនៃក្រុមហ៊ុន Influence Media បានថ្លែងថា កាលពីឆ្នាំមុន យើងបានបង្កើត Influence Media នៅក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណងផ្តល់សេវាកម្មទីផ្សារដ៏ទូលំទូលាយដល់សហគ្រាស និងជួយពួកគេឱ្យទទួលបានចំណាត់ថ្នាក់ក្នុងការប្រកួតប្រជែងផ្នែកឌីជីថល។ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Liberty Group សម្រាប់ការគាំទ្រ បើគ្មានការណែនាំ និងការជួយជ្រោមជ្រែងពីអ្នកទេ ក៌គ្មានInfluence Media ក្នុងថ្ងៃនេះដែរ។

2024 03 11 12.02.35

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia