នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាទរចំពោះក្រុមហ៊ុន Puy Du Fou ក្នុងការបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា ដើម្បីឲ្យយុវជនជំនាន់ក្រោយយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី ហើយអាចងាយស្រួលយល់សម្រាប់មជ្ឈដ្ឋានទូទៅ។
គួរជម្រាបផងដែរថា គម្រោង “Immersive Angkor” ជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌ខ្មែរ។ គម្រោង “Immersive Angkor” នឹងក្លាយជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ៕