រស់នៅដូចជប៉ុន! នេះជាច្បាប់មាសទាំង៩ សម្រាប់មនុស្សរស់នៅ ស្រូបទ្រ.ព្យ គ្មានទុក្ខកង្វល់ អាយុវែង
Ping Chou EngMARCH 18 20241.2 K views

ការដែលពុំមានបំណុលជំពាក់លុយកាក់គឺជាសេចក្តីសុខមួយរបស់មនុស្សជាច្រើននៅគ្រប់ទីកន្លែងនាពេលបច្ចុប្បន្ននេះ។ ដោយឡែកសម្រាប់​ប្រជាជនជប៉ុនវិញ ដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាជនជាតិដែលមានទម្លាប់ធ្វើការខ្លាំង និងជាក្រុមមនុស្សដែលរស់នៅមានអាយុវែង មានសុភមង្គលបំផុតនោះ គឺដោយសារពួកគេប្រកាន់ខ្ជាប់នូវច្បាប់មាសរស់នៅរីករាយតជំនាន់មកហើយ។

ខាងក្រោមនេះគឺជាច្បាប់មាសទាំង៩ ដកស្រង់ពីគោលការណ៍ Ikigai អាថ៌កំបាំងអាយុវែង និងរីករាយរបស់ជនជាតិជប៉ុន ​ជួយឱ្យពួកគេរស់នៅល្អ​ មានទ្រព្យ មានសុខភាពល្អ អាយុវែង គ្មានទុក្ខកង្វល់ មិនសូវស្រ្តេស។

ច្បាប់ទី១.ធ្វើការងារត្រូវចិត្ត ត្រូវជំនាញ បានចំណូល៖ ប្រជាជនជប៉ុនរស់នៅដោយពេញចិត្ត ទោះត្រូវធ្វើការខ្លាំងនិងច្រើនម៉ោង ព្រោះពួកគេអាចរកឃើញនូវច្បាប់ Ikigai របស់ពួកគេ១ក្នុងចំណាម៩គឺ ធ្វើការងារដែលត្រូវនឹងចំណង់ចំណូលចិត្ត ទទួលបានជំនាញច្បាស់លាស់ ជាជំនាញដែលពិភពលោកត្រូវការ និងរកប្រាក់ចំណូលបានច្រើន។ ដូច្នេះហើយទើបធ្វើឱ្យប្រជាជនជប៉ុនរស់នៅដោយសប្បាយចិត្ត និងធ្វើការរហូតដល់ចាស់ស្លាប់ក៏មាន។

ច្បាប់ទី២. ធ្វើការឱ្យសកម្ម កុំចូលនិវត្តន៍៖ ប្រជាជនជប៉ុនមានទម្លាប់ធ្វើការងារដោយថាមពលចេញពីចិត្ត ហើយបើទោះជាចាស់ទៅសម្រាកពីការងារក៏ពួកគេមិនចោលសកម្មភាពដែលខ្លួនស្រឡាញ់ដែរ ពួកគេមិនទុកឱ្យខ្លួនទំនេរនោះទេ តែងមានចលនាសកម្មជានិច្ច ដោយមិននៅតែលើគ្រែមួយកន្លែងនោះទេ ព្រោះវាមិនសូវឱ្យអំណាយផលដល់សុខភាព។

ច្បាប់ទី ៣. កុំធ្វើភ្លាមចង់បានលទ្ធផលភ្លែត៖ ការដែលធ្វើអ្វីមួយដោយមានអារម្មណ៍ប្រញាប់ប្រញាល់ ច្របូកច្របល់ គឺពិតជាមានឥទ្ធិពលអវិជ្ជមានទៅលើគុណភាពនៃជីវិតរស់នៅ។ ផ្ទុយទៅវិញជនជាតិជប៉ុន តែងមើលពីគោលដៅផ្ទាល់ខ្លួនឱ្យបានល្អិតល្អន់ ហើយសម្រេចតាមរយៈជំហានតូចៗ និងមិនគិតថា ធ្វើឱ្យរឿងគ្រប់យ៉ាងឱ្យល្អដូចចិត្ត ត្រឹមមួយរយៈពេលខ្លីនោះឡើយ។

ច្បាប់ទី៤. ញុំាអាហារកុំតាមចិត្តក្រពះ៖ ប្រជាជនជប៉ុនញ៉ាំតែ៨០% នៃអ្វីដែលមាននៅលើចានរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនទទួលទានតាមចិត្តចង់ រហូតដល់ឆ្អែតហល់ជាពិសេសនៅពេលដែលមិនឃ្លាន ហើយហូបនេះហូបនោះបន្ថែមឡើយ។

ច្បាប់ទី៥. នៅក្បែរមិត្តល្អៗ៖ ប្រជាជនអាយុវែងរាប់សិបនាក់នៅកោះអូគីណាវ៉ា ប្រទេសជប៉ុន តែងផ្តល់អាទិភាពលើការចំណាយពេលជាមួយមិត្តល្អៗ ដោយធ្វើការប្រកួតកីឡាមិត្តភាពជាមួយគ្នា ក្នុងភូមិឬកន្លែងដែលពួកគេរស់នៅដើម្បីកម្ចាត់ទុក្ខកង្វល់។

ច្បាប់ទី៦. មានស្នាមញញឹមច្រើនៗ៖ ប្រជាជនជប៉ុនចូលចិត្តញញឹម ព្រោះពួកគេយល់ថាមនុស្សមានស្នាមញញឹមជាមនុស្សដែលចេះស្វែងរកសេចក្តីសុខឱ្យខ្លួនឯង ហើយជាការប្រសើរណាស់សម្រាប់មនុស្សម្នាក់ៗក្នុងការទទួលស្គាល់នូវអ្វីដែលមិនបានដូចចិត្តក្នុងជីវិតរបស់ពួកគេ ហើយប្រឹងប្រែងឆ្លើយតបជាមួយបញ្ហាដោយស្នាមញញឹម។

ច្បាប់ទី៧. ផ្សារភ្ជាប់ខ្លួនឯងជាមួយធម្មជាតិ ពេលមានទុក្ខកង្វល់៖ ប្រជាជនជប៉ុនចូលចិត្តការដើរថ្មើរជើង និងការធ្វើដំណើរកម្សាន្ត ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ លំហែខួរក្បាលខ្លះ ដែលវាអាចជួយបង្កើនផលិតភាពការងារ បង្កើនអារម្មណ៍រីករាយ និងធ្វើឱ្យការចងចាំប្រសើរឡើងជាងមុន។​

ច្បាប់ទី៨. មានសេចក្តីដឹងគុណ៖ ការដឹងគុណគឺជាវិធីដ៏ល្អមួយរបស់ជនជាតិជប៉ុន ដើម្បីឱ្យពួកគេរំលឹកខ្លួនឯងអំពីរឿងដ៏ល្អបំផុតនៅក្នុងជីវិត ដោយចំណាយពេលខ្លះដើម្បីចែករំលែកការដឹងគុណ ចំពោះគ្រួសារជាទីស្រលាញ់ មិត្តភក្តិដ៏ល្អ ថៅកែដែលល្អ និងតែសូម្បីតែខ្លួនគេ ដែលបានឆ្លងកាត់បញ្ហាបានមកដោយល្អ ព្រមទាំងបានជួបនិងធ្វើរឿងល្អៗកន្លងមក។

ច្បាប់ទី៩. រស់នៅក្នុងបច្ចុប្បន្នឱ្យល្អ៖ ការរស់នៅមិនជាប់ជំពាក់នឹងអតីតកាល មិន​បារម្ភហួសហេតុអំពីអនាគត រស់នៅថ្ងៃនេះឱ្យល្អ ធ្វើអ្វីដែលពួកគេមានអ្វីឱ្យអស់ពីលទ្ធភាព គឺជាសេចក្តីមួយរបស់ប្រជាជនជប៉ុន ធ្វើឱ្យពួកគេមានអាយុវែង មិនសូវមានទុក្ខកង្វល់ក្នុងចិត្ត។

គួរជម្រាបផងដែរថាសៀវភៅ Ikigai គឺជាសៀវភៅដែលលក់ដាច់បំផុតមួយ និយាយពីទម្លាប់រស់នៅដ៏មានន័យ មានសុខភាពល្អរបស់ប្រជាជនជប៉ុន ត្រូវបានសហនិពន្ធដោយ អ្នកនិពន្ធជនជាតិអេស្បាញ២នាក់គឺលោក Héctor García និងលោក Francesc Miralles ខណៈអ្នកទាំងពីរ​បាន​ហៅ​ប្រទេស​ជប៉ុន​ថាជា​ផ្ទះទី២​របស់​លោក​អស់​រយៈពេល​ជាង​១៥​ឆ្នាំ​មក​ហើយ៕

អត្ថបទដោយ៖ ពីង ជូអេង

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia