ចាប់ពីពេលនេះដើម្បីកាត់បន្ថយការរង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិខិតឆ្លងដែន និងឯកសារអត្រានុកូលដ្ឋានផ្សេងៗ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់ឆ្លងដែន តាមប្រព័ន្ធអនឡាញ ដូច្នេះបងប្អូនប្រជាពលរដ្ឋអាចធ្វើការស្នើសុំធ្វើដោយងាយស្រួលជាងមុន និងមិនពិបាកទៅផ្ទាល់ ចំណេញពេលវេលាជាងមុន។
ក្នុងនោះក្រសួងមហាផ្ទៃក៏បានបង្ហាញអំពីរបៀបដែលពលរដ្ឋអាច ស្នើសុំលិខិតឆ្លង ដោយខ្លួនឯងតាមអនឡាញលើទូរស័ព្ទដៃឬកុំព្យូទ័របាន តាមដំណាក់កាលទាំង៥ដូចខាងក្រោម៖
១. ចូលទៅកាន់គេហទំព័រ https://online.gdi.gov.kh/login សេវាអត្តសញ្ញាណកម្ម ឬស្កេន QR Code
២. បើសិនមិនទាន់មានគណនី សូមចូលទៅបង្កើតគណនីមួយ ដោយវាយលេខទូរស័ព្ទដៃចូល ដើម្បីទទួលបានសារលេខ៦ខ្ទង់ តាមរយៈលេខទូរស័ព្ទដៃដែលអ្នកបានបំពេញ រួចយកលេខសម្ងាត់៦ខ្ទង់បំពេញ បង្កើតលេខសម្ងាត់តាមការណែនាំ រួចចុចពាក្យបន្ទាប់ដើម្បីថតរូប ដើម្បីសម្គាល់ក្នុងគណនីលោកអ្នកបានបំពេញ។
៣. បញ្ចូលរូបភាពអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ បន្ទាប់ចូលទៅបំពេញព័ត៌មានអត្តសញ្ញណផ្ទាល់ខ្លួន រួចចុចពាក្យរក្សាទុក ដើម្បីបញ្ចប់នីតិវិធីបង្កើតគណនី។
៤. ក្រោយមានគណនីហើយ សូមជ្រើសរើសយកពាក្យ ស្នើសុំលិខិតឆ្លងដែន រួចបំពេញព័ត៌មាន៤ដំណាក់កាល។ ១. ព័ត៌មានទូទៅ ២.ព័ត៌មានអ្នកស្នើសុំ ៣. ព័ត៌មានគ្រួសារ ៤. ពិនិត្យផ្ទៀងផ្ទាត់។
៥. ក្រោយពិនិត្យផ្ទៀងផ្ទាត់រួចហើយ សូមចុចពាក្យរក្សាទុក ដើម្បីព្រីនជាក្រដាសឯកសារចេញមកខាងក្រៅ។
ក្រោយបំពេញបែបបទតាមប្រព័ន្ធអនឡាញរួចរាល់ សាមីខ្លួនត្រូវអញ្ជើញទៅកាន់ទីស្នាក់ការ ឬសាខាលិខិតឆ្លងដែនណាមួយតាមកាលកំណត់ ដើម្បីសម្ភាស ថតរូប ផ្តិតខ្មៅដៃ និងបង់សេវារដ្ឋបាល ដោយភ្ជាប់ជាមួយនូវពាក្យស្នើសុំ ដែលលោកអ្នកបានបំពេញតាមប្រព័ន្ធខាងលើ និងឯកសារយោងផ្សេងៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ហើយប្រសិនបើមានចម្ងល់អំពីព័ត៌មានបន្ថែម សូមទាក់ទងកាន់លេខទូរស័ព្ទប្រចាំការសេវាអត្តសញ្ញាណកម្ម *១២៧១” រៀងរាល់ម៉ោងធ្វើការ លើកលែងតែថ្ងៃឈប់សម្រាក៕
អត្ថបទដោយ៖ ពីង ជូអេង


