ក្រុមហ៊ុន iSoftStone Information Technology កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើដំណោះស្រាយប្រព័ន្ធផលិតកម្ម ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងទឹកជំនន់ឆ្លាតវៃ។ ការស្វែងរកឱកាសវិនិយោគនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូធុរកិច្ចនៃក្រុមហ៊ុនខាងលើនេះ។

ក្នុងជំនួបខាងលើ គណៈប្រតិភូបានបង្ហាញសមត្ថភាពរបស់ iSoftStone ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយពេញលេញ (full-stack) លើផ្នែកសូហ្វវែរ ហាតវែរ និងសេវាកម្មឌីជីថល ដែលមានប្រតិបត្តិការនៅក្នុង ១៥ ប្រទេស និងមានបទពិសោធន៍ក្នុងវិស័យជាច្រើន រួមមានដំណោះស្រាយផ្នែកផលិតកម្ម ហិរញ្ញវត្ថុ ទូរគមនាគមន៍ និងសេវាកម្មសម្រាប់រដ្ឋាភិបាល។
គណៈប្រតិភូបានលើកឡើងអំពីវិស័យសំខាន់ ៣ ដែលក្រុមហ៊ុនចាប់អារម្មណ៍សម្រាប់ទីផ្សារកម្ពុជា រួមមានដំណោះស្រាយរោងចក្រឆ្លាតវៃ ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការឈប់ដំណើរការ (Downtime), ដំណោះស្រាយសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយទឹកបាត់បង់, និងការគ្រប់គ្រងទឹកជំនន់ដោយប្រើបច្ចេកវិទ្យា AI ដើម្បីពង្រឹងប្រព័ន្ធផ្តល់ព័ត៌មានជាមុន (early warning) និងការឆ្លើយតបគ្រោះមហន្តរាយ។ ដំណោះស្រាយទាំងនេះផ្អែកលើថ្នាលទិន្នន័យ និងបច្ចេកវិទ្យា AI រួមទាំង IoT, digital twins និងការវិភាគបែបទស្សន៍ទាយ (predictive analytics) ។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានបញ្ជាក់ថា វិស័យឧស្សាហកម្ម និងវិស័យទឹកស្អាតរបស់កម្ពុជា បើកទូលាយចំពោះនវានុវត្តន៍ និងទំនើបកម្មដោយវិស័យឯកជន។ ឯកឧត្តមបានលើកឡើងថា៖“យើងស្វាគមន៍ដំណោះស្រាយដែលអាចលើកកម្ពស់ផលិតភាព ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងកាត់បន្ថយការរំខាន ពិសេសខណៈកម្ពុជាកំពុងឈានឆ្ពោះទៅការធ្វើទំនើបកម្មឧស្សាហកម្ម និងត្រៀមចាកចេញពីប្រទេសឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។”
ឯកឧត្តមក៏បានរំលេចនូវភាពទាក់ទាញមួយចំនួនរបស់កម្ពុជា ដែលជាទីផ្សារកំពុងរីកចម្រើន រួមទាំងរបបវិនិយោគបើកចំហ កម្លាំងពលកម្មវ័យក្មេង និងកំណើននៃសមត្ថភាពផលិតកម្មក្នុងស្រុក។

ឯកឧត្តមបានបន្ថែមថា៖“កម្ពុជាមិនមែនជាទីផ្សារល្អឥតខ្ចោះទេ ប៉ុន្តែជាទីផ្សារកំពុងអភិវឌ្ឍន៍ និងមានសក្តានុពលខ្ពស់។ យើងត្រូវការបច្ចេកវិទ្យា និងភាពជាដៃគូនានា ដើម្បីឈានទៅដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ។
ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងយល់ពីទីផ្សារ និងសក្តានុពលរបស់កម្ពុជា ជាមួយភាគីពាក់ព័ន្ធក្នុងស្រុក ដើម្បីសិក្សាឱកាសវិនិយោគឱ្យបានច្បាស់លាស់៕



