សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាទីតាំងទាំងនេះកំពុងប្រែក្លាយទៅជាតំបន់ឧស្សាហកម្មដ៏សំខាន់
Bunthoeun KoemSEPTEMBER 18 2026743 views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង ព្រមទាំងបណ្ដាខេត្តស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ កំពុងមានសក្ដានុពលយ៉ាងខ្លាំង និងកំពុងប្រែក្លាយទៅជាតំបន់ឧស្សាហកម្មដ៏សំខាន់ តាមរយៈការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងប្រទាក់ក្រឡា។

 

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ដ GAC កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតីបានមានប្រកសាសន៍ថា  រោងចក្រ និងសហគ្រាសឧស្សាហកម្ម ដែលធ្លាប់តែប្រមូលផ្តុំខ្លាំងនៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នបាននិងកំពុងពង្រីកវិសាលភាពយ៉ាងឆាប់រហ័សឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ កត្ដាទាំងនេះបានធ្វើឱ្យតំបន់តាមបណ្តោយផ្លូវជាតិលេខ ៥ ក្លាយជាតំបន់ឧស្សាហកម្មដ៏មានឥទ្ធិពល។

 

Img 2247

 

ប្រព័ន្ធផ្លូវថ្នល់ត្រូវបានកសាង និងតភ្ជាប់យ៉ាងខ្វាត់ខ្វែង ដើម្បីសម្រួលដល់ការចរាចរណ៍ទំនិញ និងសេដ្ឋកិច្ច រួមមាន៖ ផ្លូវជាតិលេខ ៤៤ តភ្ជាប់ពីខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តកោះកុង និងតភ្ជាប់ទៅកាន់ខេត្តព្រះសីហនុ។ ផ្លូវ ៥០C ដែលតភ្ជាប់ខ្សែចង្វាក់សេដ្ឋកិច្ចរវាងខេត្តកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង ទៅកាន់ខេត្តកំពង់ធំ ព្រមទាំងបន្តភ្ជាប់ចរន្តពាណិជ្ជកម្មជាមួយរាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់។

 

សម្ដេចគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានរៀបចំផែនការកសាងកំពង់ផែពហុបំណង ដើម្បីតភ្ជាប់ដោយផ្ទាល់ជាមួយគម្រោងព្រែកជីកហ្វូណនតេជោ។ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនេះ នឹងអនុញ្ញាតឱ្យការដឹកជញ្ជូនកុងតឺន័រ និងទំនិញ ឬនាវាផ្ទុកទំនិញផ្សេងៗ ឆ្ពោះទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាន់តែមានភាពងាយស្រួល ជាមួយនឹងតម្លៃដឹកជញ្ជូនទាប ដែលបង្កើនប្រៀបការប្រកួតប្រជែងពាណិជ្ជកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ។

 

ផ្អែកលើការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹកនេះ បាននិងកំពុងធ្វើឱ្យខេត្តកំពង់ឆ្នាំង ក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំសេដ្ឋកិច្ច និងឧស្សាហកម្មដ៏ទាក់ទាញបំផុតមួយសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ៕

 

Kampong Speu Provincea

១១ (5)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia