ការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាប៉ុន្ដែមានប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗចាប់ផ្ដើមចាប់អារម្មណ៍លើការវិនិយោគលើផ្សារហ៊ុនហើយមកដល់ពេលនេះមានពលរដ្ឋខ្មែរក៏ដូចជាជនជាតិបរទេសប្រមាណជាង៣ម៉ឺននាក់ហើយដែលបើកគណនីជួញដូររៀនវិនិយោគលើផ្សារហ៊ុន។
ទាក់ទងនឹងផ្សារហ៊ុននេះដែរ អ្នកវិនិយោគមួយចំនួនដែលបានបើកគណនីជួញដូរភាគហ៊ុនប្រហែលជាមិនទាន់ដឹងពីរបៀបទិញហ៊ុនហើយអាចនឹងមានឱកាសចំណេញលឿននិងចំណេញខ្ពស់នោះទេ។ អ៊ីចឹងថ្ងៃនេះ Business Cambodia សូមបង្ហាញពីក្បួនទិញហ៊ុនដែលអាចឲ្យបងប្អូនមានឱកាសចំណេញលឿននិងចំណេញច្រើន។
ក្បួនទិញហ៊ុនអាចមានឱកាសចំណេញច្រើនហើយចំណេញលឿនគឺទិញហ៊ុនក្នុងផ្សារដំបូង( IPO)។
ជាធម្មតាមុននឹងក្រុមហ៊ុនមួយចុះបញ្ជីលក់ភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) ក្រុមហ៊ុននោះតែងតែធ្វើបរិវិសកម្ម( subscription)។ ត្រង់នេះវិនិយោគិនដែលមានគណនីជួញដូរហើយអាចដាក់ពាក្យស្នើសុំទិញហ៊ុនរបស់ក្រុមហ៊ុនដែលនឹងចុះបញ្ជីលក់ភាគហ៊ុនលើផ្សារហ៊ុនក្នុងវគ្គធ្វើបរិវិសកម្មនេះ។
ការទិញហ៊ុនក្នុងផ្សារដំបូងក្នុងវគ្គបរិវិសកម្មគឺអ្នកវិនិយោគអាចទិញហ៊ុនក្នុងតម្លៃដើមដែលជាទូទៅគេហៅថាតម្លៃបោះផ្សាយលក់ដំបូង( IPO)។ ជាក់ស្ដែងកាលពីឆ្នាំ២០២០កន្លងទៅ ធនាគារ អេស៊ីលីដាបានបោះផ្សាយលក់ភាគហ៊ុនក្នុងផ្សារដំបូង( IPO)ក្នុងតម្លៃ១៦,២០០រៀលក្នុងមួយហ៊ុន។ ដូច្នេះវិនិយោគិនដែលបានស្នើសុំទិញហ៊ុនក្នុងផ្សារដំបូងតាមរយៈការធ្វើបរិវិសកម្មសុទ្ធតែអាចទិញបានតម្លៃដើមគឺ ១៦,២០០រៀលក្នុងមួយហ៊ុន។
បន្ទាប់ពីពួកគាត់បានស្នើសុំទិញហ៊ុនអេស៊ីលីដាក្នុងផ្សារដំបូងក្នុងតម្លៃ១៦,២០០រៀលក្នុងមួយហ៊ុនហើយ ពេលធនាគារ អេស៊ីលីដាឡើងផ្សារមូលបត្រកម្ពុជាចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ ពួកគាត់អាចយកភាគហ៊ុនអេស៊ីលីដាបានទិញក្នុងផ្សារដំបូងក្នុងតម្លៃ១៦,២០០រៀលក្នុងមួយហ៊ុន មកដាក់លក់លើផ្សារមូលបត្រកម្ពុជាដែលមានវិនិយោគិនរាប់ម៉ឺននាក់រងចាំទិញ នៅពេលនោះពួកគាត់ដាក់លក់ដំឡើងតម្លៃ។
ជាក់ស្ដែងវិនិយោគិនដែលអ្នកហ៊ុន អេស៊ីលីដាក្នុងផ្សារដំបូងក្នុងតម្លៃ១៦,២០០រៀលក្នុងមួយហ៊ុន ពេលពួកគាត់យកភាគហ៊ុនមកដាក់លក់លើផ្សារមូលបត្រ ពួកគាត់អាចដាក់លក់ដំឡើងតម្លៃ ១៧,០០០រៀល ១៨,០០០រៀលនិង២០,០០០រៀលក្នុងមួយហ៊ុនក៏នៅតែមានអ្នកទិញព្រោះហ៊ុនអេស៊ីលីដាជាហ៊ុនមានការចាប់អារម្មណ៍ពីវិនិយោគិន ហើយត្រង់នេះហើយដែលអ្នកមានឱកាសចំណេញលឿននិងចំណេញខ្ពស់ពីការទិញហ៊ុនក្នុងផ្សារដំបូង។
យ៉ាងណាមិញការទិញហ៊ុនក្នុងផ្សារដំបូងអាចមានឱកាសចំណេញច្រើននិងចំណេញលុះត្រាតែក្រុមហ៊ុនដែលឡើងផ្សារហ៊ុនមានភាពទាក់ទាញនិងមានការចាប់អារម្មណ៍ពីអ្នកវិនិយោគ។ ជាក់ស្ដែងដូច ភាគហ៊ុនធនាគារ អេស៊ីលីដា ជាធនាគារមួយមានប្រជាពលរដ្ឋខ្មែរជាច្រើនស្គាល់និងមានការចាប់អារម្មណ៍ច្រើនដូច្នេះពេលធនាគារនេះឡើងផ្សារហ៊ុនកាលពីឆ្នាំ២០២០ ភាគហ៊ុនអេស៊ីលីដាឡើងថ្លៃពីតម្លៃ១៦,២០០រៀលក្នុងមួយហ៊ុនដល់ជាង២០,០០០រៀលក្នុងមួយហ៊ុន។
ដើម្បីមានឱកាសទិញហ៊ុនក្រុមហ៊ុនថ្មីៗដែលចុះបញ្ជីលើផ្សារហ៊ុនហើយបានទិញក្នុងផ្សារដំបូង(IPO) បងប្អូនត្រូវតាមដានព័ត៌មានទាក់ទងនឹងផ្សារមូលបត្រកម្ពុជាដើម្បីដឹងពីក្រុមហ៊ុនថ្មីៗដែលឡើងផ្សារហ៊ុនចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ។
សម្រាប់អ្នកដែលមិនទាន់ស្គាល់ផ្សារហ៊ុនហើយចង់ស្វែងយល់ក៏ដូចជាចាប់ឱកាសវិនិយោគលើផ្សារហ៊ុនខាងក្រោមនេះគឺជាជំហានដែលអ្នកគួរធ្វើដើម្បីក្លាយជាអ្នកវិនិយោគលើផ្សារហ៊ុន៖
១. សិក្សាស្វែងយល់
មិនថាបងប្អូនចេញរកស៊ីឬវិនិយោគនោះ មុននឹងចេញប្រឡូកជាក់ស្ដែងបងប្អូនត្រូវសិក្សាស្វែងយល់ជាមុនសិនព្រោះមិនថាការរកស៊ីនិងវិនិយោគនោះទេសុទ្ធតែមានហានិភ័យ អ៊ីចឹងបើមិនបានសិក្សាស្វែងយល់ទេ ច្បាស់ជាដាក់លុយវិនិយោគនឹងមានឱកាសបរាជ័យខាតលុយក៏ដូចជាកប់លុយមិនខាន។
ផ្សារភាគហ៊ុនគឺវាថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន ហើយមានប្រជាជនយើងតិចតួចបំផុតដែលស្គាល់ផ្សារហ៊ុនខ្មែរ ដូច្នេះពួកគាត់អាចនឹងមានភាពស្មុគស្មាញបន្តិច។ ចំពោះការសិក្សានេះបងប្អូនអាចសិក្សាពីហានិភ័យក៏ដូចជាអត្ថបទប្រយោជន៍នៃការវិនិយោគលើផ្សារហ៊ុន។ លើសពីនេះបងប្អូនក៏អាចសិក្សាលើរឿងផ្សេងៗជាច្រើនដូចជាសិក្សាទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននិងកត្តាមូលដ្ឋានរបស់ក្រុមហ៊ុនដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានសក្តានុពលអាចផ្ដល់ផលចំណេញពេលអ្នកវិនិយោគទិញភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនោះ។
ដើម្បីសិក្សាស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុនខ្មែរបងប្អូនអាចតាដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែ Live ចែករំលែកទាក់ទងនឹងការវិនិយោគលើភាគហ៊ុន។ ជាពិសេសបងប្អូនអាចតាមដាន Facebook page ផ្សារមូលបត្រកម្ពុជា ហើយចូលទៅមើលវីដេអូក្នុងផេកដែលមន្រ្តីផ្សារហ៊ុនបង្ហាញពីជំហានចូលទៅវិនិយោគលើផ្សារហ៊ុនខ្មែរ។
២. បើកគណនីជួញដូរភាគហ៊ុន
ដើម្បីវិនិយោគលើផ្សារហ៊ុនខ្មែរបានអ្នកត្រូវមានគណនីជួញដូរជាមុនសិន។ ដើម្បីបើកគណនីជួញដូរសូមចុចទីនេះរួចជ្រើសរើសក្រុមហ៊ុនមូលបត្រណាមួយដែលអ្នកពេញចិត្តហើយសាកសួរព័ត៌មានពីដំណើរការនៃការបើកគណនីជួញដូរ។
មួយវិញទៀតដើម្បីបើកគណនីជួញដូរអ្នកអាចបើកតាមសាខាធនាគារ RHB ធនាគារ អេស៊ីលីដា និង ធនាគារ កាណាឌីយ៉ា ដោយភ្ជាប់ជាមួយនឹងអត្តសញ្ញាប័ណ្ណច្បាប់ដើមនិងរូបថត៤គុណ៦មួយសន្លឹកហើយប្រាប់បុគ្គលិកធនាគារថាចង់បើកគណនីជួញដូរភាគហ៊ុន៕


