ព្រោះតែយល់ដល់ទំនាក់ទំនងរាប់អាន ទើបគេហ៊ានទុកចិត្តឱ្យលុយទៅមនុស្សដែលស្គាល់គ្នា ឬមិត្តភក្តិបងប្អូនខ្ចីយកទៅប្រើប្រាស់ ដោយសំអាងថាមានការបន្ទាន់ខ្លាំងត្រូវចំណាយលុយ ហើយបញ្ជាក់ច្បាស់ថានឹងសងវិញឆាប់ៗ បើសងមែនមិនអីទេ តែបញ្ហាត្រង់ខ្ចីបាត់មិនឃើញសង ពេលទារវិញគិតតែសុំលើកថ្ងៃ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹង Business Cambodia អ្នកស្រី ម៉ឹង វ៉ាន់ឌី ដែលជាសាស្រ្តាចារ្យច្បាប់ បានលើកឡើងថា “ប្រសិនបើគេជំពាក់មិនសង លោកអ្នកពិតជាអាចប្ដឹងបាន”។ ហើយខាងក្រោមនេះជារបៀបប្ដឹងដែលអ្នកអាចអនុវត្តបាន៖
វិធីទី១៖ ក្នុងករណីអ្នកចង់ធ្វើដោយខ្លួនឯង អ្នកស្រី វ៉ាន់ឌី ណែនាំថាអ្នកត្រូវចាប់ផ្ដើមពីការប្រមូលភស្ដុតាងដែលអ្នកមានដូចជា កិច្ចសន្យាកម្ចី, រូបភាព Screenshot សារ ឬសារសម្លេងដែលអ្នកបានព្រមព្រៀងជាមួយនឹងកូនបំណុលជាដើម។
បន្ទាប់មកបំពេញពាក្យបណ្ដឹងដាក់ទៅកាន់ អាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ នៅក្នុងតំបន់ដែលកូនបំណុលរស់នៅ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចឬតុលាការ ចេញលិខិតអញ្ជើញឬដីការកោះហៅកូនបំណុល និងម្ចាស់បំណុល ឱ្យមកដោះស្រាយនិងទទួលខុសត្រូវដោយបំពេញកាតព្វកិច្ចរបស់ខ្លួន។ អ្នកស្រីបានបញ្ជាក់ផងដែរថា អាជ្ញាធរមានសមត្ថកិច្ច អាចជាអាជ្ញាធរភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ ជាដើម។
វិធីទី២៖ បើករណីអ្នកមិនសូវជំនាញខាងផ្លូវច្បាប់ អ្នកអាចប្រើប្រាស់សេវាមេធាវី ព្រោះថាមេធាវីអាចចេញលិខិតអញ្ជើញកូនបំណុលរបស់អ្នកឱ្យមកប្រឈមមុខចរចាររកដំណោះស្រាយជាមួយអ្នក។ អ្វីដែលសំខាន់មេធាវីអាចជួយប្រឹក្សា និងសម្របសម្រួលឱ្យភាគីទាំង២ រកបានចំណុចឈ្នះរៀងៗខ្លួន ហើយក៏អាចរក្សាបាននូវទំនាក់ទំនងរាប់អានដ៏ល្អជាមួយគ្នា។
សូមជម្រាបផងដែរថា ប្រសិនបើភាគីទាំងសងខាងស្រុះស្រួលព្រមទទួលយក និងគោរពតាមលក្ខខណ្ឌថ្មីដែលធ្វើឡើងដោយមានមេធាវីជាសាក្សី បញ្ហានឹងត្រូវបញ្ចប់ត្រឹមមេធាវីតែម្ដង ប៉ុន្តែបើនៅតែមិនព្រមចប់ មេធាវីក៏អាចជួយរៀបចំបណ្ដឹងជូនម្ចាស់បំណុលដាក់ទៅកាន់តុលាការ ហើយទុកតួនាទីឱ្យតុលាការអនុវត្តតាមច្បាប់រដ្ឋប្បវេណីបន្តតែម្ដង៕
ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )
អត្ថបទដោយ៖ សូ សុខលី