ចង់បើកម៉ាត១ត្រូវការដើមទុនប៉ុន្មាន? នេះជាគំនិត និងទុនខ្លះៗ អ្នកចង់រកស៊ីវិស័យម៉ាត ដាច់ខាតត្រូវតែដឹង
Srey NuthNOVEMBER 10 20233.3 K views

ផ្សារម៉ាត គឺជារបេរមួយដែលពេញនិយមមែនទែននៅស្រុកខ្មែរមានទាំងម៉ាតខ្នាតតូច( Mini Mart ) និងខ្នាត់ធំ ( supermarkets) ខណៈនេះជាហាងលក់ទំនិញរាយ​ដែលបង្កភាពងាយស្រួលសម្រាប់អតិថិជននាសម័យថ្មី និង ជាជម្រើសល្អក្នុងការជាវទំនិញរបស់ភ្ញៀវ ជាជាងទៅផ្សារធម្មតា។

 

ទន្ទឹមនឹងរបរពេញនិយមនេះផងដែរ ថ្ងៃនេះ Business Cambodia និងលើកយគំនិត ក៏ដូចជាដើមទុនខ្លះៗ ដើម្បីឲ្យបងប្អូនងាយស្រួលគិតពិចារណាថា ​តើគួរ​ធ្វើបែបណានិងត្រៀមដើមទុនប៉ុន្មាន ដើម្បីត្រូវតាមតម្រូវការរបស់បងប្អូន។

 

C1 309291 120825032823 700

 

ខាងក្រោមនេះគឺជាគំនិតមួយចំនួន សម្រាប់បងប្អូនដែលមានបំណងចង់បើកម៉ាត មិនថាជាប្រភេទខ្នាតធំឬខ្នាតតូច កុំរំលងចំណុចនេះ  ៖

 

១. សរសេរគម្រោង

 

ទោះបីជាចាប់ផ្តើមអាជីវកម្មតូច ឬធំ និងមានគម្រោងចាប់ផ្តើមយូរ ឬឆាប់ បងប្អូនត្រូវតែមានគម្រោងច្បាស់លាស់មួយសម្រាប់ភាពរឹងមាំរបស់អាជីវកម្ម និងខ្លួនឯងផ្ទាល់។ ជាទូទៅនៅក្នុងគម្រោងលក់នីមួយៗគួរតែមាន ការវិភាគគូប្រជែង គម្រោងទីផ្សារ ការរើសបុគ្គលិក ការគ្រប់គ្រង និងផែនការហិរញ្ញវត្ថុជាដើម។

 

២. កំណត់ផលិតផលសម្រាប់លក់

 

បងប្អូនត្រូវរើសផលិតដែលត្រូវដាក់លក់នៅក្នុងហាង ថាត្រូវលក់ផលិតផលណាខ្លះ? ជាប្រភេទបន្លែ ផ្លែឈើ ឬអាហារកំប៉ុង ឬគ្រឿងសម្អាងជាដើម។  លើសពីនេះ គួររើសយកផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីសាងកេរ្តិ៍ឈ្មោះដល់ម៉ាតរបស់បងប្អូន។

 

៣. ស្វែងរកទីតាំង

 

ទីតាំងពិតជាសំខាន់ សម្រាប់របររកស៊ីនានា។ ដូច្នេះបងប្អូនត្រូវរើសយកទីតាំងណាដែលមានសក្តានុពលខ្លាំងរួមមាន ក្បែរកន្លែងចតយានជំនិះ មានមនុស្សឆ្លងកាត់ច្រើន និងជាកន្លែងដែលងាយស្រួលរកជាដើម។

 

៤. ដាក់ឈ្មោះម៉ាត

 

ការដាក់ឈ្មោះ ក៏ជារឿងសំខាន់មួយដែរក្នុងមុខជំនួញទាំងឡាយ។ គោលការណ៍នៃការដាក់ឈ្មោះអាជីវកម្មដែលត្រឹមត្រូវរួមមាន ឈ្មោះងាយអាន និងងាយចងចាំ ឈ្មោះមិនជាន់គ្នាជាមួយអាជីវកម្មដទៃ និងជាឈ្មោះដែលបង្កប់អត្ថន័យ។

 

៥. ភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់ផលិតផល

 

ខណៈដែលទើបបើកដំណើរការថ្មីៗ បងប្អូនអាចជួលកន្លែងសម្រាប់ម្ចាស់ផលិតផលណាដែលចង់ដាក់លក់ទំនិញរបស់ពួកគេនៅក្នុងម៉ាតរបស់បងប្អូន ដោយការធ្វើបែបនេះ មិនចាំបាច់ចំណាយលុយទិញទំនិញស្តុកទុកច្រើននោះទេ។

 

៦. ធ្វើទីផ្សារ

 

ការធ្វើទីផ្សារគឺជារឿងសំខាន់មួយដែលកំណត់ចំណូលច្រើន ឬតិច។ ដូច្នេះ ត្រូវសរសេរគម្រោងទីផ្សារមួយឲ្យល្បីដូចជា ការផ្សាយពាណិជ្ជកម្ម និងការរៀបយុទ្ធសាស្ត្រលក់ជាដើម ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់តាមតែអាចធ្វើបាន។

 

៧. រើសបុគ្គលិកឲ្យចំជំនាញ

 

គម្រោងល្អយ៉ាងណា តែបើរើសមនុស្សខុសឲ្យមកអនុវត្ត វានឹងក្លាយជារឿងឥតប្រយោជន៍។ ដូច្នេះ ត្រូវរើសបុគ្គលិកដោយផ្ចិតផ្ចង់ ចៀសវាងជួលមនុស្សមកអស់តែប្រាក់ខែ តែមិនមានការងារឲ្យគេធ្វើដើម្បីរកចំណូលមកវិញ។

 

៨. បើកដំណើរការសាកល្បង

 

មុនពេលបើកដំណើរការជាផ្លូវការ គួរតែដំណើរការសាកល្បងសិន ព្រោះថាបងប្អូនអាចប្រើពេលនោះបង្ហាត់បង្រៀនបុគ្គលិកឲ្យកាន់តែជំនាញ។

 

បន្ទាប់ពីបានគំនិតមួយចំនួនក្នុងការចាប់ផ្ដើមហើយ អ្វីដែលបងប្អូនគួរដឹងគឺបន្ថែមនោះគឺ តម្លៃក៏ដូចជាទំហំ ក្នងការចាប់ផ្ដើមអាជីវកម្មមួយនេះ។  បើកតូចឬធំ​អាស្រ័យទៅ លើទំហំទឹកប្រាក់ដែលបងប្អូនមាន ហើយចំណោះដើមទុនរួមមាន៖​

 

 

១.  ដើមទុន៥០០០ដុល្លារ

 

ម៉ាតដែលប្រើដើមទុន៥ពាន់ដុល្លារគឺជាប្រភេទម៉ាតខ្នាតតូចដែលមានទំហំ ប្រមាណជា៧០ម៉ែត្រការ៉េ ។ ម៉ាតប្រភេទនេះភាគច្រើនមាននៅតាមការ៉ាសសាំង​ ស្ថាននីយរថភ្លើងជាដើម ដែលមិនសូវមានទំនិញច្រើនមុខទេ​ ពោលលក់តែអីវ៉ាន់ណាដែលចាំបាច់សម្រាប់អ្នកធ្វើដំណើរតែប៉ុណ្ណោះ។

 

២. ដើមទុន២ម៉ឺន ទៅ៥ម៉ឺនដុល្លារ​

 

​ម៉ាតដែលចំណាយដើមទុនចាប់ពី២ម៉ឺនដុល្លារនេះ គឺជាប្រភេទ Mini mart  ដែលជាម៉ាតលក់សម្ភារៈ ប្រើប្រាស់ប្រចាំថ្ងៃ ហើយថែមទាំងមានអារហារសម្រាន់នៅក្នុងនោះថែមទៀត។ ចំពោះទំហំវិញអាចមានប្រមាណ១១០ម៉ែត្រការ៉េ អាចថាត្រូវការផ្ទះពី២ទៅ៣ល្វែង ក្នុងការបើវា ហើយភាគច្រើនគេបើកនៅក្នុងខុនដូរ​ តាមមន្ទីពេទ្យ ដោយវាច្រើនគេបើកសំដៅទៅតាមប្លុកតំបន់នានាដែលនៅឆ្ងាយៗ។

 

៣. ដើមទុន៣ម៉ឺនដុល្លារ

 

សម្រាប់អ្នកដែលមានដើមទុន៣ម៉ឺនដុល្លារ ហើយមិនដឹងថាបើកអ្វី បងប្អូនអាចសាកល្បងបើកម៉ាតលក់បន្លែបាន ដែលជាប្រទេសម៉ាតលក់បន្លែ ត្រី សាច់ និងគ្រឿងទេសជាដើម ពោលគឺជាម៉ាតសម្រាប់តម្រូវ ស្រ្តីមេផ្ទះ និងបុរសមេផ្ទះទាំងឡាយ ដោយទៅតែមួយកន្លែងអាចទិញបានគ្រប់មុខតែម្តង។

 

៤. ដើមទុនមិនក្រោម១០ម៉ឺនដុល្លារ

 

ម៉ាតប្រភេទគឺសម្រាប់ Supermarkets មានលក់សម្ភារៈគ្រប់ប្រភេទ ងាយស្រួលជ្រើសរើសតាមតម្រូវការ។  ជាក់ស្តែងដូចជា ឡាក់គី អ៊ិចប្រេស មានលក់សម្ភារៈជាច្រើនដូចជា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ អាហារសម្រាន់ បន្លែ សាច់ គ្រឿងសំអាង សាប៊ូ និងផលិតផលជាច្រើនមុខទៀត៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia