ខ្មែរអាចដាក់បាន! នេះជាជំហានធំៗ៥ អ្នករកស៊ីអាចដាក់ លក់ផលិតផលរបស់ខ្លួន លើ Alibaba
Ping Chou EngNOVEMBER 20 2023426 views

ដូចបងប្អូនបានជ្រាបរួចមកហើយថាកាលពីអំឡុងខែតុលាកន្លងទៅ កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនយក្ស Alibaba លើ “អនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុន Alibaba របស់ប្រទេសចិន” ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន។

 

ពាក់ព័ន្ធនឹងប្រធានបទនេះដែរ ក៏មានបងប្អូនមួយភាគធំ ចង់ដឹងអំពីរបៀបថាតើធ្វើយ៉ាងណាម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាយើង អាចដាក់លក់ផលិតផលរបស់ខ្លួន​ នៅលើវេបសាយ ទិញ-លក់ទំនិញលំដាប់ពិភពលោកAlibaba មួយនេះបាន។ ដូច្នេះខាងក្រោមនេះជាជំហានណែនាំសម្រាប់ការបង្កើតគណនីចំនួន៥​ ដែលយើងអាចសិក្សាដាក់លក់ផលិតផលនៅលើ Alibaba៖

 

. បើកគណនី១

 

ក្នុងនាមជាអ្នកលក់ថ្មីថ្មោង អ្នកប្រហែលជាមានកញ្ចប់លក់ និងគម្រោងជាច្រើនប្រភេទដែលត្រូវជ្រើសរើស អាស្រ័យលើប្រទេសដែលអាជីវកម្មរបស់អ្នកស្ថិតនៅ។

 

អនុវត្តតាមជំហានងាយៗមួយចំនួនដើម្បីចុះឈ្មោះបើកគណនីអ្នកលក់ Alibaba.com និងទទួលបានដំណើរការផ្ទៀងផ្ទាត់អាជីវកម្មរបស់អ្នកថាអ្នកជាសមាជិករបស់​ Alibaba ដើម្បីបង្កើតទំនុកចិត្តរវាងអ្នកលក់និងអ្នកទិញដោយក្នុងនោះ អ្នកក៏អាចជ្រើសរើសឱ្យមានអ្នកគ្រប់គ្រងគណនីផ្ទាល់ខ្លួនដែលនឹងជួយអ្នកក្នុងដំណើរការនេះ។

 

. ផុសផលិតផល (Product Catalog)

 

ការផុសផលិតផល រូបភាព Catalog និងព័ត៌មានផលិតផល សម្រាប់ហាងអេឡិចត្រូនិចរបស់អ្នកគឺពិតជាសំខាន់ ព្រោះនៅពេលមានផលិតផលផុសកាន់តែច្រើននៅក្នុងហាងរបស់អ្នក ការបង្កើនឱកាសនៃការឃើញផលិតផលរ​បស់អ្នកទៅកាន់អ្នកទិញ ក្នុងដំណាក់កាលស្វែងរករបស់អ្នកទិញ ពោលគឺអ្នកនឹងអាចទទួលបានការឃើញកាន់តែច្រើន និងទទួលបានអតិថិជនកាន់តែច្រើន។

 

. រចនាមុខហាង

 

នៅលើ Alibaba.com អ្នកនឹងទទួលបានហាងដែលមានពហុទំព័រសម្រាប់អាជីវកម្មអ្នកទាំងស្រុង ដែលអ្នកអាចបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីជួយម៉ាកយីហោរបស់អ្នកលេចធ្លោ និងបង្ហាញទំនិញទៅកាន់អតិថិជន ពោលគឺប្រៀបដូចជាការរចនាយីហោរបស់អ្នកដែរ។ ការរចនាទំព័រមុខហាងនេះគឺចំណុចពិសេសមួយ ពីព្រោះអតិថិជនមកពីគ្រប់ទិសទីក្នុងពិភពលោកអាចស្វែងរក ឃើញម៉ាកយីហោ និងផលិតផលរបស់អ្នកក្នុងទម្រង់១៨ភាសាផ្សេងៗគ្នា ដែលបកប្រែដោយស្វ័យប្រវត្តិដោយ Alibaba.com ។

 

. ការឆ្លើយតបសារ

 

បន្ទាប់ពីចុះបញ្ជីផលិតផល មានការទទួលស្គាល់និងរៀបចំគណនីរបស់អ្នករួចហើយ អ្នកនឹងចាប់ផ្តើមទទួលបានការសាកសួរពីអ្នកទិញ។ ខណៈពេលនោះក្នុងនាមអ្នកជាសមាជិកពេញលេញនៃ Business to Business ពិតប្រាកដនោះ Alibaba.com ​នឹងអនុញ្ញាតឱ្យអ្នកទំនាក់ទំនងជាមួយអតិថិជនដោយផ្ទាល់  ផ្ញើសារទៅមក និងចរចាតម្លៃជាមួយគ្នាបាន។ 

 

. ការពារការបញ្ជាទិញ និងការទូទាត់

 

បន្ទាប់ពីការបើកគណនីលក់ហើយ Alibaba នឹងមានមុខងារ Trade Assurance សម្រាប់ការការពារការបញ្ជាទិញនិងការទូទាត់សុវត្ថិភាព សម្រាប់ទាំងអ្នកទិញនិងអ្នកលក់ និងធានាថាផលិតផលបានទៅដល់ដៃអតិថិជន និងប្រាក់បានទៅដល់ដៃអ្នកលក់។ សេវាកម្មនេះធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អ្នកទិញ ក្នុងការជឿជាក់លើការបញ្ជាទិញជាមួយអ្នកលក់នៅជុំវិញពិភពលោកនិង ងាយស្រួលសម្រាប់អ្នកលក់ក្នុងការបិទការលក់ផងដែរ។

 

សូមបញ្ជាក់ផងដែរថាដំណើរការនៃការដាក់លក់នៅលើផ្សារទំនិញអេឡិចត្រូនិចខ្នាតយក្ស Alibaba ខាងលើនេះ គឺគ្រាន់តែជាជំហានដំបូងដែលអ្នកគួរដឹងប៉ុណ្ណោះ ព្រោះថាការដាក់លក់ទាំងនេះនឹងតម្រូវឱ្យមានលក្ខខណ្ឌផ្សេងៗជាច្រើនទៀតជាមួយផលិតផល ច្បាប់ និងប្រភេទអាជីវកម្មរបស់លោកអ្នក។

 

ហេតុដូច្នេះហើយបងប្អូនគួរតែសិក្សាបន្ថែមឱ្យកាន់លម្អិត​និងស៊ីជម្រៅ ពាក់ព័ន្ធនឹងការដាក់លក់នៅលើ Alibaba ប្រសិនបើបងប្អូនមានបំណងឬតម្រូវការក្នុងការដាក់លក់ផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។សម្រាប់ព័ត៌មានបន្ថែមពីការតំឡើងគណនីនិងសេចក្តីលម្អិតអំពីការដាក់លក់សូមចូលទៅកាន់តំណលីងhttps://seller.alibaba.com/how-to-sell ។សូមអរគុណ៕​

 

អត្ថបទដោយ៖ ពីង​ ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia