គេថាភាពមានបានមិនអាចកើតឡើងដោយប្រើពេលតែមួយយប់នោះទេពោលគឺទម្រាំអាចបង្កើតភាពមានបានដូចសព្វថ្ងៃមនុស្សមួយចំនួនបានខិតខំប្រឹងប្រែងកសាងទ្រព្យរាប់ឆ្នាំមកហើយទើបស្គាល់ជាតិសល់លុយសល់ទ្រព្យមានសេរីភាពរស់នៅមិនរងសម្ពាធនៃលុយកាក់។ ភាពមានបានត្រូវការប្រើពេលតែការធ្លាក់ខ្លួនក្រគឺមិនត្រូវការប្រើពេលយូរនោះទេពោលគឺបើអ្នកដើរខុសតែបន្តិចជីវិតអ្នកនឹងធ្លាក់ដល់បាតជាមិនខាន។
ទាក់ទងនឹងការធ្លាក់ខ្លួនក្រ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកត្រូវធ្វើដើម្បីចៀសវាងមានហើយតែបែរជាធ្លាក់ខ្លួនក្រជីវិតធ្លាក់ដល់បាត។
១. កុំឲ្យលុយគេខ្ចីផ្ដេសផ្លាស់
រស់នៅក្នុងសង្គមមនុស្សតែងតែពឹងពាក់គ្នាទៅវិញទៅមក ហើយក្នុងនោះមនុស្សតែងតែពឹងពាក់ផ្នែកលុយកាក់តាមរយៈការខ្ចីលុយគ្នាជាដើម។ យ៉ាងណាមិញមុននឹងអ្នកឲ្យលុយអ្នកណាខ្ចី អ្នកត្រូវដឹងថាតើអ្នកនោះអាចមានលទ្ធភាពសងអ្នកឬអត់។ ជាពិសេសបើគេខ្ចីលុយច្រើនៗ អ្នកត្រូវតម្រូវឲ្យគេដាក់ទ្រព្យបញ្ចាំដើម្បីការពារលុយអ្នកកុំឲ្យបាត់បង់ក្នុងករណនីគេមិនមានលទ្ធភាពសង។ អ៊ីចឹងបើអ្នកចេះតែឲ្យលុយគេខ្ចីស្រួលៗ អ្នកអាចប្រឈមនឹងការបាត់បង់លុយដែលខំរកយ៉ាងលំបាកហើយខ្លួនត្រូវធ្លាក់ខ្លួកក្រក៏ថាបាន។
២. កុំភ្លើតភ្លើន
ត្រង់នេះតែងតែកើតឡើងចំពោះមនុស្សប្រុសច្រើនជាងមនុស្សស្រី។ ស្រី ស្រា និងល្បែងគឺជាកត្តាដែលធ្វើឲ្យមនុស្សប្រុសភ្លើតភ្លើនភ្លេចខ្លួនហើយក៏ជាកត្តាដែលធ្វើឲ្យពួកអ្នកមានៗមួយចំនួនអាចធ្លាក់ខ្លួនដុនដាបយ៉ាងឆាប់រហ័ស។ លើសពីនេះភាពហ៊ឺហាសម្ភារនិយមថ្លៃៗដោយមិនគិតរកវិធីបង្កើនទ្រព្យរបស់ខ្លួនគឺធ្វើឲ្យអ្នកធ្លាក់ខ្លួនក្រយ៉ាងឆាប់រហ័សផងដែរ។ ដូច្នេះទោះជាអ្នកមានបានក៏មិនត្រូវភ្លេចការសន្សំនិងវិនិយោគដែរបើមិនចង់ធ្លាក់ខ្លួនក្រ។
៣. កុំវិនិយោគលើអ្វីដែលអ្នកមិនយល់
ក្នុងសង្គមខ្មែរយើងមានមនុស្សមិនតិចទេដែលខាតបង់លុយយ៉ាងច្រើនដោយសារតែវិនិយោគលើអ្វីដែលពួកគាត់មិនយល់ មិនមានចំណេះដឹងទៅលើអ្វីដែលពួកគាត់កំពុងវិនិយោគ។ ត្រូវចាំថាគ្រប់ការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យហើយការដាក់លុយវិនិយោគដោយលុយយើងនៅក្នុងដៃអ្នកដទៃវាមិនសុវត្ថិភាពដូចយើងកាន់លុយក្នុងដៃខ្លួនឯងនោះទេ។
ត្រូវចាំទៀតថាការឃើញគេរកស៊ីនិងវិនិយោគទទួលបានផ្លែផ្កា ហើយចង់ធ្វើដូចគេដែរដោយគ្មានចំណេះដឹងនិងបទពិសោធន៍ អ្នកអាចនឹងបរាជ័យជាជាងជោគជ័យ។ មិនថាអ្នកលុយច្រើនយ៉ាងនោះទេ បើអ្នកវិនិយោគដោយគ្មានចំណេះដឹង មិនយល់ពីអ្វីដែលអ្នកវិនិយោគទេនោះ អ្នកអាចនឹងខាតបង់លុយបោសគូទខោជាមិនខានឡើយ។
ក្រៅពីនេះ ភាពលាភលន់ក៏ជាកត្តមួយផងដែរដែលធ្វើឲ្យមនុស្សវិនាសជាពិសេសវិនាសទ្រព្យសម្បត្តិតែម្ដង។ ត្រង់នេះក្នុងសង្គមខ្មែរយើងឃើញមានច្រើន ជាក់ស្ដែងពរដ្ឋខ្មែរមួយចំនួនលោភលន់។ បទពិសោធន៍កន្លងមកទាក់ទងនឹងការវិនិយោគពលរដ្ឋខ្មែរចាញ់បោកគេអស់លុយយ៉ាងច្រើន។ ឃើញគេប្រកាសពីគម្រោងវិនិយោគចំណេញលុយច្រើន ដោយគ្រាន់តែដាក់លុយវិនិយោគមួយបានការប្រាក់១០% ២០% ៣០% ក្នុងមួយខែយ៉ាងស្រួល។ ត្រូវចាំការគ្មានលុយណារកបានស្រួលៗនោះទេ ដូច្នេះសូមកុំលោភលន់បើអ្នកឃើញថាវិនិយោគចំណេញច្រើនស្រួលៗ បើអ្នកដាក់លុយវិនិយោគអាចនឹងចាញ់បោកគេក្នុងការវិនិយោគខាតបង់លុយទទេ៕