ចាប់ផ្តើមចូលដល់រដូវប្រាំងអាកាសធាតុក៏ប្រែប្រួលឡើងកម្តៅសីតុណ្ហភាពខ្ពស់ ដែលនឹងបង្កហានិភ័យដល់សុខភាព មនុស្ស ជាពិសេសអ្នកដែលងាយរងគ្រោះបំផុតដូចជាទារក កុមារ និងមនុស្សចាស់ជាដើម។ ដូច្នេះដើម្បីត្រៀមខ្លួនក្នុងរដូវក្តៅនេះ អង្គការគាំពារកុមារ UNICEF ប្រចាំនៅកម្ពុជា បានបង្ហាញការណែនាំអំពីរឿងដែលឪពុកម្តាយគួរធ្វើ និងមិនគួរធ្វើ ដើម្បីជួយការពារសុខភាពកូនៗពីកម្តៅថ្ងៃ។
១. រឿងគួរធ្វើ៖
+ ពិនិត្យកូនៗរបស់អ្នកឱ្យបានទៀងទាត់ ប្រសិនបើពួកគេ ស្រេកទឹក បែកញើស មានអារម្មណ៍ក្តៅ កួត មាត់ស្ងួត និង ស្ថិត ឬឈឺក្បាលជាដើម។ ប្រសិនបើកូនរបស់អ្នកមានអាការៈ មិនស្រួល ក្តៅខ្លួនខ្លាំង វិលមុខ ឬដកដង្ហើមញាប់ សូមយកពួកគេទៅមន្ទីរពេទ្យជាបន្ទាន់។
+ ឱ្យកូនរបស់អ្នកស្លៀកពាក់ខោអាវរលុងព្រោះវាអាចជួយការពារ ការរលាកដោយកម្ដៅថ្ងៃនិងការឡើងកម្ដៅបាន។
+ ពិនិត្យមើលថា កូនរបស់អ្នកញ៉ាំទឹកបានគ្រប់គ្រាន់ហើយឬនៅ។ ពួកគេប្រហែលជាមិនដឹងថា ការខ្វះជាតិទឹក និងការ ឡើងកម្ដៅក្នុងខ្លួន មានអារម្មណ៍បែបណានោះទេ។
+ សូមបំបៅកូនក្រោមអាយុ ៦ខែ ដោយទឹកដោះម្តាយតែមួយមុខគត់ ហើយម្តាយដែលបំបៅដោះកូន គួរតែទទួលទានទឹកឱ្យបានច្រើន ព្រោះការខ្វះជាតិទឹក អាចប៉ះពាល់ដល់ការផលិតទឹកដោះ។ ដោយឡែកចំពោះកុមារដែលមានអាយុចាប់ពី ៦ ខែឡើង គួរញ៉ាំទឹកឱ្យបាន ទៀងទាត់ក្នុងមួយថ្ងៃ។
២. រឿងមិនគួរធ្វើ៖
+ កុំផ្តល់ថ្នាំដល់ទារក ដោយមិនបានពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើពួកគេមានអាការៈឡើងកម្ដៅ។
+ កុំទុកទារក និងកុមារក្នុងកន្លែងបិទជិតដោយ គ្មានខ្យល់ចេញចូល ដូចជារថយន្ត ឬបន្ទប់ដែលមានបង្អួចបិទជិត។
+កុំទុកឱ្យកុមារលេងនៅខាងក្រៅយូរពេក នៅពេលអាកាសធាតុក្តៅនិងមិនបាននៅមើលពួកគេ ព្រោះការហាត់ប្រាណ ឬលេងក្រោមសីតុណ្ហភាពក្តៅ អាចនាំឱ្យបាត់បង់ជាតិទឹក និងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ហើយត្រូវឱ្យពួកគេសម្រាកនៅរៀងរាល់ ៣០នាទីម្តង នៅពេលហាត់ប្រាណឬលេងនៅខាងក្រៅ។
គួរជម្រាបថាបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ តំបន់វាលទំនាបនឹងរងសីតុណ្ហភាពតិចបំផុត២៦អង្សាសេនិងសីតុណ្ហភាពច្រើនបំផុត៣៧អង្សាសេ។ ដោយតំបន់ខ្ពង់រាបសីតុណ្ហតិចបំផុត ២៣អង្សាសេ និងសីតុណ្ហភាពច្រើនបំផុត ៣៧អង្សាសេ ហើយចំពោះតំបន់មាត់សមុទ្រសីតុណ្ហភាពតិចបំផុត២៥ អង្សាសេ និងសីតុណ្ហភាពច្រើនបំផុត៣៥អង្សាសេ៕
អត្ថបទដោយ៖ ពីង ជូអេង