ទិញឲ្យចំណេញ! ហាងមាសមួយនៅភ្នំពេញ បង្ហើប៥ស្នៀត ដើម្បីទិញមាសទុកឲ្យចំណេញ
Toeuy HongJANUARY 29 20233.1 K views

ជាការពិតណាស់ ពលរដ្ឋខ្មែរជាច្រើនតែងតែទិញមាស ដោយអ្នកខ្លះទិញសម្រាប់យកមកប្រើប្រាស់ជាគ្រឿងអលង្ការ ចំណែកអ្នកខ្លះទៀតទុកជាលក្ខណៈការពារពេលមានអាសន្នពួកគាត់អាចលក់មាសដើម្បីយកលុយដោះស្រាយបញ្ហា។ ចំណែកបងប្អូនខ្លះទិញទុកលក់យកប្រាក់ចំណេញជាលក្ខណៈវិនិយោគ។

ទាក់ទងនឹងការទិញមាសទុកលក់យកចំណេញ លោក ចិន ពន្លឺ អ្នកលក់មាសនៅហាង ចែពៅ លក់គ្រឿងអលង្ការបានបង្ហើប៥ចំណុចដែលបងប្អូនគួរធ្វើ ដើម្បីទិញមាសទុកអាចចំណេញ។

១. តាមដានហាងមាស៖ ជាអ្នកវិនិយោគមាស អ្នកត្រូវតែធ្វើការតាមដានហាងឆេងមាសប្រចាំថ្ងៃ ជាពិសេសហាងមាសក្នុងស្រុកដើម្បីដឹងថាតើហាងឆេងមាសប្រែប្រួលចុះឡើងដល់ណា។ អ្វីដែលសំខាន់មិនថាអ្នកវិនិយោគលើអ្វីនោះទេយើងត្រូវទិញនៅពេលវាធ្លាក់ថ្លៃព្រោះអ្នកប្រើថ្លៃដើមទាប ងាយនឹងមានឱកាសចំណេញ។ មិនតែប៉ុណ្ណោះ អ្នកត្រូវទិញមាសនៅហាងណាដែលអ្នកជឿទុកចិត្តនិងមានទុកចិត្ត។

២. តាមដានការវិភាគ៖ ទីផ្សារមាសតែងតែមានអ្នកវិភាគជាពិសេសអ្នកជំនាញ តែងតែវិភាគរអំពីហាងឆេងថាតើមាសឡើងឬចុះនៅពេលណា ងាយស្រួលបងប្អូនត្រៀមលុយសម្រាប់ការទិញមាស។

៣. តាមដានព័ត៌មានជុំវិញពិភពលោក៖ អ្នកជាវិនិយោគ អ្នកត្រូវតាមដានទាក់ទងជាមួយស្ថានភាពសេដ្ឋកិច្ចនិងនយោបាយ វិបត្តិដែលបង្ករឡើងដោយសង្គ្រាមនិង គ្រោះធម្មជាតិជាដើម។

៤. ប្រើកញ្ចប់លុយដែលមិនចាំបាច់ក្នុងការទិញ៖ ទិញនៅពេលដែលមាសចុះ រួចលក់វិញនៅពេលដែលមាសមានការកើនឡើង ហើយត្រូវដឹងថាលុយដែលទិញមាសទុកនោះ ជាលុយដែលមិនមែនជាតម្រូវការក្នុងរយៈពេលខ្លី ព្រោះការទិញមាសទុកចំណេញនេះមិនមែនទិញថ្ងៃនេះស្អែក ឬខែក្រោយចំនេញទេ ពេលខ្លះវាមានរយៈពេលយូរទម្រាំមាសមានការកើនឡើង

៥. ទិញមាសដុំឬមាសសន្លឹកដែលមិនមានថ្លៃឈ្នួល៖ ជាធម្មតាមាសដែលគេកែច្នៃតែងតែមានថ្លៃឈ្នួលដែលអ្នកត្រូវចំណាយលុយច្រើន ហើយឱកាសចំណេញតិច ដូច្នេះអ្នកគួរទិញមាសដែលជាប្រភេទមាសដុំឬមាសដែលមិនមានថ្លៃឈ្នួល។

ចង់ចេះប្រើលុយឲ្យមានប្រសិទ្ធភាព ប្រើលុយឲ្យចំណេញនិងវិនិយោគលុយដើម្បីបង្កើនទ្រព្យអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia