វ័យ៣០ឆ្នាំ ជាវ័យកសាងគ្រួសារ នេះជាក្បួនប្រើលុយ៣ អ្នកគួរធ្វើបើចង់សល់លុយ គ្រួសារមានជីវភាពធូធា
Toeuy HongAUGUST 24 20242.2 K views

 វ័យ៣០ឆ្នាំគឺត្រូវបានគេចាត់ទុកជាវ័យកណ្ដាលហើយក៏ជាវ័យដែលមនុស្សប្រុសស្រីភាគច្រើនបានចាប់ផ្ដើមកសាងគ្រួសារផងដែរ។ ដូច្នេះស្ថិតនៅក្នុងវ័យនេះផ្នែកហិរញ្ញវត្ថុគឺជារឿងសំខាន់ដែលអ្នកគួរគិតគូកសាងឲ្យរឹងមាំដើម្បីឲ្យគ្រួសារមានលំនឹងហើយអាចកសាងទ្រព្យរស់នៅមានសេរីភាព។

ទាក់ទងនឹងហិរញ្ញវត្ថុនេះដែរ ខាងក្រោមនេះគឺជាក្បួនចាត់ចែងលុយចំនួន៣ដែលអ្នកគួរផ្ដោតធ្វើនៅវ័យខ្ទង់៣០ឆ្នាំបើចង់ឲ្យគ្រួសារមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុជាពិសេសជីវភាពធូធា។

. ព្យាយាមដោះបំណុលឬកាត់បន្ថយបំណុលតាមដែលអាចធ្វើបាន

 វ័យ៣០ឆ្នាំមិនមែនជាវ័យដែលចាស់ពេកនោះទេពោលគឺជាវ័យដែលអ្នកមានកម្លាំងពេញក្នុងការប្រឹងប្រែងរកលុយឲ្យបានច្រើនដើម្បីកសាងប្រភពចំណូលសម្រាប់គ្រួសារក៏ដូចជាអនាគតកូនរបស់អ្នក។ ក្នុងនោះដែរបើអ្នកកំពុងមានបំណុលជាប់ខ្លួន អ្នកគួរដោះបំណុលឲ្យអស់ពីខ្លួននិងកាត់បន្ថយបំណុលឲ្យនៅតិចបំផុតតាមដែលអាចធ្វើបាន។

 លោក Andrew Fincher អ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុនៅ VLP Financial Advisors បានលើកឡើងថានៅពេលអ្នកស្ថិតនៅក្នុងវ័យ៣០ឆ្នាំ អ្នកមានសមត្ថភាពក្នុងការរកលុយបានច្រើនដូច្នេះជាពេលវេលាដែលអ្នកអាចបង់ផ្ដាច់បំណុលបានឆាប់ផងដែរ ហើយត្រង់នេះគាត់ក៏បានបញ្ជាក់ថាសូមកុំឲ្យបំណុលជាប់ខ្លួនរហូតដល់វ័យ៤០ឆ្នាំគួរព្យាយាមដោះឲ្យអស់នៅវ័យ៣០ឆ្នាំ។

. សន្សំលុយទុកសម្រាប់ការអប់រំកូន

 បើអ្នកកំពុងមានកូននិងមានគម្រោងយកកូន វ័យខ្ទង់៣០ឆ្នាំគឺជាវ័យដែលអ្នកត្រូវគិតគូលើការសន្សំលុយទុកសម្រាប់ឲ្យកូនទទួលបានការសិក្សានិងការអប់រំបានខ្ពងខ្ពស់។ ការសិក្សារបស់កូនៗអ្នកក៏ត្រូវចំណាយច្រើនដែរ អ៊ីចឹងបើអ្នកមិនចាប់ផ្ដើមសន្សំលុយសម្រាប់ពួកគាត់ទេនោះ  អ្នកអាចនឹងខ្វះខាតលុយសម្រាប់ឲ្យកូនៗទទួលបានការអប់រំជាមួយគុណភាពល្អជាមិនខាន។

. សន្សំនិងវិនិយោគសម្រាប់ចូលនិវត្តន៍

ប្រជាជនខ្មែរយើងមួយចំនួនធំមិនបានគិតគូរឿងសន្សំលុយនិងកសាងប្រភពចំណូលសម្រាប់បម្រុងទុកពេលចូលនិវត្តនោះទេ ដោយមានផ្នត់គំនិតមួយថាពេលចាស់ទៅនឹងមានកូនៗចិញ្ចឹមគាត់វិញជាមិនខាន។ យ៉ាងណាមិញពេលខ្លះការគិតមិនដូចការពិតនោះទេ។ ដូច្នេះអ្នកគួរសន្សំលុយនិងវិនិយោគកសាងប្រភពចំណូលសម្រាប់ត្រៀមទុកពេលចូលនិវត្តន៍។

សម្រាប់ការសន្សំ អ្នកអាចបូកដកគុណចែកមើលថាតើអ្នកគួរសន្សំប៉ុន្មានសម្រាប់បម្រុងទុកចូលនិវត្តន៍។ ឧទាហរណ៍ បើអ្នកចង់បានលុយទុកត្រៀមចូលនិវត្តចំនួន១០ម៉ឺនដុល្លារ អ្នកអាចចាប់ផ្ដើមសន្សំនិងវិនិយោគពីឥឡូវដើម្បីសម្រេចគោលដៅរបស់អ្នក។

ដើម្បីមានប្រភពចំណូលអាចចិញ្ចឹមអ្នកពេលចូលនិវត្តន៍ អ្នកត្រូវវិនិយោគកសាងប្រភពចំណូលអកម្មដែលបង្កើតជាប្រាក់ចំណូលឲ្យអ្នកប្រចាំខែដូចជាវិនិយោគលើអចលនទ្រព្យដាក់ជួល មានដូចជា ខុនដូ ផ្ទះជួល អគារជាដើម។ ក្រៅពីនេះក៏មានការវិនិយោគមួយចំនួនដែលអាចបង្កើតចំណូលផងដែរដូចជាចូលហ៊ុនវិនិយោគក្នុងអាជីវកម្មណាមួយ និងវិនិយោគលើផ្សារភាគហ៊ុនដែលជាការវិនិយោគស្របច្បាប់មិនខ្លាចចាញ់បោកគេ។ ចង់ដឹងកាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia