ក្រោយចូលឆ្នាំនៅតែមានលុយចាយ! ៤ស្នៀតការពារកុំឱ្យដាច់លុយក្រោយពេលបុណ្យទានម្ដងៗ
Toeuy HongAPRIL 1 2024797 views

សប្បាយពេលបុណ្យទានគឺជារឿងធម្មតាប៉ុន្តែបើសប្បាយជ្រុលនោះលទ្ធផលប្រាកដជាមិនធម្មតាឡើយ។ ពេលមានបុណ្យទានម្ដងៗធ្វើបុណ្យផងដើរលេងផងចំណាយលុយមិនស្ដាយទេឱ្យតែបានសប្បាយ ក្រោយពេលបុណ្យទានក៏ឃើញថាលុយអស់រលីងពេលនេះសប្បាយក្លាយជាទុក្ខហើយ។

ហេតុនេះដើម្បីបានសប្បាយនិងសល់លុយក្រោយសប្បាយផងអ្នកត្រូវត្រៀមនូវស្នៀតទាំងនេះទុកសម្រាប់បុណ្យទាន៖

១. ដកលុយទុកសន្សំ

មិនថាពេលវេលាណាទេអ្នកត្រូវតែរក្សាទម្លាប់សន្សំលុយរបស់អ្នកដដែល។ ជាធម្មតាមុនពេលចាត់ចែងការចំណាយជារៀងរាល់ខែអ្នកត្រូវដកលុយសម្រាប់សន្សំទុកជាមុន ហេតុនេះពេលមានបុណ្យទានក៏ដូចគ្នា អ្នកត្រូវតែដាក់លុយចូលក្នុងកញ្ចប់សន្សំរបស់អ្នករួចចាំចាត់ចែងលុយសម្រាប់ចំណាយជាក្រោយ។

២. រៀបគម្រោងសម្រាប់ចំណាយ

ពេលជួបជុំគ្រួសារអ្នកត្រូវត្រៀមលុយសម្រាប់ជូនឪពុកម្ដាយ សម្រាប់ទិញម្ហូបអាហារព្រមទាំងសម្រាប់ទៅវត្ត។ អ្នកត្រូវត្រៀមឱ្យបានរួចរាល់ទាំងមុខងារត្រូវចំណាយព្រមទាំងចំនួនលុយដែលត្រូវចាយ។ ឧទាហរណ៍ថាអ្នកចង់ទិញអ្វីខ្លះជូនឪពុកម្ដាយរបស់អ្នក ហើយអ្នកត្រូវដកលុយប៉ុន្មានសម្រាប់ទិញ?

៣. រៀបគម្រោងសម្រាប់ការដើរលេង

ផ្ដើមពីការរើសកន្លែងដែលអ្នកចង់ទៅរួចហើយត្រៀមរបស់របរសម្រាប់ដំណើរកំសាន្ដមួយនោះឱ្យបានរួចរាល់។ ឧទាហរណ៍ថាអ្នកចង់ទៅលេងកំពង់សោម តើអ្នកត្រូវទិញរបស់អ្វីខ្លះនិងត្រូវចាយលុយអស់ប៉ុន្មានទើបល្មមសម្រាប់ដំណើរកំសាន្តនេះ?

៤. ចាយតាមការកំណត់

អ្ចីដែលសំខាន់បំផុត ក្រោយពីអ្នកបានត្រៀមគម្រោងព្រមទាំងកំណត់ចំនួនលុយសម្រាប់ការចំណាយរួចរាល់ហើយអ្នកត្រូវតែអនុវត្តន៍ មិនត្រូវចាយលុយលើសចំនួនដែលបានកំណត់ឡើយ។ ឧទាហរណ៍ថាអ្នកត្រៀមថានឹងចាយ១០០ដុល្លារនៅពេលអ្នកទៅសៀមរាប ហេតុនេះអ្នកត្រូវតែយកចិត្តទុកដាក់ទៅលើការចំណាយរបស់អ្នកដាច់ខាតមិនត្រូវឱ្យលើស១០០ដុល្លារឡើយ។

សរុបមកនៅពេលអ្នកគ្រប់គ្រងលុយរបស់អ្នកបានល្អ អ្នកប្រាកដជាលែងបារម្ភរឿងដាច់លុយ មិនថាក្រោយពេលបុណ្យទាន ឬរៀងរាល់ចុងខែក៏ដោយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia