រឿងលុយកាក់នេះ អ្នកខ្លះមិនដឹងថាតើត្រូវចាត់ចែងបែបណានោះទេ ជាពិសេសសម្រាប់គូស្វាមីភរិយាខ្លះ ពេលរៀបការហើយមិនដឹងថាត្រូវរៀបចំហិរញ្ញវត្ថុនៅក្នុងគ្រួសារបែបណាដើម្បីឲ្យការគ្រប់គ្រងលុយបានល្អចៀសវាងមានភាពរកាំរកុសព្រោះតែលុយ។
និយាយទាក់ទងនឹងរឿងលុយ ស្រីនា ដែលជាContents Creator ដ៏ល្បីម្នាក់បង្ហោះវីដេអូលើហ្វេសប៊ុកជាមួយលោក ហេង វិសាលកាលពីឆ្នាំ២០២៣ ដោយអ្នកស្រីនិងលោកហេង វិសាលបានចែករំលែកពីគម្រោងគ្រប់គ្រងលុយនៅពេលអ្នកទាំង២រស់នៅជាមួយគ្នាជាប្ដីប្រពន្ធ។
១. មានកុងចំណាយប្រចាំខែផ្ទាល់ខ្លួនរៀងខ្លួន
ស្រីនាបានឲ្យដឹងថាពេលរៀបការហើយអ្នកស្រីនិងស្វាមី( ហេង វិសាល) មានកុងផ្ទាល់ខ្លួនរៀងៗខ្លួនដែលកុងផ្ទាល់ខ្លួនរៀងខ្លួនគឺសម្រាប់ដាក់លុយចំណាយចាំបាច់ប្រចាំខែក៏ដូចជាចំណាយផ្ទាល់ខ្លួនដែលពួកគាត់ត្រូវចំណាយប្រចាំខែ។ ត្រង់នេះស្រីនាបានបញ្ជាក់ថាការមានកុងរៀងខ្លួនគឺមានភាពងាយស្រួលព្រោះពេលស្វាមីអ្នកស្រីត្រូវការលុយចាយមិនចាំបាច់ទៅសុំអ្នកស្រីដែលធ្វើឲ្យអ្នកទាំង២មានអារម្មណ៍ទើសទាល់រវាងគ្នាឬមានបញ្ហារកាំរកុសជាមួយគ្នាព្រោះតែលុយនោះទេ។
២. បង្កើតកុងរួមគ្នា
កុងរួមនេះគឺជាកុងគ្រួសារដោយចំណូលសរុបប្រចាំខែរបស់អ្នកទាំង២ដែលរកបានគឺដាក់នៅក្នុងកុងរួមនេះតែម្ដង។ ត្រង់នេះអ្នកស្រីក៏បានបញ្ជាក់ផងដែរថាចំណូលប្រចាំខែ១០០% គឺដាក់ចូលក្នុងកុងនេះបន្ទាប់មកដកលុយចេញពីកុងនេះមួយចំនួនសម្រាប់ចំណាយចាំបាច់ផ្ទាល់ខ្លួនប្រចាំខែរៀងៗខ្លួន។
កុងរួមគឺជាកុងសម្រាប់ដាក់លុយរួមក្នុងគ្រួសារហើយលុយនេះគឺជាលុយសម្រាប់ទុកចំណាយផ្សេងៗវាអាចជាលុយបម្រុងទុកពេលមានអាសន្នឬលុយសន្សំទុកសម្រាប់ផែនការហិរញ្ញវត្ថុផ្សេងៗដូចជាទុនវិនិយោគនិងរកស៊ីឬលុយសម្រាប់ទុកចំណាយលើតម្រូវការចាំបាច់ក្នុងគ្រួសារ។
គួរបញ្ជាក់ផងដែរថាមនុស្សមួយចំនួនមានភាពរកាំរកុសដោយសារតែលុយ ដូច្នេះពេលរៀបការហើយអ្នកគួរពិភាក្សាជាមួយដៃគូពីការគ្រប់គ្រងលុយថាតើចាត់ចែងបែបណាឲ្យមានប្រសិទ្ធភាពដើម្បីជីវិតកាន់តែរីកចម្រើនចៀសវាងបញ្ហាលុយកាក់ ជាពិសេសបើគ្រួសារអ្នកគ្រប់គ្រងលុយបានល្អជីវភាពគ្រួសារអ្នកនឹងកាន់តែរីកចម្រើនធូធា៕