កុំឱ្យទិញខុស! មកដឹងពីរបៀប មើលទុរេនធម្មជាតិនិងទុរេនប្រើថ្នាំ ណែនាំដោយអ្នកជំនាញវៀតណាម
Ping Chou EngMAY 26 2025129 views

ទុរេនដែលទុំដោយធម្មជាតិ គឺជាទុរេនចាស់ដែលជ្រុះពីដើម។ ជាធម្មតា បន្លារបស់វារាងមូល មានទំហំធំ ហើយទងនៅបៃតងស្រស់ រាងសំប៉ែត មិនមានសភាពស្ងួត និងគ្មានស្នាមអុច។​ ដោយសារតម្រូវការទីផ្សារខ្ពស់ ទើបគេប្រមូលផលទុរេនមុនពេលដែលវាទុំ ហើយឈ្មួញបានប្រើប្រាស់សារធាតុគីមីអោយទុរេនទុំលឿន ដែលបង្កហានិភ័យខ្ពស់ចំពោះសុខភាពអ្នកបរិភោគ។

យោងតាមការលើកឡើងរបស់សាស្ត្រាចារ្យ Nguyen Duy Thinh អ្នកជំនាញចំណីអាហារនិងបច្ចេកវិទ្យានៃ University of Science and Technology ក្នុងប្រទេសវៀតណាម ចុះផ្សាយដោយកាសែត VN Express បានឱ្យដឹងថាដើម្បីចៀសវាងការទិញប៉ះចំទុរេនដែលមានសារធាតុគីមី អ្នកបរិភោគគួរយកចិត្តទុកដាក់លើចំណុចសំខាន់ៗ២នេះ ៖

  • បន្លា៖ ជាធម្មតា ទុរេនដែលទុំដោយធម្មជាតិតែងមានបន្លាបៃតង ក្រាស់ និងមូល។ ចំណែកឯ ទុរេនដែលមិនទាន់ទុំ ឬទុរេនដែលទុំដោយប្រើប្រាស់ថ្នាំគីមី មានបន្លាស្រួច ផុយ និងមានសភាពស្ងួត។
    • ទង៖​​​​​​​ ទុរេនដែលមានទងបៃតង ស្រស់ មិនមានស្នាមអុច អាចសម្គាល់បានថាជាទុរេនដែលទុំដោយមិនប្រើប្រាស់ថ្នាំគីមី។ ផ្ទុយទៅវិញ ទុរេនដែលទងមានសភាពស្ងួត ស្វិត មានស្នាមខ្មៅ គឺជាទុរេនដែលប្រមូលមុនកាលកំណត់ ឬអាចមានប្រើប្រាស់សារធាតុគីមីដែលធ្វើអោយវាទុំ។

    ទោះបីជាយ៉ាងណាក្តី លោក Thinh បានបន្តថា ការកំណត់សម្គាល់នៅលើសំបកតែម្យ៉ាង ក៏មិនអាចត្រូវទាំងស្រុងនោះដែរ។ ការទុំរបស់ទុរេន អាស្រ័យលើបច្ចេកទេសដាំដុះ និងប្រមូលផលជាដើម។ ហេតុដូចនេះ អ្នកបរិភោគគួរតែស្វែងរកអ្នកលក់ដែលខ្លួនទុកចិត្តដើម្បីធានាបាននូវគុណភាព និងប្រភពច្បាស់លាស់។​

    សូមជម្រាបថាបើតាមលោកវេជ្ជបណ្ឌិត Huynh Tan Vu មកពី University of Medicine and Pharmacy Hospital  ក្នុងទីក្រុងហូជីមិញ បានអោយដឹងថា ទុរេនផ្ទុកទៅដោយវីតាមីនសំខាន់ៗដូចជា វីតាមីន C, B6, A, B1, B2, B3 និងអាស៊ីតផូលិច និងសារធាតុរ៉ែសំខាន់ៗដូចជា ប៉ូតាស្យូម ដែក កាល់ស្យូម ម៉ាញ៉េស្យូម សូដ្យូម ស័ង្កសី និងផូស្វ័រ។

    ជាមួយសារធាតុចិញ្ចឹមជាច្រើននេះទុរេនមានអត្ថប្រយោជន៍ជាច្រើនដូចជាជួយពង្រឹងប្រព័ន្ធភាពសាំ ជួយរំលាយអាហារ កាត់បន្ថយកង្វះជាតិដែក បន្ថយសម្ពាធឈាម និងការពារពីជំងឺទាក់ទងនឹងសរសៃឈាមផងដែរ។ មួយវិញទៀត ទុរេនក៏ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ពន្យារភាពចាស់ កាត់បន្ថយការរលាកសន្លាក់ ឈឺក្បាល និងស្រ្តេសជាដើម៕

    អត្ថបទដោយ៖ ដារ៉ូ

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia