មាសគឺជាលោហធាតុមានតម្លៃដែលត្រូវបានគេប្រើប្រាស់ជាគ្រឿងអលង្ការសម្រាប់លម្អលើរាងកាយនិងទិញទុកជាលក្ខណៈវិនិយោគយកផលចំណេញ។ គួបផ្សំនឹងមាសងាយស្រួលទិញលក់ទៀតនោះ មានពលរដ្ឋខ្មែរជាច្រើនតែងតែទិញមាសទុកលក់យកផលចំណេញ។
យ៉ាណាមិញបើបងប្អូនទិញមាសទុកដោយផ្ដោតលើទុកលក់យកប្រាក់ចំណេញការជ្រើសរើសប្រភេទមាសគឺជារឿងសំខាន់ដែលអ្នកត្រូវដឹង។បើយោងតាមការលើកឡើងរបស់លោក ចិន ពន្លឺ អ្នកលក់មាសនៅហាង ចែពៅ លក់គ្រឿងអលង្ការបានឲ្យដឹងថា បើបងប្អូនចង់ទិញមាសទុកជាលក្ខណៈវិនិយោគដោយទិញទុកលក់យកប្រាក់ចំណេញបានច្រើន គួរផ្ដោតទិញតែមាសណាដែលជាប្រភេទមាសដុំឬមាសសន្លឹក ព្រោះប្រភេទមាសទាំងនេះមិនមានថ្លៃឈ្នួលឡើយដូច្នេះយើងងាយបានចំណេញច្រើន។
ក្រៅពីការទិញមាសដែលមិនមានថ្លៃឈ្នួល មានកត្តាផ្សេងជាច្រើនទៀតដែលអ្នកគួរដឹងបើចង់ទិញមាសទុកឲ្យចំណេញ ដូចជាតាមដានហាងឆេងមាសប្រចាំថ្ងៃក្នុងស្រុក ដើម្បីដឹងថាតើហាងឆេងមាសប្រែប្រួលចុះឡើងដល់ណា។ អ្វីដែលសំខាន់មិនថាអ្នកវិនិយោគលើអ្វីនោះទេយើងត្រូវទិញនៅពេលវាធ្លាក់ថ្លៃព្រោះអ្នកប្រើថ្លៃដើមទាប ងាយនឹងមានឱកាសចំណេញ។ មិនតែប៉ុណ្ណោះ អ្នកត្រូវទិញមាសនៅហាងណាដែលអ្នកជឿទុកចិត្តនិងមានទុកចិត្ត។
លើសពីនេះបងប្អូនអាចតាមដានស្ថានភាពសេដ្ឋកិច្ចពិភពលោក ទាក់ទងជាមួយស្ថានភាពសេដ្ឋកិច្ចនិងនយោបាយ វិបត្តិដែលបង្ករឡើងដោយសង្គ្រាមនិង គ្រោះធម្មជាតិជាដើម។ ជាពិសេសតាមដានអ្នកជំនាញ ដែលពួកគាត់តែងតែវិភាគរអំពីហាងឆេងថាតើមាសឡើងឬចុះនៅពេលណា ងាយស្រួលបងប្អូនត្រៀមលុយសម្រាប់ការទិញមាស។
គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃនេះហាងឆេងមាសលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរក្នុងតម្លៃ១,៩៧៦ដុល្លារក្នុងមួយអោន(ស្មើនឹង២,៣៦៩ដុល្លារក្នុងមួយតម្លឹង)។ ចំណែកហាងឆេងមាសនៅទីផ្សារស្រុកយើងវិញបើយោងតាមហាង ចែពៅ លក់គ្រឿងអលង្ការ និងភូមិមាស តម្លៃមាសថ្ងៃនេះមានតម្លៃ ២២៩ដុល្លារក្នុងមួយជី។
ចង់តាមដានព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុក៏ដូចជាការប្រើលុយឲ្យចំណេញ និងវិនិយោគលុយដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕