សេដ្ឋីBill Gates ធ្លាប់លើកឡើងថាកើតមកក្រមិនមែនជាកំហុសរបស់អ្នកទេ តែបើស្លាប់ទៅវិញហើយនៅក្រទើបជាកំហុសរបស់អ្នក។ ដូច្នេះបើអ្នកកំពុងស្ថិតនៅក្នុងជីវិតមួយដែលមិនទាន់មានមានទ្រព្យមានលុយសល់ជាដុំកំភួនទេ អ្នកគួរស្វែងយល់ពីផ្លូវក្នុងការកសាងទ្រព្យ បើមិនចង់ធ្វើការរហូតដល់អស់កម្លាំងធ្វើការលែងកើត។
ទាក់ទងនឹងការកសាងទ្រព្យនេះដែរ Business Cambodia សូមណែនូវក្បួនសាមញ្ញៗមួយចំនួនដែលអ្នកគួរចាប់ផ្ដើមអនុវត្តន៍ដើម្បីកសាងទ្រព្យរបស់អ្នក។
១. មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ
នេះគឺជារឿងសំខាន់ហើយក៏ជាជំហានដំបូងដែលអ្នកត្រូវធ្វើដើម្បីឈានទៅការកសាងទ្រព្យសម្បត្តិរបស់អ្នក។ ប្រជាជនកម្ពុជាមានប្រមាណជា២០%ប៉ុណ្ណោះមានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ។ ជាការពិតណាស់ កាលណាអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ អ្នកនឹងដឹងពីរបៀបក្នុងការចាត់ចែងលុយ និងប្រើប្រាស់លុយឲ្យត្រូវផ្លូវដើម្បីឲ្យជីវិតកាន់តែប្រសើរឡើង។ ចំណេះដឹងដឹងហិរញ្ញវត្ថុគឺសំដៅដល់ការគ្រប់គ្រងចាត់ចែងលុយឲ្យបានត្រឹមត្រូវហើយប្រើប្រាស់លុយដើម្បីបង្កើនទ្រព្យ។ ដើម្បីមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ អ្នកត្រូវអានឲ្យបានច្រើនជាពិសេសសៀវភៅដែលនិយាយពីហិរញ្ញវត្ថុ។
២. កុំចំណាយច្រើនជាងចំណូល
បើអ្នកនៅតែបន្តចំណាយច្រើនជាងចំណូល អ្នកគ្មានថ្ងៃក្លាយជាអ្នកមានបានឡើយ។ អ៊ីចឹងវាទាមទារឲ្យអ្នកយកចិត្តទុកដាក់ក្នុងការចាត់ចែងលុយឲ្យមានប្រសិទ្ធភាព។ វាជារឿងជាក់ស្ដែងនិងមិនអាចប្រកែកបាននោះ បើអ្នកចំណាយច្រើនជាងចំណូល នឹងធ្វើឲ្យជីវិតអ្នកកាន់តែវេទនាព្រោះអ្នកអាចនឹងធ្លាក់ខ្លួនដើរខ្ចីលុយគេ។ លើសពីនេះបើចំណាយច្រើនជាងចំណូលអ្នកគ្មានសល់លុយសម្រាប់យកទៅវិនិយោគនិងរកស៊ីដើម្បីបង្កើនទ្រព្យនោះទេ។
៣. ដកសន្សំមុនចំណាយ
តាមពិតទៅការសន្សំលុយគ្មានថ្ងៃធ្វើឲ្យអ្នកក្លាយជាអ្នកមានបានទេ ប៉ុន្ដែមានសេដ្ឋីជាច្រើនអាចបង្កើតភាពមានបានចេញពីប្រាក់សន្សំនេះ។ រៀងរាល់ខែ អ្នកបើកប្រាក់ខែបានចំណាយលើរឿងជាច្រើនដោយមិនបានដកលុយសម្រាប់សន្សំទាល់តែសោះ។ បើអ្នកនៅតែធ្វើបែបនេះ សូមកែទម្លាប់ព្រោះការមិនចេះសន្សំលុយអាចធ្វើឲ្យអ្នកជួបបញ្ហាហិរញ្ញវត្ថុក្នុងការរស់នៅ។ អ៊ីចឹងសូមអនុវត្តន៍គោលការណ៍ដកប្រាក់មួយកញ្ចប់មកសន្សំនិងវិនិយោគ មុននឹងចំណាយលើរឿងផ្សេងៗក្នុងការរស់នៅ។
៤. ប្រើលុយឲ្យធ្វើការ
បើអ្នកចង់មានទ្រព្យចង់មានលុយហូរហៀរ សូមកុំចំណាយពេញមួយជីវិតធ្វើការដើម្បីតែលុយឬរត់តាមលុយព្រោះការធ្វើការគឺយើងបានត្រឹមតែមានលុយគ្រប់គ្រាន់សម្រាប់ចំណាយក្នុងការរស់នៅប៉ុណ្ណោះ។ ដូច្នេះធ្វើការសល់លុយ ត្រូវចេះប្រើប្រាស់លុយឲ្យធ្វើការឲ្យអ្នកវិញ។ យកលុយឲ្យធ្វើការសម្រាប់អ្នកអាចនិយាយម្យ៉ាងទៀតថាយកលុយបង្កើតលុយ។ ឧទាហរណ៍ អ្នកមានលុយ១ម៉ឺនដុល្លារទិញដីមួយកន្លែង ហើយដាក់ជួលដីនោះឲ្យរកចំណូលឲ្យបាន៥០០៕