ប្រយ័ត្នប្រាក់សន្សំកាន់តែថយចុះ! បើមិនដឹងក្បួនសន្សំទេ ការសន្សំនឹងធ្វើឲ្យអ្នកខាតលុយ
Toeuy HongMAY 21 2024893 views

ការសន្សំលុយគឺជារឿងសំខាន់ដែលបងប្អូនទាំងអស់គ្នាគួរយកចិត្តទុកដាក់ក្នុងការសន្សំជាពិសេសម្រាប់បងប្អូនមានចំណូលទាប គួរព្យាយាមសន្សំតាមលទ្ធភាពដើម្បីមានលុយសម្រាប់តម្រូវការផ្សេងៗនៅក្នុងការរស់នៅ។
ជាការពិតណាស់ការសន្សំប្រាក់គឺក្នុងគោលបំណងធ្វើឲ្យលុយរបស់អ្នកកើនឡើងហើយការសន្សំប្រាក់នេះទៀតសោតត្រូវសន្សំដោយមានគោលដៅច្បាស់លាស់ទើបសន្សំទៅមានន័យដូចជាសន្សំទុកធ្វើជាដើមទុនវិនិយោគឬសន្សំទុកធ្វើជាដើមទុនរកស៊ីជាដើម។

ទាក់ទងនឹងការសន្សំនេះដែរ បើអ្នកនៅតែរក្សាការសន្សំបែបបុរាណទៀតនោះប្រាក់សន្សំរបស់អ្នកនឹងមិនកើនឡើងនោះទេ តែផ្ទុយទៅវិញវាអាចនឹងថយចុះ។ បងប្អូនខ្លះប្រហែលជាឆ្ងល់ហើយម៉េចខំសន្សំបែរជាប្រាក់សន្សំអ្នកថយចុះវិញ។

ការសន្សំបែបបុរាណគឺសំដៅដល់ការសន្សំនៅផ្ទះដូចជាសន្សំដាក់ក្នុងស្រោមខ្នើយ សន្សំដាក់ក្នុងសន្លឹកសៀវភៅឬដាក់ក្នុងទូដែកជាដើម។ ការសន្សំបែបអាចនឹងធ្វើឲ្យលុយអ្នកកាន់តែថយចុះ។ មិនថាអ្នកសន្សំនៅផ្ទះនោះទេ ទោះអ្នកសន្សំនៅធនាគារបានការប្រាក់ក៏ប្រាក់របស់អ្នកអាចថយចុះដែរ បើអ្នកអត្រាការប្រាក់សន្សំរត់មិនទាន់អតិផរណា។

ការថយចុះប្រាក់សន្សំនេះ គឺទាក់ទងនឹងអតិផរណានៅលើទីផ្សារ ពោលគឺមានន័យថាតម្លៃទំនិញឬសេវាកម្មលើទីផ្សារឡើងថ្លៃតែតម្លៃលុយរបស់អ្នកកាន់តែថយចុះ
ឧទាហរណ៍ ឆ្នាំនេះពងទា១គ្រាប់តម្លៃ ៥០០រៀល តែឆ្នាំក្រោយពងទា១គ្រាប់អាចនឹងមានតម្លៃ៧០០រៀល ដែលមានន័យថាទំនិញលើទីផ្សារឡើងថ្លៃ ហើយតម្លៃលុយរបសអ្នកកាន់ថយចុះថោកទៅវិញ។
បងប្អូនខ្លះគិតថាការសន្សំនៅផ្ទះក៏ធ្វើឲ្យលុយពួកគាត់កើនឡើងបើពួកគាត់ព្យាយាមសន្សំជារៀងរាល់ខែ។ តែយ៉ាងណាមិញពួកគាត់ភ្លេចគិតពីអតិផរណាដែលតែងតែស៊ីលុយរបស់ពួកគាត់ព្រោះបើពីមួយឆ្នាំទៅមួយឆ្នាំអតិផរណាកាន់តែកើនឡើងនោះលុយសន្សំពួកគាត់នឹងបាត់បត់តម្លៃឬតម្លៃថយចុះទៅវិញ។

ឧទាហរណ៍ បើអតិផរណាប្រទេសយើងស្ថិតនៅក្នុងអត្រា៣% តែការប្រាក់សន្សំរបស់អ្នក​មិនបានលើស៣% ទេនោះ លុយរបស់អ្នកមិនកើនឡើងឡើយ ផ្ទុយទៅវិញលុយរបស់អ្នកនឹងកាន់តែថយចុះជាមិនខាន។

ដើម្បីឲ្យប្រាក់សន្សំរបស់អ្នកកើនឡើង អ្នកត្រូវដឹងពីក្បួនសន្សំលុយ ជាពិសេសគឺត្រូវយកទៅសន្សំនៅធនាគារដោយជ្រើសរើសគណនីសន្សំមានកាលកំណត់ដើម្បីទទួលបានការប្រាក់ខ្ពស់ អាចបានអត្រាកការប្រាក់សន្សំពី៤ទៅ៧%ក្នុងមួយឆ្នាំ។ ឧទាហរណ៍អ្នកប្រាក់ប្រាក់សន្សំ១,០០០ដុល្លារនៅធនាគារ ជាមួយនឹងអត្រាការប្រាក់៧%ក្នុងឆ្នាំនោះ ១ឆ្នាំក្រោយអ្នកនឹងទទួលបាន១,០៧០ដុល្លារ។

លើសពីនេះ អ្នកអាចយកលុយទៅសន្សំជាមួយរឿងផ្សេងទៀត បើអ្នកគិតថាដាក់ប្រាក់សន្សំនៅធនាគារលុយអ្នកកើនឡើងយឺត។ អ្នកយកលុយទៅធ្វើផ្សេងដែលអាចទួលបានផលចំណេញលើដាក់ធនាគារ ដូចជាយកលុយទៅវិនិយោគលើផ្សារហ៊ុន យកលុយទៅវិនិយោគទិញដីព្រោះការវិនិយោគទិញដីនិងហ៊ុននេះ អាចអ្នកមានឱកាសទទួលបានផលចំណេញលើស១០%ក្នុងមួយឆ្នាំឲ្យតែអ្នកមានចំណេះដឹងនិងស្វែងយល់ពីការវិនិយោគលើវិស័យទាំងនេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia