សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលរដ្ឋបាលក្រុង ស្រុក និងខណ្ឌ។ ការសម្រេចនេះ ធ្វើឡើងក្នុងគោលបំណងធំបំផុតជួយសម្រាលបន្ទុកការចំណាយរបស់អាជីវករប្រកបអាជីវកម្មតូចតា ដោយពុំចាំបាច់ទៅសុំអនុញ្ញាតរដ្ឋបាលក្រុង ស្រុក និងខណ្ឌនោះទេ។
យោងតាមសេក្តីសម្រេចដែលធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា សេវារដ្ឋបាលដែលត្រូវផ្អាករួមមាន អាជីវកម្មស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេសចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម។
តាមរយៈសេចក្តីសម្រេចនេះ ប្រជាពលរដ្ឋដែលធ្វើអាជីវកម្មដូចមានចែងក្នុងសេចក្តីសម្រេច គឺមិនតម្រូវឱ្យទៅសុំច្បាប់អនុញ្ញាតពីរដ្ឋបាលក្រុង ស្រុក និងខណ្ឌនោះឡើយ។