កាលពីថ្មីៗកន្លងទៅនេះ យោងតាមលិខិតរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម បានបញ្ចប់កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលជាមួយមន្ទីរ ពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ដែលមានអាសយដ្ឋានផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លិខិតដដែលក៏បានបញ្ជាក់ទៀតថា ក្នុងន័យនេះ ប.ស.ស. នឹងមិនធ្វើការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ជូនមន្ទីរពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត តាមរយៈការចូលប្រើប្រាស់សេវារបស់សមាជិក ប.ស.ស. ចាប់ពីកាលបរិច្ឆេទនៃការចេញលិខិតជូនដំណឹងនេះតទៅ ករណីសមាជិក ប.ស.ស. ចូលទៅប្រើប្រាស់សេវានៅ មូលដ្ឋានសុខាភិបាលខាងលើនោះការចំណាយជាបន្ទុកផ្ទាល់របស់អ្នកជំងឺ។
គួរបញ្ជាក់ថា ប្រសិនបើមានចម្ងល់ផ្សេងៗ សូមសាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. ធ្វើការទំនាក់ទំនងមក ប.ស.ស. តាមប្រព័ន្ធ Hotline លេខ ១២៨៦៕



