កាលពីយប់ថ្ងៃសៅរិ៍ ទី01 ខែតុលា ឆ្នាំ2022 កន្លងទៅនេះស្ថិតក្នុងទីតាំងនៃភោជនីដ្ឋាន ឡោវទីហ្វាង គឺមានការរៀបចំប្រារព្ធកម្មវិធីសម្ពោធន៍ជាផ្លូវការនូវម៉ូឌែលទូរស័ព្ទចំនួនបីគ្រឿងរបស់ក្រុមហ៊ុន Honor គឺ HONOR Magic4 Pro 5G, HONOR 70 5G, និង HONOR X6។ មិនតែប៉ុណ្ណោះចំពោះការសម្ពោធន៍នេះគឺមានការចូលរួមយ៉ាងកុះករពីសំណាក់ថ្នាក់ដឹកនាំផ្សេងៗរបស់ក្រុមហ៊ុន Honor ក៏ដូចជាតំណាងចែកចាយនិងភ្ញៀវកិត្តិយសយ៉ាងច្រើនផងដែរ។
ក្នុងនោះផងដែរឃើញថា លោក ថង សារី ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Honor ប្រចាំប្រទេសកម្ពុជាបានលើកឡើងយ៉ាងដូច្នេះថា ថ្វីត្បិតតែ Honor ទើបតែលេចវត្តមាននៅក្នុងប្រទេសកម្ពុជាក៏ពិតមែនប៉ុន្តែយីហោស្មាតហ្វូនមួយនេះគឺជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសចិននិងមានការគាំទ្រច្រើន។ លើសពីនេះទៅទៀត Honor រចនាឡើងដោយផ្តោតទៅលើភាពទាន់សម័យ ក៏ដូចជាតម្លៃសមរម្យផងដែរ។
យ៉ាងណាមិញសម្រាប់ស្មាតហ្វូន HONOR ទាំងបីម៉ូឌែល ដែលក្រុមហ៊ុនបានធ្វើការសម្ពោធន៍ជាផ្លូវការកានិងបើកឱ្យ Pre-order កាលពីយប់មិញនេះគឺសុទ្ធសឹងតែមានលក្ខណៈពិសេសៗផ្សេងគ្នារួមជាមួយនឹងតម្លៃសមរម្យអាចទទួលយកបានសម្រាប់ការប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ហើយក្រុមហ៊ុនក៏បានធ្វើការបង្ហាញតម្លៃទាំង3មូលឌែលនេះផងដែរ សម្រាប់ HONOR Magic4 Pro 5G មានតម្លៃ 949 ដុល្លារ, HONOR 70 5G មានតម្លៃ 469 ដុល្លារ, និងមូឌែលចុងក្រោយ HONOR X6 មានតម្លៃត្រឹមតែ 149 ដុល្លារ តែប៉ុណ្ណោះ។
សម្រាប់ HONOR Magic4 Pro 5G គឺមានសមត្ថភាពខ្ពស់ជាងគេ ទាំងកាមេរ៉ាទាំងកម្លាំងម៉ាស៊ីន ដោយស្មាតហ្វូនមួយនេះមានអេក្រង់ទំហំ 6.81អិញ ប្រភេទ LTPO OLED មាន Refresh Rate ដល់ទៅ 120Hz និងអាចបញ្ចេញពន្លឺបានខ្ពស់បំផុតរហូតដល់ 1000nits ឯណោះ។ វាប្រើប្រាស់ទៅដោយឈីប Snapdragon 8 Gen 1 (4nm) ជាមួយនឹងការក្រាលពីលើដោយ Magic UI 6 ផងដែរ។
ចំណុចពិសេសមួយទៀតរបស់ Magic4 Pro 5G នោះគឺ គេបានបំពាក់ទៅដោយកាមេរ៉ាចំនួន3គ្រាប់ដោយលែនគោលមានទំហំ50MP, f/1.8 លែន Ultra-Wide មានទំហំ 50MP, f/2.2 និងលែន Telephoto មានទំហំ 64MP, f/3.5 ហើយវាមានសមត្ថភាពអាច Zoom បានរហូតដល់ទៅ X100 ឯណោះ ហើយវាក៏អាចថតវីដេអូបានដល់ទៅ 4K 60fps ផងដែរ។ សម្រាប់ថ្មវិញវាមានទំហំ4600mAh អាចគាំទ្រទៅលើការសាកល្បឿនលឿនរហូតដល់ 100W។
ចំពោះម៉ូឌែលស្មាតហ្វូនកម្រិតកណ្តាល HONOR 70 5G វិញ ក៏មានសមត្ថភាពខ្លាំងគួរសមដែរ ហើយតម្លៃវិញក៏រឹតតែល្មមទៀត ដោយស្មាតហ្វូនមួយនេះមានរាងស្អាតប្លែកលក្ខណៈ Premium ហើយចំពោះអេក្រង់មុខវាមានទំហំ 6.67អិញ គឺជាប្រភេទ OLED មាន Refresh Rate 120Hz អាចគាំទ្រជាមួយ HDR 10+ និងមានកម្រិតបង្ហាញ 1080x2400pixels ។
លើសពីនេះទៅទៀតទូរស័ព្ទក្នុងកម្រិតតម្លៃប៉ុណ្ណឹងគេបានញាត់ឈីប Snapdragon 778G+ (6nm) ប្រើប្រាស់ទៅដោយ Android 12 រួមជាមួយនឹង Magic UI 6.1 ផងដែរ ហើយវាមាន RAM 8GB និង Storage 128GB។ មិនតែប៉ុណ្ណោះគេបានបំពាក់មកជាមួយនឹងលែនកាមេរ៉ាចំនួន3គ្រាប់ដោយលែនគោលមានទំហំ 54MP, f/1.9 លែន Ultra-Wide មានទំហំ 50MP, f/2.4 និងលែន Depth មានទំហំ 2MP។ វាអាចថតវីដេអូបានដល់កម្រិត 4K 30fps និង 1080p 60fps។ ជាពិសេសវា មានថ្មទំហំ 4800mAh និងអាចគាំទ្រការសាកល្បឿនលឿន 66W ។
ចំពោះម៉ូឌែលកូនពៅគេគឺHONOR X6 មានអេក្រង់ទំហំ 6.5អិញ ប្រភេទ LCD មាន Refresh Rate 60Hz និងអាចបង្ហាញដល់កម្រិត 720X1600Pixels។ ហើយវាប្រើប្រាស់ទៅដោយឈីប Mediatek Helio G25 ប្រើប្រាស់ទៅដោយ Android 12 និងក្រាលពីលើដោយ Magic UI 6.1។ ហើយវាក៏មាន RAM 4GB និង Storage 128GB ផងដែរ។
សម្រាប់កាមេរ៉ាវិញម៉ូឌែល X6 នេះក៏មានលែន3គ្រាប់ដូចគ្នា ដោយលែនទីមួយមានទំហំ 50MP f/1.8 លែន macro និង depth មានទំហំ 2MP ដូចគ្នាហើយក៏អាចថតវីដេអូបានដល់ 1080p 30fps ដែរ ហើយចំពោះថ្មវិញមានទំហំដល់ទៅ 5000mAh ឯណោះ។
អត្ថបទដោយ៖ រិន មករា