រដូវបុណ្យទានធំៗជាពិសេសបុណ្យភ្ជុំបិណ្ឌ ដែលយើងទៅជួបជុំបងប្អូន ជាពិសេសគឺទៅស្រុកកំណើតជួបជុំឪពុកម្តាយ បងប្អូន ជីដូនជីតា។ ទន្ទឹមនឹងនេះមានបងប្អូនភាគច្រើនមានអារម្មណ៍មិនស្រណុក ពេលទៅស្រុកមានញ្ញាតិមិត្តបងប្អូនខ្លះ សួរនាំរឿងផ្ទាល់ខ្លួនច្រើន ដែលធ្វើឱ្យសាមីខ្លួនតានតឹងក្នុងអារម្មណ៍ ពិបាករកពាក្យឆ្លើយ តែបើមិនឆ្លើយខ្លាចមិនសមរម្យ។
ដូច្នេះថ្ងៃនេះយើងសូមលើកយកការសិក្សាស្រាវជ្រាវមួយ អំពីរបៀបឆ្លើយសំណួរ៣យ៉ាងដូចខាងក្រោម សម្រាប់រឿងផ្ទាល់ខ្លួន ដែលយើងបដិសេធមិនចង់ឆ្លើយ តែអាចឆ្លើយបានដោយគួរសមទៅកាន់គេវិញ៖
១. បង្វែងសាច់រឿង ឱ្យគេនិយាយពីខ្លួនឯង៖ ពេលដែលគេសួរដេញដាលអំពីសាច់រឿងដែលយើងឆ្លើយមិនបានណាមួយ ឧទាហរណ៍ដូចជា ប្រាក់ខែប៉ុន្មានរាល់ថ្ងៃ? រកស៊ីអ្វី សល់លុយនឹងគេអត់ហ្នុង?
ក្នុងន័យនេះយើងអាចឆ្លើយទៅវិញជាលក្ខណៈសំណួរបិទ ហើយបង្វែងសាច់រឿងស្រដៀងគ្នា ឱ្យគេនិយាយអំពីខ្លួនឯងវិញជាលក្ខណៈសំណួរបើក ឧទាហរណ៍ដូចជា បាទ/ចាស ប្រាក់ខែខ្ញុំបានមួយល្មមចាយសមរម្យនឹងគេ ចុះឭថាកូនមីងទើបឈប់ធ្វើការចេញរកស៊ី ឥឡូវយ៉ាងម៉េចទៅហើយមីង?
២. ផ្តល់ចម្លើយបែបទូទៅ៖ ការឆ្លើយចម្លើយបែបទូទៅដែលមានលក្ខណៈមិនច្បាស់លាស់ ឧទាហរណ៍នៅពេលគេសួរថា មានសង្សារនៅ?កាលការប្តី/ប្រពន្ធ គេកូនមួយកូនពីរអស់ហើយ ប្រយ័ត្នអត់អ្នកយក? យើងអាចឆ្លើយទៅវិញបានថា បងចាំតែចូលរួមហើយចងដៃឱ្យច្រើនៗទៅពេលណាខ្ញុំរៀបការ!
៣. ប្រាប់គេត្រង់ៗ៖ នេះជាជម្រើសមួយដែលបងប្អូនអាចឆ្លើយត្រង់ៗដោយប្រាប់ទៅអ្នកដែលសួរថាយើងមិនទាន់អាចឆ្លើយបានទេ អធ្យាស្រ័យផង ចាំច្បាស់សិន ចាំធ្វើរួចហើយសិន បើឆ្លើយឥឡូវខ្លាចខុសឬឥឡូវនេះមិនទាន់មានចម្លើយពីរឿងទាំងនេះទេ។
ជាការពិតណាស់ការសួរនាំរបស់បងប្អូនញាតិមិត្តមិនមែនប្រាកដថាពួកគាត់សុទ្ធតែមានចេតនាចង់រំខានផ្លូវចិត្តយើងនោះទេ ឬដេញដោលពីរឿងផ្ទាល់ខ្លួនយើងនោះទេ ពេលខ្លះអាចថាពួកគាត់ចង់ដឹងសុខទុក្ខរបស់យើង ប៉ុន្តែពួកគាត់គ្រាន់តែមិនដឹងអំពីរបៀបសួរឱ្យត្រឹមត្រូវមកកាន់យើងតែប៉ុណ្ណោះ ដែលមូលហេតុទាំងអស់នេះវាអាចបណ្តោលមកពីកត្តាមួយចំនួនដូចជាបរិស្ថានរស់នៅ ផ្នត់គំនិត និងគម្លាតអាយុយើងនិងគាត់ជាដើម៕
អត្ថបទដោយ៖ ពីង ជូអេង