បច្ចុប្បន្នភោជនីដ្ឋាននៅតាមតំបន់ជាយក្រុងកំពុងរីកដូចផ្សិតនិងពេញនិយមយ៉ាងខ្លាំង ហើយទន្ទឹមនឹងភាពពេញនិយមការបើកភោជនីដ្ឋានបែបជាយក្រុង ក៏អាចជួយបងប្អូនកសិករនៅក្នុងតំបន់បានមួយផ្នែកផងដែរ។ មិនតែប៉ុណ្ណោះភោជនីដ្ឋានជាយក្រុង នេះមិនត្រឹមជាកន្លែងដែលមនុស្សទៅគ្រាន់តែមកញាំបាយថ្ងៃត្រង់ហើយទៅវិញនោះទេ វាក៏ជាកន្លែងដែលមនុស្សអាចទៅពិភាក្សាការងារ និងណាត់ជួបមិត្តភក្តិមើលទេសភាពទីក្រុង ក៏ដូចជាលំហែកាយ ដើម្បីកាត់ស្រ្តេស បានផងដែរ ។
ទន្ទឹមនឹងមុខរបរដ៏ពេញនិយមមួយនេះកំពុងមានសន្ទុះខ្លាំងក្នុងនោះក៏មានហាងមិនតិចទេដែលបើកមិនទាន់បានមួយឆ្នាំស្រួលបួលផងក៏បិទទ្វារទៅវិញបាត់ដោយសារតែខ្វះទិចនិកនិងមិនមានក្បួន តែបើក្រឡេកមកមើលភោជនីដ្ឋាន Home Chamkar ទើបប្រឡូកក្នុងវិស័យនេះបានជាងមួយឆ្នាំតែអាចទាញភ្ញៀវចូលឥតដាច់។
យោងតាមកិច្ចសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារ Business អ្នកស្រី ហេង ស្រីសុភី ជាម្ចាស់ភោជនីដ្ឋានHome Chamkar បានលើកឡើងថា “ដើម្បីឱ្យហាងអាជីវកម្មមានគេស្គាល់ច្រើនហើយភាពរឹងមាំនិងឈរជើងបានយូរយើងត្រូវចេះប្រើក្បួន”។ តាមការបញ្ជាក់របស់អ្នកស្រី ហេង ស្រីសុភី ក្បួនលក់របស់ Home Chamkar មានចំនួន៣ ដែលធ្វើឲ្យភ្ញៀវចូលឥតដាច់ ដោយក្បួនទាំងនោះរួមមាន៖
១.បរិយាកាស
ទាក់ទងនិងបរិយាកាស អ្នកស្រី បានលើកឡើងថាបរិយាកាសគឺជាភាពទាក់ទាញយ៉ាងសំខាន់ ព្រោះថាមនុស្សភាគច្រើនគឺ ស្រ្តេសច្រើន ដូច្នេះហើយតែងតែចង់បានបរិយាកាសបែបស្រឡះស្រស់ស្រាយបែបធម្មជាតិនិងភាពស្ងប់ស្ងាត់។ ក្នុងនោះដែរចំពោះភោជនីដ្ឋាន Home Chamkar គឺមានបរិយាកាសបែបធម្មជាតិអមជាមួយទេសភាពទីក្រុងពីត្រើយម្ខាងនិងមើលថ្ងៃលិចបានផងដែរ។
២.តម្លៃ
បន្ទាប់ពីបរិយាកាស អ្វីដែលត្រូវមាននិងមិនអាចខ្វះបានគឺតម្លៃ ប្រសិនបើសបរិយាកាសស្អាតហើយ ល្អហើយតែតម្លៃខ្ពស់ពេក អតិថិជនខ្លះក៏ពិបាកទទួលយកផងដែរ។ ចំពោះ Home chamkar វិញគឺមានតម្លៃសមរម្យ ដែលអាចឱ្យអតិថិជន គ្រប់វ័យចូលបានផងដែរ។
៣.រសជាតិ
បរិយាកាស តម្លៃ អ្វីដែលខ្វះមិនបានគឺរសជាតិ អ្នកស្រី សុភី បានឱ្យដឹងថាប្រសិនបើបរិយាកាស ល្អហើយ តម្លៃសមរម្យ តែបែជារសជាតិម្ហូបពិបាកទទួលយកក៏ជារឿងមិនល្អដែរ សម្រាប់ភោជនីដ្ឋាននីមួយៗ។ ចំណុចចុងក្រោយនេះអ្នកស្រី បានឱ្យដឹងថាចំពោះម្ហូបនៅក្នុងភោជនីដ្ឋានរបស់អ្នកស្រី គឺថ្មីរាល់ថ្ងៃ មិនថាគ្រឿងទេស ឬក៏ត្រីសាច់បន្លែនោះទេ ក៏អ្នកស្រីជាអ្នកធ្វើដោយផ្ទាល់ដៃដែរ។
សូមជម្រាបផងដែរថា HOME Chamkar គឺជាភោជនីយដ្ឋាន និងហាងកាហ្វេមួយ ដែលមានទីតាំងស្ថិតនៅ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានចម្ងាយ ២ គីឡូម៉ែត្រពីកំពង់ចម្លងអរិយក្សត្រ។ ក្រៅពី Coffee និង អាហារ Home Chamkar មានបរិយាកាសបរិសុទ្ធល្អ ទេសភាពស្រស់បំព្រង អាហារដែលមានអនាម័យខ្ពស់ សេវាកម្មល្អ មានកន្លែងអង្គុយក្បែរមាត់ទឹក មើលទេសភាពទីក្រុងភ្នំពេញពីត្រើយម្ខាង និងបានដាំដុះដំណាំហូបផ្លែ និងបន្លែច្រើនប្រភេទសម្រាប់ជូនភ្ញៀវដែលបានមកស្រស់ស្រូបអាហារនៅក្នុងភោជនីយដ្ឋាន។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទាងតាមរយៈpage HOME Chamkar ឬទាក់ទងតាមរយៈលេខទូរស័ព្ទ 017937008/010266008 ៕
location៖ https://goo.gl/maps/Q7ANNDn49bZCqgjJ6
អត្ថបទដោយ៖ ឌឿក ស្រី នុត