យោងតាមអនុក្រឹត្យស្តីពីប្រតិទិនថ្ងៃឈប់សម្រាក សម្រាប់មន្រ្តីរាជការ និយោជិត និងកម្មករ នៅក្នុងឆ្នាំ២០២៥ ថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៅខែឧសភាគឺមានចំនួន៤លើក។ ក្នុងនោះថ្ងៃទី១១ ឧសភា ក៏ត្រូវបានអនុញ្ញាតឱ្យសម្រាក១ថ្ងៃផងដែរសម្រាប់ពិធីបុណ្យវិសាខបូជា ខណៈរដ្ឋាភិបាលនឹងរៀបចំពិធីបុណ្យវិសាខបូជានេះឱ្យមានភាពអធិកអធម។
ក្នុងនោះរាជរដ្ឋាភិបាលបានរៀបចំជាផ្លូវការ នៅថ្ងៃអាទិត្យ ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ឧដុង្គ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងច្រើនអធិក អធម។
ដោយឡែកនៅតាមបណ្តាវត្តអារាមទូទាំងប្រទេសបានរៀបចំពិធីបុណ្យនេះព្រមៗគ្នាដែរ ស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសានាជាសាសនារបស់រដ្ឋ ខណៈបុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ ហើយបានប្រារព្ធធ្វើនៅការិយាល័យអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ។
សូមជម្រាបថាពិធីបុណ្យវិសាខបូជា ជាបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទទូទាំងពិភពលោកក៏ដូចជាកម្ពុជាតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំដើម្បីរម្លឹកនឹកដល់អភិលក្ខិតសម័យ ទាំងបី គឺថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន នាថ្ងៃ ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខដូចគ្នា ។ ការរៀបចំពិធីបុណ្យវិសាខបូជា និងឆ្លងព្រះពុទ្ធសករាជ ២៥៦៨ ឈានចូល ២៥៦៩៕


