សម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តរថយន្តប្រណិតៗ ប្រហែលជានៅមិនសុខទេ ខណៈយីហោឡានចិន HongQi ថ្មីៗនេះទើបនឹងទទួលសិទ្ធផលិតប្រភេទឡានលំដាប់អភិជន HongQi L5 ពីរដ្ឋាភិបាលចិន នេះបើយោងតាមការចុះផ្សាយពីសំណាក់សារព័ត៌មានឡានចិន CarNewsChina។
ប្រភពដដែលបានឱ្យដឹងទៀតថា ឡាន HongQi L5 នេះជាប្រភេទឡានម៉ាស៊ីនចំណុះ ៤.០លីត្រ ស៊ីឡាំង V8 ហើយការរចនាឡើងនៃរូបរាង HongQi L5 នេះ កន្លងមកត្រូវបានប្រើប្រាស់សម្រាប់មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិន ដែលរូបរាងស្រដៀងទៅនឹង Hongqi CA770 ។ ទោះបីជាយ៉ាងណា សម្រាប់ការសុំច្បាប់អនុញ្ញាតផលិតនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន HongQi អាចធ្វើការផលិត សម្រាប់លក់ឱ្យមហាជនទូទៅបាន ជាមួយនឹងតម្លៃនៅចិន ៥លានយ័ន ឬប្រហាក់ប្រហែលទៅនឹង ៦៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
គួរជំរាបផងដែរថា Hongqi ជាក្រុមហ៊ុនឡានធំបំផុតមួយនៅប្រទេសចិន ស្ថិតនៅក្រុមហ៊ុន FAW Group កាន់កាប់ដោយរដ្ឋាភិបាល។ ក្នុងការផលិតឡានរបស់ Hongqi ត្រូវបានបែងចែកជាបីលំដាក់ ដោយទី១ L Series សម្រាប់មន្ត្រីជាន់ខ្ពស់ ឬអ្នកធ្វើការក្នុងជួររាជរដ្ឋាភិបាល ទី២ H Series សម្រាប់បុគ្គលលំដាក់ខ្ពស់ អាចនិយាយបានថាជាអ្នកកាន់តំណែងធំណាមួយក្នុងក្រុមហ៊ុន ហើយទី៣ L Series សម្រាប់មហាជនធម្មតាដែលមានសមត្ថភាពអាចទិញឡានតម្លៃក្បែរ ៧០ម៉ឺនដុល្លារមកជិះ៕