អស្ចារ្យមែន! មកដឹងប្រវត្តិ និងអត្ថន័យនៃការបង្កើត ប្រាសាទកោះកែរ ទើបចូលជាបេតិកភណ្ឌពិភពលោក
Kan DaraSEPTEMBER 18 2023681 views

ជារឿងដ៏គួរឲ្យអបអរសាទរ ដែលរ​ម្មណី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រកម្ពុជា ប្រាសាទ កោះកែរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នេះបើយោងតាមការចុះផ្សាយរបស់ UNESCO Cambodia  នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

A

យ៉ាងណាមិញ បើយើងងាកមកមើលសវតារបស់ ប្រាសាទ កោះកែរ ឬ​ កោះកេរ្តិ៍ (​ធោ​ក​គ​គ្យិ៍​រ​) វិញគឺជា អតីតរាជធានីបុរាណរបស់ខ្មែរ ដែលបានបន្សល់​ទុកនូវ​ស្លាកស្នាម​ជា​ប្រវត្តិសាស្ត្រ​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំមកហើយ។

As Large

យោងតាម​ឯកសារ​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​ថា ប្រាសាទកោះកែរ បានកសាងឡើងក្នុងរជ្ជកាល ព្រះបាទជ័យវរ័្មនទី៤ អំឡុងទសវត្សរ៍ឆ្នាំ៩២១ ដើម្បីឧទ្ទិសដល់អាទិទេពមួយអង្គព្រះនាម «ត្រីភូវនេស្វរៈ» ដែលសិលាចារិក ប្រែជាភាសាខ្មែរថា «កម្រតែងដ៏រាជា» ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។

Xx Large

បច្ចុប្បន្ន ប្រាសាទ កោះកែរ ត្រូវបានចាត់ទុកថា ជា​ប្រាសាទភ្នំ​មានកំ​ពស់​៣៥​ម៉ែត្រ ចែក​ចេញ​ជា​៧​ថ្នាក់​ដូច​មហា​ចេ​តី​យ​ពីរ៉ាមីត បែរមុខ​ទៅ​ទិស​ខាងលិច​ទៅ​រក​រាជធានី​អង្គរ។ មាន​ជណ្តើរ​ចំនួន​៥៥​កាំ (​សព្វថ្ងៃ​មិន​អាច​ប្រើ​បាន​) លើ​កំពូល​មាន​រូបចម្លាក់​ទម្រ​ព្រះ​សេវ​លិង្គ ហើយ​ចំ​កណ្តាល​មាន​មាត់​អណ្តូង​ប្រវែង​៤​ម៉ែត្រ​៤​ជ្រុង​ចុះ​ទៅ​ក្រោម តែ​មិន​អាច​មើលឃើញ​ដល់​បាត​ព្រោះ​ដុះ​លុប​ជិត​អស់។ ​នៅ​ជុំវិញ​ប្រាសាទ​នេះ ក្រុម​ស្រាវជ្រាវ​កំពុង​រុករក​មាន​ប្រាសាទតូច​ៗ​ចំនួន​៩៦​បន្ថែម​ទៀត នៅ​ដាច់​ៗ​ពី​គ្នា ដែល​មាន​ចម្ងាយ​ពី​គ្នា​ពី​១​គីឡូម៉ែត្រ ទៅ​៣​ឬ​៤​គីឡូម៉ែត្រ ខណៈ​​ប្រាសាទ​ខ្លះ​បានបាក់បែក​បាត់​រូបរាង និង​នៅ​កប់​ក្នុង​ដី​ជា​ច្រើន​ទៀត។

Fn 2022 02 09 15 45 21 0

គួរជម្រាបផងដែរថា ប្រាសាទ កោះកែរ មានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តំប​ន់ប្រាសាទដ៏វិសុទ្ធនេះមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៤៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

X

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia