ផ្លូវដែកគឺជាចំណែកមួយដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ហើយសព្វថ្ងៃនេះនៅប្រទេសកម្ពុជាមានផ្លូវដែកជាច្រើនខ្សែក៏ប៉ុន្តែផ្លូវដែកទាំងនោះសុទ្ធតែមានសភាពចាស់ៗ ព្រោះថាផ្លូវដែកទាំងនោះត្រូវបានសាងសង់ឡើងជាច្រើនឆ្នាំមកហើយ។ ហើយនេះជាហេតុបណ្ដាលអោយមានភាពយឺតយ៉ាវក្នុងការដឹកជញ្ជូនទំនិញ។ ប៉ុន្ដែយ៉ាងណា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងធ្វើការសិក្សាដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ផ្លូវដែកទាំងនេះ ឲ្យទៅជាផ្លូវដែកល្បឿនលឿន ដើម្បីពន្លឿនការដឹកទំនិញបានចាប់រហ័សជាងមុន។
ជាក់ស្ដែងថ្មីៗនេះ មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបថា ក្រសួងកំពុងធ្វើការសិក្សាផ្លូវដែកចាស់ៗដែលតភ្ជាប់ទីតាំងចំនួន ៣ គឺពីប៉ោយប៉ែត មកភ្នំពេញ និងពីភ្នំពេញទៅខេត្ដព្រះសីហនុ ទៅជាផ្លូវដែកល្បឿនលឿនផងដែរ។
យោងតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធីសំណេះសំណាលជាមួយយុវជនក្រសួង និងនិស្សិតវិទ្យាស្ថាននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា “ យើងកំពុងសិក្សាកែផ្លូវដែក ទៅជាផ្លូវដែកល្បឿនលឿន ដែលធ្វើដំណើរពី ប៉ោយប៉ែត ចូលទីក្រុងភ្នំពេញ និង ពីភ្នំពេញ ចូលដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ តែម្ដង ”។ ឯកឧត្ដមបន្ដថា បច្ចុប្បន្ន មានផ្លូវដែកពីរខ្សែ ដែលត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ តាមរយៈ ការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC)។
សូមជម្រាបថា ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកល្បឿនលឿន នេះកន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏ធ្លាបបានលើកទឹកចិត្តនិងជំរុញអោយក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នដែលពាក់ព័ន្ធ ធ្វើការសិក្សាកែលម្អរអំពីផ្លូវដែកដែលមានស្រាប់ទៅជាផ្លូវដែកល្បឿនលឿន ដើម្បីជាជំនួយក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត រតនៈ


