ជាប្រទេសកំពុងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធគឺសំខាន់ ព្រោះនេះជាចំណុចដ៏ទាក់ទាញមួយដែលបង្ហាញពីភាពជឿនលឿននិងភាពទាន់សម័យរបស់ប្រទេសនីមួយៗ។ ជាក់ស្ដែងនៅ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់កម្ពុជានៅតែបង្ហាញពីកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ដោយសង្កេតឃើញវត្តមានអគារខ្ពស់ៗរះបន្តកន្ទុយគ្នានៅកណ្តាលរាជធានីភ្នំពេញ។ កត្តានេះហើយធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានសម្រស់ស្រស់ស្អាតមិនចាញ់បរទេសឡើយ។
ថ្ងៃនេះ Business Cambodia នឹងនាំមកបងប្អូនមកស្គាលអគារខ្ពស់ៗទាំង ៥ នៅស្រុកខ្មែរដែលកំពុងរះនៅកណ្ដាលរាជធានី ខណៈអគារទាំងនេះមានតម្លៃសរុបរាប់រយលានដុល្លារ ៖
១. អគារ The Peak Shangri-la
ជាអគារពាណិជ្ជកម្មខ្ពស់ជាងគេបំផុតក្នុងរាជធានីភ្នំពេញគិតត្រឹមឆ្នាំ២០២២។ អគារនេះមានកម្ពស់ ៥៥ជាន់ ស្មើនឹង ២២៤ម៉ែត្រ មានរូបរាងខ្ពស់សន្លឹមនៅក្បែរកោះពេជ្រ ត្រូវបានវិនិយោគដោយក្រុមហ៊ុនសិង្ហបុរី។ ជាអគារមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ប្រណីត និងមានសណ្ឋាគារ The Shangri-La ជាសណ្ឋាគារលំដាប់ផ្តាយប្រាំ ប្រកបដោយកិត្យានុភាព ដែលមានខុនដូចំនួន ១០១៤យូនីត ជាមួយនឹងទុនវិនិយោគ ៥៨០លានដុល្លារ។
២. Chip Mong Tower
អគារ ជីប ម៉ុង ថៅវើ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស៥ មករា ដែលជាតំបន់សេដ្ឋកិច្ចនិងប្រកបទៅដោយការអភិវឌ្ឍ ដែលនឹងអនុញ្ញាតឲ្យ អគារពាណិជ្ជកម្មចម្រុះនេះ រួមចំណែកពង្រីកសក្ដានុពលរាជធានីភ្នំពេញកាន់តែខ្លាំងឡើងមួយកម្រិតទៀត។
អគារនេះត្រូវបានសាងសង់លើផ្ទៃដី ទំហំ៨០០០ម៉ែត្រការ៉េ ដែលមានតម្លៃ៥០លានដុល្លារ និងតួអគារទាំងមូលដែលមាន ផ្ទៃជាង១០ម៉ឺនម៉ែត្រការ៉េ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១៥០លានដុល្លារ និងមានចំនួន៤៥ជាន់។ ខណៈ ២០ជាន់ជាសណ្ឋាគារលំដាប់ផ្កាយ៣ Fairfield by Marriott Phnom Penh, ១០ជាន់សម្រាប់ការិយាល័យ, ៥ជាន់សម្រាប់មណ្ឌលផ្សារទំនើប ជីប ម៉ុង, ៩ជាន់សម្រាប់ចំណតរថយន្ត និងជាន់ក្រោមដី។
៣. អគារ Morgan Tower
អគានេះមានកម្ពស់ ៤៦ជាន់ ស្មើនឹង ២១០ម៉ែត្រ បានបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីចុងឆ្នាំ២០២០។ អគារនេះប្រើទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារ ជាអគារការិយាល័យបានទទួលពានរង្វាន់ មាសលំដាប់អន្តរជាតិចំនួន៤ ក្នុងនោះមានមជ្ឈមណ្ឌលអាជីវកម្មស្នូលរបស់ប្រទេសកម្ពុជា ពីអង្គការអន្តរជាតិ LEED និងក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Asia ក៏បង្ហាញថាប្រទេសកម្ពុជាបានបើកជំនួញទីក្រុងអន្តរជាតិជំនាន់ថ្មី។
៤. អគារវឌ្ឍនៈ Vattanac Capital Tower
អគារវឌ្ឍនៈកាពីតាល់ ត្រូវបានសាងសង់ នៅលើចិញ្ចើមផ្លូវមហាវិថីព្រះមុនីវង្ស ស្ថិតនៅខាងជើងអាគារកាណាឌីយ៉ា។អគារនេះសង់ឡើងជារូបរាងសត្វនាគរាជ ដែលតំណាងអោយភាពត្រជាក់ត្រជុំ និងភាពរុងរឿង របស់រាជាណាចក្រអច្ឆរិយៈ ដែលបានសាងសង់រួចតាំងពីឆ្នាំ ២០១៤ និង ត្រូវបានដាក់សម្ពោធជាផ្លូវការ ក្នុងឆ្នាំ២០១៨។
អាគារដ៏ស្កឹមស្កៃនេះ មានកំពស់ ៣៩ ជាន់ស្នើនឹង ១៨៧.៣ម៉ែត្រ ដែលមានតម្លៃជាង ១០០លានដុល្លារ រចនាម៉ូត សាងសង់ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះរបស់អង់គ្លេស គឺក្រុមហ៊ុន TFP Farrels ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់អាគារខ្ពស់ៗក្នុងពិភពលោក។
៥. The Peak Residences
អគារដ៏ប្រណិតនេះមានកម្ពស់ ៥៥ ជាន់ ស្នើនឹង ២១៨ ម៉ែត្រ គឺជាប្រភេទអគារភ្លោះជាប់គ្នា ប្រណីត កប់ពពក ដែលមានហាង ភោជនីយដ្ឋាន ការិយាល័យចម្រុះគ្នានៅទីនោះ ដែលមានប្រមាណ ៥០០ បន្ទប់។ អគារនេះ កើតចេញជារូបរាង ឡើង បន្ទាប់ពីមានភាពជោគជ័យនៃគម្រោង The Bridge ហើយបានក្លាយជាអគារតំណាងឱ្យនិមិត្តសញ្ញានៃ ការអភិវឌ្ឍទីក្រុងភ្នំពេញ។
អត្ថបទដោយ៖ ឌឿក ស្រីនុត


