ទុនតិច តែចំណូលធំ! នេះជារបរសាមញ្ញទាំង៤ ដែលចាយទុនជាង ៤០ម៉ឺន៛ តែរកចំណូលបានខ្ទង់ពាន់$
ធី ស្រីល័ក្ខMARCH 24 20232.3 K views

ការចាប់ផ្តើមមុខរបររកស៊ីមិនចាំបាច់ទាល់តែមានដើមទុនធំទើបអាចធ្វើបាននោះឡើយ ពោលឱ្យតែយើងមានភាពច្នៃប្រឌិតហើយអាជីវកម្មយើងមានភាពទាក់ទាញទោះបីជាផ្តើមដោយទុនតិចក៏អាចរកចំណូលធំបានដែរ។ តួយ៉ាងដូចជា របរសាមញ្ញទាំង៤ នេះ ចាយទុនរកស៊ីជាង ៤០ម៉ឺនរៀលប៉ុណ្ណោះតែអាចរកចំណូលបានវិញខ្ទង់ពាន់ដុល្លារ អាជីវកម្មទាំងនោះមានដូចជា៖

១.ច្នៃឬស្សីធ្វើជាកាដូរមង្គលការ៖ ចំពោះមុខរបរច្នៃឬស្សីធ្វើជាកាដូរមង្គលការនេះ ត្រូវបានអតីតនិស្សិតបរិញ្ញាបត្រនៅចិនម្នាក់គឺកញ្ញា សាម សុភាព ដោយពីដំបូងឡើយកញ្ញាបានចាប់ផ្តើមដោយទុនជាង៤០ម៉ឺនរៀលដើម្បីប្រមូលទិញផលិតផលធ្វើអំពីឫស្សី មករៀបចំតុបតែងជាកាដូរអនុស្សាវរីយ៍ ដោយខ្លួនឯង  និងច្នៃម៉ូតថ្មីដោយតាមរយៈការមើលយូធូបបន្ថែមផងដែរ។

របរមួយនេះដែរ គឺកញ្ញារកស៊ីដោយក្តីស្រលាញ់ ធ្វើដោយក្តីពេញចិត្តព្រមទាំងមានភាពស្មោះត្រង់ជាមួយអតិថិជនបានធ្វើឱ្យមុខរបរច្នៃឬស្សីចេញជាកាដូរនៅថ្ងៃមង្គលការកាន់តែមានអតិថិជនកម្មង់ឥតដាច់ ហើយពេលដល់ឆ្នាំគេរៀបអាពាហ៍ពិពាហ៍គឺសិប្បកម្មកញ្ញាទទួលបានការកម្មង់ឥតឈប់ឈររហូតធ្វើឱ្យកញ្ញារកចំណូលបានខ្ទង់ពាន់ដុល្លារផងដែរ។

ជាចុងក្រោយកញ្ញាសាម សុភាព ដែលជាម្ចាស់សិប្បកម្មច្នៃកាដូរមង្គលការ បានបញ្ជាក់ថា ចំពោះអ្នកភូមិនៅតាមខេត្តណាក៏ដោយ ដែលពួកគាត់ចេះច្នៃវត្ថុអនុស្សាវីយ៍ធ្វើដោយដៃដែលមានរាងតូចៗយើងអាចកែច្នៃបានបន្តទៀត ពុកម៉ែបងប្អូនទាំងអស់គ្នាអាចទាក់ទងមកកញ្ញាបានគឺកញ្ញាចាំទិញគ្រប់ពេលតែម្តង។ លេខទំនាក់ទំនង ០៩៣ ៥០៧ ០០២ ឬតាមរយៈហ្វេសប៊ុកផេក សុជាតា សិប្បកម្មខ្មែរ។

២. ច្នៃអំពិលទុំ ចេញជាភេសជ្ជៈ៖ លោកសុខធី បាននិយាយថា ចំពោះដើមទុនដំបូងនៃការប្រកបរបរនេះពីដំបូងឡើយលោកមានដើមទុន តែ ៦០ដុល្លារទេដោយលុយ២៥ដុល្លារលោកបានឱ្យម្តាយទិញវត្ថុធាតុដើមដើម្បីធ្វើនឹង៣៥ដុល្លារទៀត សម្រាប់ទិញកែវ នឹងធ្វើស្ទឹងឃឺ ដើម្បីវេចខ្ចប់ផលិតផល។ ភ្លាមៗនោះលោកក៏ចាប់ផ្តើម ប្រកាសជ្រើសរើសបុគ្គលិកទីផ្សារចំនួន ២នាក់ ដើម្បីចុះបេសកម្មធ្វើទីផ្សារ ក្នុងខេត្តសៀមរាប ចាប់តាំងពីពេលនោះមក ដំណើរការជីវកម្មរបស់លោកក៏ចាប់ផ្តើមមានគេស្គាល់ច្រើនរហូតមកដល់ពេលនេះ។

ស្ថាបនិកសហគ្រាសភេសជ្ជៈទឹកអំពិលទុំស្នាដៃអ្នកម្តាយ បានបន្តទៀតថា លោកបានចាប់ផ្តើមកែច្នៃទឹកអំពិលទុំចេញជា៤ រសជាតិទៀត គឺទឹកអំពិលទុំរសជាតិដើម ទឹកអំពិលទុំ សណ្ដែកដីល្ងស ទឹកអំពិលទុំ ដំណាប់កន្ទួតល្ងស ទឹកអំពិលទុំ ខ្ញីល្ងស នឹងភេសជ្ជៈថ្មី នោះគឺ ទឹកក្រូចឆ្មាកាំបួយទឹកឃ្មុំ ដែលកំពុងទទួលបានការគាំទ្រច្រើន ពីអតិថជនគ្រប់វ័យ ហើយមកដល់ពេលនេះផលិតផលទឹកអំពិលទុំស្នាដៃអ្នកម្តាយ បានដាក់លក់នៅលើកទីផ្សារទូទាំងប្រទេសកម្ពុជាហើយ តាមរយះហាងឬតូបការហ្វេ ផ្សារទំនើប ព្រមទាំងដៃគូចែកចាយបន្ត កាន់តែពិសេស សម្រាប់អតិថីជននៅក្រៅប្រទេសទាំងអស់ អាចស្វែងរកទិញផលិតផលទឹកអំពិលទុំបាន នៅក្នុងផ្សារ ក្នុងផ្សារ ខេមបូឌាត្រេដបានហើយ ក្រោមការគ្រប់គ្រង់ដោយផ្ទាល់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

៣. ច្នៃស្នែងគោ ស្នែងក្របីធ្វើជាអនុស្សាវរីយ៍៖ លោកស្រីចន្តា ដែលជាអ្នកគ្រប់គ្រង ហាងសុមនា ផលិតផលស្នែង បានិយាយថា លោកស្រីព្រមទាំងស្វាមីបានសម្រេចចិត្តសាកល្បងបើកអាជីវកម្មច្នៃស្នែងនេះជាលក្ខណៈតូចតាចសិនក្នុងឆ្នាំ២០០២ ដោយផ្តើមពីទុនត្រឹម ៤០ម៉ឺនរៀលប៉ុណ្ណោះ។

នៅក្នុងនោះដែរ ហាងរបស់លោកស្រីបានច្នៃស្នែងគោ ស្នែងក្របី ចេញជាគ្រឿងអលង្ការដែលមានដូចជា ក្រវិល ខ្សែរក ចិញ្ចៀន ខ្សែរដៃ និងមានលក់ផលិតផលមួយចំនួនទៀតគឺប្រដាប់ស៊កស្បែកជើង សេនម៉ាស្សា គោម ឧបករណ៍ភ្លេងខ្មែរ បន្តោងសោរ ខ្សែរក្រវ៉ាត់ កាំបិត និងផលិតផលមួយចំនួនទៀតផងដែរ។ ដូច្នេះហើយសូមបងប្អូនប្រជាជនខ្មែរ កុំភ្លេចជួយគាំទ្រផលិតផលខ្មែរបើបងប្អូនចាប់អារម្មណ៍ចង់ជាវឬចង់សួរព័ត៌មានផ្សេងៗអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០១១ ៨០៥ ៨៦៦/ ០៨៧ ៤៤ ៧៣ ៨៦  ឬឆាតទៅកាន់ហ្វេសប៊ុកផេក Somonea ផលិតផលស្នែង។

៤. ច្នៃពន្លៃ ធ្វើស្រ្កាប់ធម្មជាតិ៖ អ្នកនាង ឆែ កញ្ញា បច្ចុប្បន្នគឺជាអគ្គនាយិកាសិប្បកម្មពន្លៃធម្មជាតិ បាននិយាយថា ចំពោះមុខរបរនេះពីដើមចយឡើយអ្នកនាងមានទុនត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ ដោយអ្នកនាងបានយកលុយទាំងនោះទៅធ្វើជាពន្លៃធម្មជាតិ ផ្លាស់ប្តូរពីអាជីវកម្មលក្ខណៈគ្រួសារ រហូតក្លាយជាអាជីវកម្មខ្នាតធំ ដាក់លក់ពេញទីផ្សារ និងធ្វើលក់ឱ្យភ្ញៀវសឹងតែមិនទាន់។

អ្នកនាង ឆែ កញ្ញា បានឱ្យដឹងបន្ថែមថា មូលហេតុដែលធ្វើឱ្យអាជីវកម្មនេះចាយទុនអស់តិចបែបនេះ ដោយសារតែនៅពេលចេញរកស៊ីដំបូងអាជីវកម្មតូចមួយនេះក្នុងឆ្នាំ ២០១៧ វាគ្រាន់តែជាអាជីវកម្មលក្ខណៈគ្រួសារប៉ុណ្ណោះ ពោលគឺធ្វើលក់ឱ្យតែបងប្អូនខ្លួនឯងប្រើ មិនដែលគិតថាអាចក្លាយជាសិប្បកម្មផលិតលក់បានពេញប្រទេសបែបនេះឡើយ។តែក្រោយៗមកចេះតែមានការកម្មង់ទិញតៗគ្នាជាហេតុធ្វើឱ្យបងអាចបង្កើនការលក់បន្តិចម្តងៗរហូតក្លាយជាសិប្បកម្មដែរ មានការវេចខ្ចប់ផុសលក់ចែកចាយពេញបណ្តាញសង្គមមកដល់ពេលបច្ចុប្បន្ន។

អគ្គនាយិកា សិប្បកម្មពន្លៃធម្មជាតិ បានបង្ហើបថា មូលហេតុដែលធ្វើឱ្យអាជីវកម្មនេះចាយទុនតិចបែបនេះ ដោយសារអាជីវកម្មប្រភេទនេះប្រើទុនដើម្បីតែទិញកំប៉ុង និងវត្ថុធាតុដើមបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯគ្រឿងពន្លៃ រមៀតផ្សេងៗគឺយើងអាចប្រមូលបាននៅជុំវិញផ្ទះហើយយកវាមកក្រឡុកឬកិនឱ្យម៉ដ្ឋគឺអាចដាក់លក់បានហើយ មិនចំណាយច្រើនអ្វីឡើយ។ ក្រោយលក់បានលុយហើយទើបយកទុននោះមកបង្វិលទិញវត្ថុធាតុដើមចូល និយាយទៅគឺលក់លុយបង្វិល។

សូមបញ្ជាក់ថា ខាងលើនេះជាមុខរបរទាំ៤ ដែលកូនខ្មែរបានចាប់ផ្តើមរកស៊ីដោយទុនជាង ៤០ម៉ឺនរៀលប៉ុណ្ណោះ តែព្រោះតែមានភាពច្នៃប្រឌិតខ្ពស់ក៏ដូចជាអាជីវកម្មមានភាពទាក់ទាញបានធ្វើឱ្យពួកគាត់អាចរកចំណូលបានខ្ទង់ពាន់ដុល្លារឯណោះក្នុងមួយខែ ដូច្នេះហើយប្រសិនជាលោក លោកស្រីមានទុនតិចហើយចង់មានមុខរបរដូចគេត្រូវតែរើសមុខរបរឱ្យបានត្រឹមត្រូវហើយមុខរបរយើងត្រូវតែពិសេសជាងគេទើបអាចមានការគាំទ្រនឹងរកចំណូលបានច្រើនផងដែរ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia