លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ផ្ដល់អនុសាសន៍៦ចំណុច ដល់ប្រធានសមាគមសិល្បករខ្មែរ ដើម្បីបន្តដឹកនាំអភិវឌ្ឍវិស័យសិល្បៈឲ្យកាន់តែរីកចម្រើន
Toeuy HongAUGUST 6 202472 views

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ ចូលជួបសំណេះសំណាលសម្ដែងការគួរសមជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិកម្ពុជា និងទទួលអនុសាសន៍ណែនាំ។

H5

នៅក្នុងជំនួបសំណេះសំណាលនេះដែរ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ក៏បានស្នើឱ្យមានការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ ជាមួយនឹងសមាគមកាយឫទ្ធិកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ដើម្បីធ្វើកិច្ចការងារ សង្គមរួមគ្នាផងដែរ។

H6

ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជាបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានក្នុងរយៈពេល កន្លងមកនេះ ដែលបានធ្វើកិច្ចការងារជាច្រើនក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈវប្បធម៌ ក៏ដូចជាកិច្ចការងារចូលរួមចំណែកជួយដល់សង្គមជាតិ។

H2

 លើសពីនេះជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែតបានផ្ដល់អនុសាសន៍ចំនួន៦ចំណុចសំខាន់ដល់ ប្រធានសមាគមសិល្បករខ្មែរដើម្បីដឹកនាំអភិវឌ្ឍវិស័យសិល្បៈឲ្យកាន់តែរីកចម្រើនដោយអនុសាសន៍ទាំង៦ចំណុចមានដូចខាងក្រោមនេះ៖

H7

ទី១៖ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ធ្វើយ៉ាងណាពង្រីកវិសាលភាពបន្ថែមទៀត តាមរយៈការប្រមូលសិល្បករដែលមិនទាន់បានចុះឈ្មោះជាសមាជិក ឱ្យក្លាយជាសមាជិក ដើម្បីងាយស្រួលបានដឹងពីសុខទុក្ខ និងធ្វើការជាមួយគ្នាបានល្អ ជាពិសេសអាចជួយគ្នាទៅវិញទៅមកបាន។ 
ទី២៖ បន្តចូលរួមលើកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ជាពិសេសការថែរក្សា និងអភរិក្សចំពោះទម្រង់សិល្បៈវប្បធម៌ ដែលកំពុងមានការប្រឈម តាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតីនាពេលកន្លងមក ដោយខិតខំអភិរក្សធនធានទាំងនោះឡើងវិញ។ 


ទី៣៖ លោកជំទាវក៏បានស្នើសុំឱ្យសមាគមធ្វើយ៉ាងណា គិតគួរដល់អ្នកជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ព្រោះថាសិល្បករ-សិល្បការិនី ជំនាន់មុនមានវ័យកាន់តែចាស់ទៅហើយ។ ក្នុងនោះមានទម្រង់សិល្បៈមួយចំនួនកាន់តែខ្សត់អ្នកចង់រៀនសូត្របន្តវេន។ ដូច្នេះអាចគិតគួរធ្វើយ៉ាងណាឱ្យកូនៗរបស់អ្នកសិល្បករ-សិល្បការិនី ដែលចង់បន្តវេនពីឪពុកម្ដាយរបស់ពួកគាត់។


ទី៤៖ លោកជំទាវបណ្ឌិតបានស្នើដល់សិល្បករ-សិល្បការិនីទាំងអស់ ធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងទេសចរណ៍របស់ជាតិតាមរយៈការស្លៀកពាក់ ដោយផ្សារភ្ជាប់ជាមួយតំបន់ទេសចរណ៍ជាដើម។


ទី៥៖ លោកជំទាវបានស្នើដល់អ្នកសិល្បៈមានការប្រុងប្រយ័ត្ន គួរចៀសវាងការបង្កើតមាតិការណាមិនពិតទៅជារឿងបំពុលសង្គម ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ជាពិសេសរឿងជំនឿសាសនា។ ពោលគឺត្រូវធ្វើជាគំរូសម្រាប់អ្នកគាំទ្រ ក្នុងការផ្សព្វផ្សាយពីសីលធម៌ គុណធម៌ សច្ចធម៌ជាដើម។


ទី៦៖ លោកជំទាវបណ្ឌិតជំទាវបានលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ធ្វើការផ្សារភ្ជាប់ជាមួយវិស័យឯកជន ជាពិសេសវិស័យសិល្បៈបុរាណ ដែលអាចជួយលើកតម្កើង និងជួយដល់ជីវភាពសិល្បករផងដែរ។

ជាចុងបញ្ចប់ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ក៏បានស្វាគមន៍នូវសំណើររបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរជាមួយនឹងសមាគមកាយឫទ្ធិកម្ពុជា ក៏ដូចជាសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការធ្វើការងារសង្គម សិល្បៈវប្បធម៌ និងការងារមនុស្សធម៌រួមគ្នានៅពេលខាងមុខ៕

H3

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia