ជាប់ឬធ្លាក់បាក់ឌុបមិនមែនជាភាពជោគជ័យចុងក្រោយក្នុងជីវិតនោះទេ ទោះមិនបានជោគជ័យជំហានមួយនេះយើងនៅតែអាចជោគជ័យនៅជំហានបន្ទាប់តាមរយៈ ការសង្វាតរៀនសូត្រ ការតស៊ូអត់ធ្មត់ និងការបន្តរៀនសូត្រពេញមួយជីវិត។
ស្របគ្នានេះដែរ ដោយយោងតាមរយៈការលើកឡើងនៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុមួយរូបរបស់កម្ពុជា ធ្លាប់បានឱ្យដឹងថាយុវជនគួរមានជំនាញគោល១ និងជំនាញ៤អមទៀត ទោះជាប្រឡងធ្លាក់ឬជាប់បាក់ឌុបក្តី ដើម្បីមានជីវិតល្អប្រសើរ។
ឧទាហរណ៍ថាប្រសិន យុវជនមានជំនាញគោលណាមួយរួមមានដូចជា ជំនាញវិស្វកម្មសំណង់ស៊ីវិល ជំនាញជួសជុលគ្រឿងយន្តកសិកម្ម ជំនាញគណនេយ្យ ជំនាញគ្រប់គ្រង ជំនាញវិជ្ជសាស្ត្រ ជំនាញគីមីចំណីអាហារ ជាដើម អ្នកក៏គួរតែមានជំនាញល្អបំផុត៤ខាងក្រោមនេះអមផងដែរ ដើម្បីប្រាកដថាយើងអាចមានជំនាញទន់នឹងរកចំណូលបានច្រើន។
១.ជំនាញសហគ្រិនភាព៖ ជាជំនាញដែលមានគំនិតច្នៃប្រឌិត និងបង្កើតនូវគំនិតអាជីវកម្មដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គម។ ដំបូងយុវជនអាចប្រើជំនាញគោលសំរាប់ធ្វើការងារយកប្រាក់ខែចិញ្ចឹមជីវិត និងក្រុមគ្រួសារ និងប្រើជំនាញសហគ្រិនភាពដើម្បីជួយអោយក្រុមហ៊ុនដែលខ្លួនធ្វើការកាន់តែមានភាពរីកចំរើនខ្លាំង។ បន្ទាប់មកអាចនឹងបង្កើតអាជីវកម្មផ្ទាល់ខ្លួនប្រសិនបើមានចំណង់ និងសមត្ថភាពច្បាស់លាស់។
២. ជំនាញគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងវិនិយោគ៖ចាប់ពីពេលនេះតទៅការចេះធ្វើការ ឬប្រកបរបរអាជីវកម្មដើម្បីរកចំណូលចិញ្ចឹមគ្រួសារតែមួយមុខមិនគ្រប់គ្រាន់ទេ គឺទាមទារអោយចេះគ្រប់គ្រងលុយកាក់ និងទ្រព្យសម្បត្តិដែលរកបានដោយលំបាកអោយមានប្រសិទ្ធិភាព។ ជាពិសេសចេះយកប្រាក់ដែលរកបានទៅបង្កើតប្រាក់បន្ថែមតាមរយៈការវិនិយោគដើម្បីសំរួលបន្ទុកដល់ការទ្រទ្រង់ជីវភាពគ្រួសារ និងការអប់រំកូនៗអោយបានល្អ។
៣. ជំនាញប្រាស្រ័យទាក់ទង និងធ្វើការងារជាក្រុម៖ ទោះជាបំពេញការងារជាអ្វីក៏ដោយ ជាសហគ្រិនក៏ដោយ ឬជាអ្នកវិនិយោគក៏ដោយ បុគ្គលគ្រប់រូបគប្បីមានជំនាញប្រាស្រ័យទាក់ទងល្អ និងសមត្ថភាពក្នុងការធ្វើការងារជាក្រុមអោយមានប្រសិទ្ធិភាពខ្ពស់។ បើមិនដូច្នោះទេគឺពុំមានឱកាសទទួលបានជោគជ័យក្នុងការបំពេញការងារឡើយ។
៤.ជំនាញភាសាបរទេស៖ មានជំនាញគោលហើយ យុវជនគួប្បីមានជំនាញឬត្រូវតែអាចប្រើប្រាស់ភាសាបរទេសបាន សម្រាប់បម្រើអោយការសិក្សាស្រាវជ្រាវសុីជម្រៅ លម្អិតនិងទូលំទូលាយ អាចប្រាស្រ័យទាក់ទងក្នុងការងារបានល្អជាពិសេសការពង្រីកទំនាក់ទំនងនិងឱកាស។
គួរជម្រាបផងដែរថា លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ ផ្នែកអចលទ្រព្យ និងជាប្រធានក្រុមប្រឹក្សាភិបាល F.I Vision Capital Plc. ដែលទទួលបាននូវភាពជោគជ័យក្នុងជីវិតតាមរយៈបទពិសោធន៍យ៉ាងក្រាស់ក្រែលរបស់លោកក្នុងការកសាងជីវិតរបស់លោក៕
អត្ថបទដោយ៖ ពីង ជូអេង