ពូកែមែន! ពីបុគ្គលិក IT ប្រាក់ខែខ្ទង់ម៉ឺនដុល្លារ បុរសម្នាក់នេះ ក្លាយជា CEO ហាងប៊ឺហ្គឺ Halal រកចំណូលជាង ៤ លានដុល្លារក្នុងមួយឆ្នាំ
Chan SophonSEPTEMBER 11 202685 views

ជឿជាក់ថា ក្នុងសង្គមបច្ចុប្បន្ន គ្មាននរណាហ៊ានបោះបង់ការងារដែលមានប្រាក់ខែខ្ពស់ ដើម្បីមកចាប់ផ្តើមអាជីវកម្មលក់ម្ហូបអាហារនោះទេ ព្រោះមុខរបរនេះ វាទាមទារហានិភ័យខ្ពស់ និងងាយរងគ្រោះដោយការលក់ខាត ឬលក់មិនដាច់ជាដើម។ ប៉ុន្តែបើងាកមកមើលសាច់រឿងពិត របស់លោក Shazak Contractor អាយុ ៤៤ ឆ្នាំ ជាស្ថាបនិក និងជាអគ្គនាយក (CEO) នៃអាជីវកម្មហាងប៊ឺហ្គឺ Cousins Burger ដែលបច្ចុប្បន្ន អាចរកប្រាក់ចំណូលបានរហូតដល់ទៅជាង ៤ លានដុល្លារក្នុងមួយឆ្នាំៗ ក្រោយលាឈប់ពីការងារ។

 

លោក Shazak បានសម្រេចចិត្តចាកចេញពីការងារផ្នែកបច្ចេកវិទ្យា (IT) ដែលលោកបានធ្វើអស់រយៈពេល ២៤ ឆ្នាំ និងទទួលបានប្រាក់ខែជិត ៣០,០០០០ដុល្លារ ក្នុងមួយឆ្នាំ។ មូលហេតុដែលធ្វើឲ្យលោកសម្រេចចិត្តប្តូរទិសដៅជីវិតបែបនេះ គឺចាប់ផ្ដើមពីការសាកលក់ប៊ឺហ្គឺនៅក្នុង «ពិធីបុណ្យម្ហូបអាហារ (Food Festival)» មួយ។ ពេលនោះ លោកបានរៀបចំសាច់សម្រាប់មនុស្ស ៥០០ នាក់ប៉ុណ្ណោះ ប៉ុន្តែលក់ដាច់ខ្លាំងអស់មុនម៉ោង ៦ ល្ងាចទៅទៀត។ បន្ទាប់ពីឃើញឱកាសល្អបែបនេះ ត្រឹមតែ ៣ ខែក្រោយមក លោកបានសម្រេចចិត្តឈប់ពីការងារ IT ទាំងស្រុង ដើម្បីមកផ្តោតលើការបើកហាងអាហារផ្ទាល់ខ្លួនវិញ។ ដើមទុនដំបូង លោកបានប្រើប្រាស់ប្រាក់សន្សំផ្ទាល់ខ្លួនចំនួន ១៥,០០០ ដុល្លារ ដើម្បីបើកដំណើរការសាខាដំបូង។

 

មូលហេតុចម្បងមួយទៀតដែលជំរុញឲ្យលោកបង្កើត Cousins Burger ឡើង គឺដោយសារតែលោកជាអ្នកកាន់សាសនាអ៊ីស្លាម ហើយលោកសង្កេតឃើញថា នៅអាមេរិកអាហារ Halal (អាហារដែលចម្អិនតាមបែបសាសនាអ៊ីស្លាមឲ្យត្រឹមត្រូវ និងអនាម័យ) ហាក់នៅមានកម្រិត និងមិនសូវសម្បូរបែប។ លោក Shazak មិនត្រឹមតែចង់បង្កើតហាងអាហារសម្រាប់ជនជាតិអ៊ិស្លាមប៉ុណ្ណោះទេ តែលោកក៏ចង់បង្កើតម៉ាកសញ្ញាអាហារអាមេរិកាំងមួយ ដែលមានរសជាតិឆ្ងាញ់ និងអាចទាក់ទាញអតិថិជនគ្រប់ជាតិសាសន៍ឲ្យមកញ៉ាំ ដើម្បីភ្ជាប់ទំនាក់ទំនង និងកាត់បន្ថយការរើសអើងផ្សេងៗ។

 

ពីមនុស្សដែលធ្លាប់តែអង្គុយធ្វើការក្នុងអាជីព IT លោក Shazak មានគោលដៅធំធេងចង់ឲ្យ Cousins Burger ក្លាយជាម៉ាកសញ្ញាធំដូចជា In-N-Out Shake Shack ដែរ។ លោកមានផែនការពង្រីកសាខា ឲ្យគ្របដណ្តប់ពេញសហរដ្ឋអាមេរិក ហើយគ្រោងពង្រីកទៅកាន់ប្រទេសកាណាដា តំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប នៅក្នុងពេលខាងមុខ។ បច្ចុប្បន្ន Cousins Burger មិនត្រឹមតែលក់ Smashburger ផ្លូវការដំបូងគេនៅ Philadelphia ប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកអាជីវកម្ម បង្កើតប៊្រេនបន្ថែមដូចជា សាច់អាំងបែប Texas និង Cousins Pizza និងមានប្រមាណ ៨ សាខា កំពុងប្រតិបត្តិការនៅក្នុងរដ្ឋចំនួន ៣ ផងដែរ។ លោក Shazak នៅតែរក្សាភាគហ៊ុនច្រើនជាងគេនៅក្នុងដៃ ដោយមានដៃគូស្ងៀមស្ងាត់ ចែកភាគហ៊ុនត្រឹមតែ ១០% ប៉ុណ្ណោះ។ ការធ្វើបែបនេះជួយឲ្យរូបលោកមានអំណាចពេញលេញ ក្នុងការសម្រេចចិត្ត និងតម្រង់ទិសដៅអាជីវកម្មឲ្យត្រូវតាមចក្ខុវិស័យរបស់ខ្លួន។

 

សរុបមក សាច់រឿងរបស់លោក Shazak Contractor គឺជាគំរូ និងជាប្រភពកម្លាំងចិត្តយ៉ាងខ្លាំងសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្ម។ វាបង្ហាញឲ្យឃើញថា ការហ៊ានចាកចេញពី តំបន់សុខស្រួល បូករួមទាំងការមើលឃើញឱកាសទីផ្សារច្បាស់លាស់ និងការប្រឹងប្រែងធ្វើការយ៉ាងសកម្ម អាចប្រែក្លាយគំនិតតូចមួយឲ្យទៅជាអាជីវកម្មលំដាប់លានដុល្លារបានយ៉ាងពិតប្រាកដ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia