ផ្ទះគឺជាជម្រាបដ៏សំខាន់សម្រាប់ការរស់នៅ ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ យ៉ាងណាការទិញផ្ទះមិនមែនជារឿងងាយស្រួលទេ ប្រសិនបើកអ្នកមានជីវភាពខ្សត់ខ្សោយ ព្រោះផ្ទះមួយៗគឺមានតម្លៃថ្លៃ។ ប៉ុន្ដែយ៉ាងណាសម្រាប់អ្នកដែលមានគោលដៅថាចង់បានវា ប្រាដកណាស់និងខិតខំប្រឹងរកចំណូល និងខិតខំសន្សំប្រាក់ដើម្បីទិញ។
ហើយថ្ងៃនេះដែរ យើងនឹងនាំប្រិយមិត្ដមិកដឹងទម្លាប់ពេលយប់ (ឬទម្លាប់ប្រចាំថ្ងៃ) ដែលផ្តោតលើការគ្រប់គ្រងចំណូលចំណាយ និងការសន្សំ ដែលអាចជួយឲ្យអ្នកសល់លុយសម្រាប់ទិញផ្ទះក្នុងពេលអនាគត។ ដោយទម្លាប់ទាំងនោះរួមមាន៖
១. រៀបចំ និងពិនិត្យមើលថវិកាជាប្រចាំ
- កត់ត្រាការចំណាយ៖ មុនចូលគេង ចំណាយពេលពីរបីនាទីកត់ត្រា និងពិនិត្យមើលរាល់ការចំណាយទាំងអស់ក្នុងថ្ងៃនោះ។ ការធ្វើបែបនេះនឹងជួយអ្នកឲ្យដឹងថាលុយទៅណាខ្លះ ហើយអាចកាត់បន្ថយការចំណាយមិនចាំបាច់នៅថ្ងៃបន្ទាប់។ ឧទាហរណ៍៖ រាល់ការចំណាយទាំងអស់ មិនថាតិចឬច្រើន (ថ្លៃកាហ្វេ ថ្លៃដឹកជញ្ជូន ថ្លៃអាហារ...) ត្រូវតែកត់ត្រាទុកក្នុងសៀវភៅ ឬកម្មវិធី (App) លើទូរស័ព្ទ។
- តាមដានការសន្សំ៖ ពិនិត្យមើលថាតើអ្នកបានបំពេញគោលដៅសន្សំប្រចាំថ្ងៃ/ប្រចាំសប្តាហ៍របស់អ្នកហើយឬនៅ។
ត្រង់ចំណុចនេះដែរ អ្នកអាចសាកល្បងប្រើរូបមន្តដូចជា 50/30/20 គឺ 50% សម្រាប់តម្រូវការចាំបាច់ 30% សម្រាប់ចំណង់ ឬបំណងប្រាថ្នាដែលចង់បាន និង 20% ទៀតសម្រាប់ការសន្សំ ។
២. កាត់បន្ថយការចំណាយមិនចាំបាច់៖ ការចំណាយលើរបស់មិនចាំបាច់ គឺជាការចាយខុសគោលដៅដែលពិបាកឲ្យយើងនៅសល់ប្រាក់កាក់ណាស់។ ដូច្នេះនៅពេលចង់ទិញអ្វីមួយ ទុកពេលគិតពី ២៤ ទៅ ៤៨ ម៉ោង ដើម្បីប្រាកដថាវាជាតម្រូវការចាំបាច់មែនឬអត់។ មុនទិញអ្វីមួយ ត្រូវស៊ើបសួរតម្លៃតាមទីផ្សារ ឬហាងជាច្រើនដើម្បីរកតម្លៃល្អបំផុត។ ទិញរបស់ដែលប្រើបានយូរ ទោះថ្លៃបន្តិចក៏ដោយ ដើម្បីកុំឲ្យចាយលុយទិញដដែលៗ។
៣. រៀបចំផែនការសន្សំសម្រាប់ថ្ងៃស្អែក
- រៀបចំម្ហូបអាហារ៖ រៀបចំអាហារថ្ងៃត្រង់ ឬអាហារសម្រន់សម្រាប់យកទៅធ្វើការនៅថ្ងៃស្អែក ដើម្បីចៀសវាងការទិញបាយ/កាហ្វេពីក្រៅនៅពេលថ្ងៃ ដែលអាចចំណាយច្រើន។
- រៀបចំសម្លៀកបំពាក់ និងសម្ភារៈ: រៀបចំសម្លៀកបំពាក់ និងសម្ភារៈការងារទុកជាមុន ចៀសវាងការចំណាយពេលវេលាច្រើននៅពេលព្រឹក និងកាត់បន្ថយការសម្រេចចិត្តទិញអ្វីដែលមិនចាំបាច់ដោយសារប្រញាប់។
៤. ចៀសវាងការទិញទំនិញពេលយប់៖ ពេលយប់គឺជាពេលវេលាដែលងាយនឹងសម្រេចចិត្តទិញរបស់របរតាមអនឡាញដោយមិនបានគិតច្បាស់លាស់។ ព្យាយាមកំណត់ម៉ោងរុករកទំនិញនៅលើអនឡាញ ឬរង់ចាំ ២៤ ម៉ោងមុនសម្រេចចិត្តទិញអ្វីមួយដែលមិនចាំបាច់។ កាត់បន្ថយការញ៉ាំអាហារក្រៅ ឬកុម្ម៉ង់ (Delivery) ដែលមានតម្លៃថ្លៃ បើអាចសូមខ្ចប់អាហារទៅកន្លែងធ្វើការជំនួសការទិញនៅខាងក្រៅ។
៥. ឆ្លៀតរកចំណូលបន្ថែម៖ ត្រង់ចំណុចនេះ ប្រសិនបើមានពេលវេលា និងលទ្ធភាព អ្នកអាចឆ្លៀតធ្វើការងារបន្ថែមនៅពេលល្ងាច ឬយប់ តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើនប្រាក់ចំណូលសន្សំសម្រាប់ទិញផ្ទះ។ ជាក់ស្ដែងដូច៖ ការងារគ្រប់គ្រង Instagram, Facebook, TikTok ឲ្យឲ្យម្ចាស់អាជីវកម្ម, ការលក់ផលិតផលតាមអនឡាញ, កាត់តវីដេអូសម្រាប់ YouTube, TikTok, Facebook ឬស្ថាប័ននានា, បង្រៀនភាសា ជំនាញ ឬមុខវិជ្ជាបន្ថែមតាមរយៈកម្មវិធីអនឡាញ ឬបង្កើតវគ្គសិក្សាអនឡាញជាដើម។ ព្រោះបច្ចុប្បន្នការងារជា Freelance អនឡាញ កំពុងពេញនិយម ដោយសារមានភាពបត់បែនខ្ពស់ និងមិនតម្រូវឲ្យទៅធ្វើការដល់ការិយាល័យឡើយ។
៦. ផ្ទេរប្រាក់សន្សំដោយស្វ័យប្រវត្តិ៖ បើទោះជាមិនមែនជាទម្លាប់ពេលយប់ក៏ដោយ ក៏ការកំណត់ឲ្យធនាគារកាត់ប្រាក់ទៅដាក់ក្នុងគណនីសន្សំដោយស្វ័យប្រវត្តិនៅពេលបើកប្រាក់បៀវត្សរ៍ ឬប្រាក់ខែ គឺជាយុទ្ធសាស្ត្រសំខាន់បំផុតដើម្បីធានាថាអ្នកសល់លុយសន្សំបានទៀងទាត់។
យ៉ាណា គន្លឹះសំខាន់ក្នុងការអនុវត្តទម្លាប់ទាំងនេះឲ្យបានជាប់លាប់ គឺត្រូវមានវិន័យលើខ្លួនឯង។ ហើយក្នុងនោះគ្រប់ការសន្សំតូចតាចទាំងអស់ក៏នឹងជួយឲ្យទ្រព្យរបស់អ្នកកើនឡើងចំនួនច្រើន តាមដែលអ្នកបានកំណត់ផងដែរ៕