Grab តម្លៃខ្លួនជាង១១ពាន់លាន$ល្បីខ្លាំងនៅអាស៊ី តើស្ថាបនិកក្រុមហ៊ុនជាអ្នកណា មានទ្រព្យប៉ុន្មាន?
ឡុង វឌ្ឍនៈSEPTEMBER 6 2022417 views

ក្រុមហ៊ុន Grab Holdings Inc ត្រូវបានគេស្គាល់ជាទូទៅថា Grab គឺជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់ប្រទេសសិង្ហបុរី ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវការដឹកជញ្ជូន ការចែកចាយអាហារ និងសេវាកម្មទូទាត់ប្រាក់ឌីជីថលតាមរយៈកម្មវិធីទូរស័ព្ទ។ បច្ចុប្បន្ន Grab មានប្រតិបត្តិការនៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។ វា​គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​មួយក្នុង​តំបន់​របស់​អាស៊ីអាគ្នេយ៍។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ Grab Holdings Inc មានតម្លៃខ្លួន ១១.៣៦ពាន់លានដុល្លាអាមេរិក។

ថ្វីត្បិតតែម៉ាកសញ្ញាក្រុមហ៊ុននេះល្បីខ្លាំងនៅអាស៊ី រួមទាំងប្រទេសកម្ពុជា ប៉ុន្តែបើនិយាយអំពីស្ថាបនិកក្រុមហ៊ុននេះ មិនទាន់មានអ្នកស្គាល់ច្រើននៅឡើយនោះទេ។

ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយយុវជន២រូបគឺ លោក Anthony Tan ដែលជាជនជាតិសិង្ហបុរី បច្ចុប្បន្នលោកមានវ័យ ៤០ឆ្នាំ ដែលធ្លាប់បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យហាវ៉ាដ និងបរិញ្ញាបត្រសិល្បៈ/វិទ្យាសាស្ត្រ ពីសាកលវិទ្យាល័យឈីកាហ្គោ។ កាលពីឆ្នាំ២០២១ លោកត្រូវបានទស្សនាវដ្តី Forbes ចាត់ចូលជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតលេខរៀងទី៤៧នៅសិង្ហបុរី ជាមួយទ្រព្យសរុប ៧៩០លានដុល្លារ។ ពេលចាប់ផ្ដើមដំបូង គ្រួសាររបស់លោកមិនយល់ និងមិនសូវគាំទ្រដំណើរផ្សងព្រេងរបស់លោកក្នុងការធ្វើជំនួញនេះនោះទេ ហើយលោកក៏បានចែករំលែកថា វាពិបាកសម្រាប់គ្រួសាររបស់ខ្ញុំ ក្នុងការយល់ពីអ្វីដែលខ្ញុំនឹងធ្វើ ហើយខ្ញុំក៏មិនបន្ទោសពួកគាត់ដែរ។ ប៉ុន្តែមុននឹងចាប់ផ្តើមដំណើរនេះ អ្នកត្រូវដឹងថា សម្រាប់ការចាប់ផ្ដើមអាជីវកម្ម ប្រសិនបើអ្នកចង់ឈ្នះ និងរីកចម្រើនយ៉ាងឆាប់រហ័ស អ្នកត្រូវតែលះបង់អ្វីៗផ្ទាល់ខ្លួនឱ្យបានច្រើន”។

រីឯសហស្ថាបនិកមួយរូបទៀតជាដៃគូលោកគឺ យុវតី Tan Hooi Ling ដែលមានដើមកំណើតជាជនជាតិម៉ាឡេស៊ី។ Tan បានចូលរៀននៅសកលវិទ្យាល័យ Bath ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៦ ជាមួយនឹងបរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិច។ ក្រោយមកនាងបានបញ្ចប់ការសិក្សាពីសាលាធុរកិច្ច Harvard ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មក្នុងឆ្នាំ ២០១១។ ក្នុងឆ្នាំ២០២១ Tan Hooi Ling មានទ្រព្យសម្បត្តិប្រមាណ ២២៤លានដុល្លារ។

សម្រាប់ជាទស្សនៈរបស់ស្ត្រីជំនួញរូបនេះគឺ “គួរតែស្វែងរកអ្នកផ្ដល់ដំបូន្មានល្អៗ អ្នកណែនាំ និងក្រុមការងារ ដើម្បីពិភាក្សាគំនិតរបស់អ្នក​ឬដោះស្រាយបញ្ហាជាមួយគ្នា។ វាពិតជាសំខាន់ដែលអ្នកត្រូវចេះបើកចិត្តស្ដាប់ពួកគាត់ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវតែយល់ស្របជាមួយគាត់គ្រប់យ៉ាងនោះដែរ តែចាំបាច់ត្រូវតែបន្តបើកចិត្តរៀនពីអ្នកជុំវិញខ្លួនឱ្យបានច្រើនជានិច្ច”៕

 អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia