ដំណឹងល្អ! នេះចំនួនទឹកប្រាក់ ដែលរដ្ឋាភិបាលនឹងឧបត្ថម្ភដល់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារក្រោម ២ឆ្នាំ
Pov SaruMARCH 17 20262 K views

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយគាំពារសង្គមបន្ថែមទៀត តាមរយៈការចេញប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ។ គោលនយោបាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាពមាតា និងទារក ឱ្យកាន់តែមានភាពល្អប្រសើរ ចាប់តាំងពីដំណាក់កាលកកើតក្នុងផ្ទៃ រហូតដល់កុមារមានអាយុ ២ ឆ្នាំ។ កម្មវិធីនេះត្រូវបានបែងចែកជា ៣ ដំណាក់កាលសំខាន់ៗដូចជា៖


 
ដំណាក់កាលទី ១៖ រដ្ឋនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៨០,០០០ (ប្រាំបីម៉ឺន)រៀលក្នុងមួយលើក សម្រាប់ការទៅពិនិត្យផ្ទៃ ពោះតាមកាលកំណត់ ដែលការផ្តល់ជូននេះមានអតិបរមាចំនួន ៤ លើកមុនពេលសម្រាលកូន។ 

 

ដំណាក់កាលទី ២៖ ជាការផ្តល់ប្រាក់ឧបត្ថម្ភនៅពេលសម្រាលកូនតាមកាលកំណត់ដូចជា៖ 
- សម្រាលបានកូនម្នាក់ ទទួលបាន ៨០០,០០០ (ប្រាំបីសែន) រៀល។ 
- សម្រាលបានកូនភ្លោះពីរ ទទួលបាន ១,២០០,០០០ (មួយលានពីរសែន) រៀល។ 
- សម្រាលបានកូនភ្លោះបី ទទួលបាន ១,៦០០,០០០ (មួយលានប្រាំមួយសែន) រៀល។


ដំណាក់កាលទី ៣៖ ផ្តល់ការឧបត្ថម្ភចំនួន ៨០ ០០០ (ប្រាំបីម៉ឺន) រៀល ក្នុង ១ លើក ដែលផ្តល់ជា អតិបរមាចំនួន ១០ លើក ក្នុងនោះ ៣ លើក នៅពេលមកទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាលកូន និង ៧លើកនៅពេលយកកូនមកទទួលថ្នាំបង្ការរហូតដល់អាយុ ២ឆ្នាំ។

 

 ក្នុងករណីរលូតកូន ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ត្រូវផ្ដល់ជូនតាមការកំណត់ដូចខាងក្រោម៖

 - ៨០ ០០០ (ប្រាំបីម៉ឺន)រៀល ចំនួន ១លើក ករណីគភ៌មានអាយុក្រោម ១២សប្ដាហ៍ 
 - ៨០ ០០០ (ប្រាំបីម៉ឺន)រៀល ចំនួន ១លើក និងផ្ដល់ជូនជាអតិបរមាមានចំនួន ២លើក ករណីគភ៌មានអាយុពី  ១២សប្តាហ៍ ដល់ ២៤សប្ដាហ៍ ដោយលើកទី២ ផ្តល់ជូនសម្រាប់ ការមកពិនិត្យសុខភាពក្រោយរលូត។

 

ករណីកូនស្លាប់ពេលសម្រាល ឬក្រោយពេលសម្រាល ប្រាក់ឧបត្ថម្ភត្រូវបន្តផ្ដល់ជូនដូចខាងក្រោម៖ 

  - សម្រាលកូនទោល ១  ទទួលបាន ៨០០ ០០០ (ប្រាំបីសែន)រៀល 
  - សម្រាលកូនភ្លោះ ២ ទទួលបាន ១ ២០០ ០០០ (មួយលានពីរសែន)រៀល 
  - សម្រាលកូនភ្លោះ ៣ ទទួលបាន ១ ៦០០ ០០០ (មួយលានប្រាំមួយសែន)រៀល 
  - ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៨០ ០០០ (ប្រាំបីម៉ឺន)រៀល ក្នុង ១លើក និងផ្ដល់ជូនជាអតិបរមា ចំនួន ៣លើកនៅពេលម្ដាយមកទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាល។

 
ក្នុងករណីម្ដាយស្លាប់នៅពេលសម្រាល ប្រាក់ឧបត្ថម្ភត្រូវបន្តផ្ដល់ជូនអ្នកតំណាងស្របច្បាប់ ឬអ្នកដែលនាំកូនមកទទួលសេវា៖

  - សម្រាលកូនទោល ១ ទទួលបាន ៨០០ ០០០ (ប្រាំបីសែន)រៀល
  - សម្រាលកូនភ្លោះ ២ ទទួលបាន ១ ២០០ ០០០ (មួយលានពីរសែន)រៀល 
  - សម្រាលកូនភ្លោះ ៣ ទទួលបាន ១ ៦០០ ០០០ (មួយលានប្រាំមួយសែន)រៀល
  - ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៨០ ០០០ (ប្រាំបីម៉ឺន)រៀល ក្នុង ១លើក និងផ្ដល់ជូនជាអតិបរមា ចំនួន ១០លើក នៅពេលយកកូនមកទទួលសេវាថែទាំសុខភាពរហូតដល់កូនអាយុ ២ ឆ្នាំ។


 
ចំពោះនីតិវិធីនៃការបើកផ្តល់ គឺស្ថិតក្រោមការទទួលខុសត្រូវផ្ទាល់របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាប្រតិបត្តិករក្នុងការគ្រប់គ្រង និងចាត់ចែងថវិកា។ រាល់ការផ្តល់ប្រាក់ឧបត្ថម្ភទាំងអស់ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធធនាគារដែលជាដៃគូសហការ ដើម្បីធានានូវតម្លាភាព និងភាពងាយស្រួលដល់សមាជិកក្នុងការទទួលប្រាក់។ តាមរយៈប្រកាសអន្តរក្រសួងនេះ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភថ្មីត្រូវបានកំណត់ឱ្យចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ តទៅ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia