រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលរាជរដ្ឋាភិបាលធ្លាប់បានផ្តល់ជូនជាច្រើនឆ្នាំកន្លងមក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ សម្រាប់សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ ឆ្នាំទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ ២០២៨។ នេះបើតាមការបញ្ជាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា។ បន្ថែមពីនេះសម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់សមាគម ក៏ដូចជាបណ្តាក្រុមហ៊ុន, រោងចក្រ និង សហគ្រាសឯកជន ថា ដើម្បីធានាបានភាពប្រកួតប្រជែង និងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ចំពោះផលិតផលរបស់ខ្លួន, អ្នកផលិតត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាបាននូវគុណភាពល្អ ជាមួយតម្លៃសមរម្យ។
ជាមួយគ្នានោះដែរ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បន្តពិនិត្យ និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីបម្រើដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតីបានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលនឹងបន្តជួយជ្រោមជ្រែង និងគាំទ្រដល់ភាពជោគជ័យរបស់វិស័យឯកជន ព្រមទាំងបានចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលមានជំនឿទុកចិត្ត និងបន្តពង្រីកការបោះទុនវិនិយោគនៅកម្ពុជា៕


