ក្រុមហ៊ុន China Minsheng Stone Industry Group មកពីទីក្រុងស៊ាមិន សាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញពីបំណងបណ្តាក់ទុនវិនិយោគកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា។
ជាក់ស្តែងកាលពីថ្មីៗនេះ ឯកឧត្តម ជា វុទ្ធី និងសហការីបានទទួលជួបពិភាក្សាការងារជាមួយលោក ម៉ាយ ជាំងទ្បុង (Mai Jianglong) អនុប្រធានក្រុមហ៊ុន China Minsheng Stone Industry Group មកពីទីក្រុងស៊ាមិន សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជាដែលពោរពេញដោយភាពអំណោយផល ពិសេស របបលើកទឹកចិត្តវិនិយោគ និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបានបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង និងកាន់តែមានភាពទាក់ទាញ។
គួរបញ្ជាក់ថា ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ និងបានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យអស់សមត្ថភាពដើម្បីចូលរួមបង្កើតតម្លៃបន្ថែម៕